ភ្នំពេញៈ និយតករ​មូលបត្រ​កម្ពុជា​ (SERC) ​ដែលជា​និយតករ​វ័យក្មេង​នៅ​តំបន់​អាស៊ាន​រួមជាមួយ​និយតករ​ទីផ្សារ​មូលធន​អាស៊ាន ៩​ ផ្សេង​ទៀត​បាន​អនុម័ត​ផែនការ​សកម្មភាព​រយៈពេល​ ៥ ​ឆ្នាំ​ (​ឆ្នាំ​ ២០២១-២០២៥)​ សម្រាប់​ការអភិវឌ្ឍ​វិស័យនេះ​ដោយ​ធ្វើយ៉ាងណា​កៀរគរ​លំហូរ​មូលធន​សម្រាប់​យកទៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​។

ផែនការ​សកម្មភាព​នេះ​ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី​ ១៥ ខែមីនា ក្នុងអំឡុង​កិច្ចប្រជុំ​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន (ACMF) ​លើក​ទី​ ៣៤ ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ និង​មាន​និយតករ​ប្រទេស​ប្រ៊ុយណេ​ជា​ម្ចាស់ផ្ទះ​។ ផែនការ​សកម្មភាព​នេះ​រៀបចំ​ឡើង​តាម​ផែនការ​សកម្មភាព ACMF ឆ្នាំ​ ២០១៦-២០២០ ហើយ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ការចូលរួម​មតិ​ពី​អ្នកចូលរួម​ក្នុង​ទីផ្សារ​មូលធន និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ធានាថា ផែនការ​សកម្មភាព​នេះ​មាន​លក្ខណៈ​បរិយាប័ន្ន និង​មាន​ភាព​ពាក់ព័ន្ធ​នឹង​ភាពប្រក្រតី​ថ្មី​។ ផែនការ​សកម្មភាព​នេះ​ផងដែរ​នឹងត្រូវ​ដាក់ជូន​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​អាស៊ាន​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងខែ​មីនា ឆ្នាំ​ ២០២១ ដើម្បី​អនុម័ត​ចុងក្រោយ​។

ដើម្បី​សម្រេចបាន​ចក្ខុវិស័យ ACMF ២០២៥ ផែនការ​សកម្មភាព​នេះ​បានដាក់​ចេញ​ទិសដៅ​យុទ្ធសាស្ដ្រ​ចំនួន ៣ ដូចជា ជំរុញ​កំណើន និង​ការស្ទុះ​ងើបឡើង​វិញ​ប្រកប​ដោយ​និរន្តរភាព លើក​កម្ពស់ និង​ទ្រទ្រង់​បរិយាប័ន្ន និង​ពង្រឹង ការរក្សា​សណ្ដាប់ធ្នាប់ និង​ភាពធន់​។ ​នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ​បន្ទាប់ពី​កិច្ចប្រជុំ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​បន្តថា មាន​អាទិភាព​ដែល​គាំទ្រ​គោលដៅ​យុទ្ធសាស្ដ្រ ៥ ​ចំណុច នឹង​លើកកម្ពស់​កម្រិត​តម្លាភាព និង​ឯកសារ​ផ្ដល់​ព័ត៌មាន​បន្ត​ធ្វើ​សុខដុម​នីយកម្ម​បទប្បញ្ញត្តិ បង្កើន​ការកសាង​សមត្ថភាព ពង្រីក​ការប្រាស្រ័យ​ទាក់ទង និង​ការយល់ដឹង និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​។

លោក ស៊ូ សុជាតិ ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ ​កាលពី​ថ្ងៃទី​ ១៦ ខែមីនា​ថា ACMF ផ្ដល់ឱកាស​ដ៏ធំ​សម្រាប់​ប្រទេស​កម្ពុជា ដែល​ជា​និយតករ​វ័យក្មេង​នៅក្នុង​ប្លុក​នេះ ដើម្បី​រៀនសូត្រ​ពី​និយតករ​ផ្សេងទៀត និង​ក៏មាន​ឱកាស​ក្នុងការ​ផ្លាស់ប្តូរ​ចំណេះដឹង​ព្រមទាំង​ក្នុង​ការបណ្ដុះបណ្ដាល​អ្នកជំនាញ​ក្នុងស្រុក​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​បានអនុម័ត​រួមគ្នា​លើ​ផែនការ​សកម្មភាព​ឆ្នាំ​ ២០២១-២០២៥ ហើយ​យើង​នឹង​ធ្វើ​ជា​ប្រធាន​នៃ​វេទិកា ACMF នេះ​នៅ​ឆ្នាំក្រោយ​។ វេទិកា​នេះ​ផ្ដល់​ដល់​ពួកយើង​នូវ​ឱកាស និង​បទពិសោធ​ពី​ដៃគូ​អាស៊ាន​របស់​យើង​ក្នុង​ការចែករំលែក​ចំណេះដឹង​អំពី​ទីផ្សារ​មូលធន ហើយ​យើង​ក៏​អាចមាន​លទ្ធភាព​ក្នុង​ការបណ្ដុះបណ្ដាល​មន្ដ្រីជំនាញ​របស់​យើង​ផងដែរ​»​។

លោក Jong Weon Ha អនុប្រធាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១២ ឱ្យដឹងថា ការអនុម័ត​ផែនការ​សកម្មភាព ACMF ២០២១-២០២៥ មាន​សារៈសំខាន់​ខ្លាំង ដោយសារ​តែ​វា​បញ្ជាក់​ពី​ទិសដៅ​រួម និង​ជា​ផែនការ​យុទ្ធសាស្ដ្រ​ដ៏សំខាន់​សម្រាប់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ក្នុង​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​ប្រកបដោយ​និរន្តរភាព​។

លោក​លើកឡើងថា​៖ «ACMF ក៏មាន​តួនាទី​ដ៏សំខាន់​ផ្សេងទៀត​ក្នុង​ការធ្វើ​សមាហរណកម្ម​ទីផ្សារ​មូលធន​អាស៊ាន​តាមរយៈ​គំនិត​ផ្តួចផ្ដើម​ផ្សេងៗ ដូចជា ការបង្ហាញ​ពីទ្រព្យសកម្ម​អាស៊ាន ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន វេទិកា​ពាណិជ្ជកម្ម​អនឡាញ​អាស៊ាន និង​សុខុដុម​នីយកម្ម​បទប្បញ្ញត្តិ​ជាដើម​»​។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​នេះ និយតករ​អាស៊ាន​ទាំងអស់​ប្ដេជ្ញា​ថា នឹង​បន្ត​កត់សម្គាល់​ពី​ការបន្ត​ជំរុញ​នៃ​គំនិត​ផ្តួចផ្ដើម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព​របស់ ACMF ដូចជា ស្ដង់ដា​សញ្ញា​បណ្ណ​បៃតង​អាស៊ាន ស្ដង់ដា​សញ្ញា​បណ្ណ​លក្ខណៈ​សង្គម និង​ស្ដង់ដា​សញ្ញា​បណ្ណ​និរន្តរភាព​អាស៊ាន​។ ចាប់​តាំងពី​ឆ្នាំ ​២០១៧ រហូតដល់​ដំណាច់​ឆ្នាំ​ ២០២០ សញ្ញា​បណ្ណ​សរុប​មាន​ចំនួន ៨,៣៥ ​ពាន់​លាន​ដុល្លារ​ដែល​មាន​ស្លាក​យោងតាម​ស្ដង់ដា​ទាំងនេះ​ត្រូវ​បាន​បោះផ្សាយ​។

លោក ស៊ូ សុជាតិ ឱ្យ​ដឹងថា កម្ពុជា​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​ការអភិវឌ្ឍ​ទីផ្សារ​របស់ខ្លួន​ស្រប​ជាមួយ​នឹង​ក្របខ័ណ្ឌ​តំបន់​។

លោក​បាន​ថ្លែងថា​៖ «​យើង​នៅមាន​ការប្រឈម​នឹង​បញ្ហា​មួយចំនួន ឧទាហរណ៍ ការចេញផ្សាយ​សញ្ញា​បណ្ណ​ឆ្លងកាត់​ព្រំដែន ដែល​យើង​មិនអាច​ធ្វើ​វា​បានទេ ដោយសារ​តែ​ភាគច្រើន​យើង​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ទីផ្សារ​ក្នុង​ស្រុក​ជាមុន ហើយ​ទី​ ២ ការចេញផ្សាយ​សញ្ញាបណ្ណ​បៃតង ទោះបី​យើង​បាន​ចេញ​សញ្ញាបណ្ណ​រួចហើយ​ក៏ដោយ ប៉ុន្តែ​យើង​មិន​បានចេញ​សញ្ញាបណ្ណ​បៃតង​នោះទេ ប៉ុន្តែ​វា​ស្ថិត​នៅ​ក្នុង​ផែនការ​របស់​យើង​»​។ លោក​បន្ថែម​ទៀត​ថា​៖ «​ទោះបី​ជា​ផែនការ​សកម្មភាព​មួយចំនួន​ដែល​យើង​មិនបាន​អនុវត្ត​ក៏ដោយ ក៏​យើង​នឹង​ធ្វើ​វា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​»​។

ទិន្នន័យ CSX បង្ហាញថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ ១៣ ​ចុះបញ្ជី​នៅលើ​ផ្សារហ៊ុន ក្នុង​នោះ​ក្រុមហ៊ុន​ ៧ ​ចុះបញ្ជី​ភាគហ៊ុន និង​ក្រុមហ៊ុន ៦ ​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​៕ LA