ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅណែនាំស្តីអំពីកម្មវិធី ប្រឆាំងអំពើពុករលួយ សម្រាប់ធុរកិច្ចនៅកម្ពុជាដើម្បីលុបបំបាត់គ្រប់ទម្រង់អំពើពុករលួយ និងការផ្ដល់ប្រាក់លើកទឹកចិត្តក្រៅផ្លូវការរវាងវិស័យសាធារណៈ និងវិស័យឯកជន និងដើម្បីធានាឲ្យមានបរិយាកាសពាណិជ្ជកម្មប្រកួតប្រជែងដោយសេរី និងយុត្តិធម៌នៅក្នុងកម្ពុជា។
សៀវភៅណែនាំស្តីពីកម្មវិធីប្រឆាំងអំពើពុករលួយសម្រាប់ធុរកិច្ចនៅកម្ពុជាដែលចេញផ្សាយជាផ្លូវការណ៍នេះបានឆ្លងកាត់ការពិភាក្សាជាមួយវិស័យឯកជនអស់រយៈពេលជាងមួយឆ្នាំរួចមកហើយ។ សៀវភៅនេះនឹងត្រូវបាន ចែកជូនដល់ ក្រុមហ៊ុនអាជីវកម្មកម្ពុជាក្នុងពេលឆាប់ៗនេះ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃអង្គារ សប្តាហ៍មុន។
សៀវភៅដែលមានកម្រាស់ជិត៨០ទំព័រនេះ ត្រូវបានបែងចែកជាបីផ្នែក ដែលរៀបរាប់អំពីអ្វីទៅជាអំពើពុករលួយ? ភាពប្រឈមរបស់វិស័យឯកជនក្នុងការពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ការកសាងប្រព័ន្ធប្រឆាំងអំពើពុករលួយផ្ទៃក្នុងសម្រាប់វិស័យឯកជន និងទោសទណ្ឌ ប្រសិនបើរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា (FASMEC) បាននិយាយកាលពីម្សិលមិញថា៖«សៀវភៅណែនាំនេះបានផ្តល់នូវព័ត៌មានគ្រប់គ្រាន់អំពីអំពើពុករលួយ តែវាមិនបាននិយាយពីថាតើក្រុមហ៊ុនអាចធ្វើការការពារខ្លួនពីការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។ ឧទាហរណ៍យន្តការបទប្បញ្ញត្តិក្នុងការការពារអាជីវកម្មនៅពេលដែលប្រឈមមុខជាមួយក្រុមមន្រ្តីនៅពេលដែលស្វែងរកសេវាសាធារណៈ»។
លោកបន្ថែមថា រដ្ឋាភិបាលគួរតែបង្កភាពងាយស្រួលក្នុងការកាត់បន្ថយការិយាធិបតេយ្យ និងក្នុងស្ថាប័នសាធារណៈសម្រាប់ការចុះបញ្ជីអាជីវកម្ម ឬនីតិវិធី ឧទាហរណ៍ការនាំចេញខ្នាតតូច និងមធ្យមអាចដំណើរការបានដូច្នេះធុរជននឹងអាចដឹងពីដំណើរការដែលពួកគេត្រូវឆ្លងកាត់ ដោយមិនមានការបង់ប្រាក់សំណូកសម្រាប់សេវាកម្មបន្ថែមទៀតដែលពួកគេមិនបានដឹង។
សមត្ថភាពសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានៅមានកម្រិតនៅឡើយពាក់ព័ន្ធនឹងចំណេះដឹង និងបទប្បញ្ញាតិ្តផ្សេងៗដែលទាក់ទងនឹងការយកពន្ធ និងប្រព័ន្ធគណនេយ្យ ដែលធ្វើឲ្យពួកគេងាយរងគ្រោះ ពីការទារសំណូកពីមន្ត្រីផ្តល់សេវាសាធារណៈ។ នេះបើយោងតាមការឲ្យដឹងរបស់លោក តាំងប៉។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ស្វាគមន៍ចំពោះការចេញផ្សាយសៀវភៅណែនាំសម្រាប់វិស័យឯកជននេះ។
លោកថ្លែងថា៖ «អាជីវកម្មតូច និងមធ្យមគួរតែចាប់ផ្តើមធ្វើអាជីវកម្មប្រកបដោយតម្លាភាពនិងការសម្របខ្លួនទៅការប្រកបអាជីវកម្មស្អាតស្អំចាប់ពីពេលនេះតទៅ ខណៈកម្ពុជានឹងចូលរួមក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆាប់ៗខាងមុខនេះ»។
លោកបន្ថែមថា ធុរជនមិនអាចអនុវត្តអាជីវកម្មបែបប្រពៃណីបន្តទៀតនោះទេ ហើយគួរតែចាប់ផ្តើមរៀនសូត្រអំពីបទប្បញ្ញត្តិ និងស្ដង់ដារពីពេលនេះតទៅ។
លោកបញ្ជាក់ថា៖ «សៀវភៅណែនាំនេះគឺជាជំហានវិជ្ជមានមួយក្នុងការកែលម្អវិស័យសាធារណៈនិងឯកជនទាំងពីរនៅលើតម្លាភាព។ វាផ្ដល់នូវព័ត៌មានលម្អិតគ្រប់គ្រាន់នៅលើបទប្បញ្ញត្តិ និងយន្តការសម្រាប់អាជីវកម្មដើម្បីការពារខ្លួនពីអំពើពុករលួយ។ វាជាឯកសារមានប្រយោជន៍ ប៉ុន្តែវាត្រូវការផ្សព្វផ្សាយឲ្យទូលំទូលាយដល់អ្នកប្រកបអាជីវកម្មនៅកម្ពុជា ខណៈប្រជាជនកម្ពុជាមិនចូលចិត្តអានច្រើន ដូច្នេះបើអាចផលិតជាស្ពតទូរទស្សន៍ឬវិទ្យុ នឹងជួយផ្សព្វផ្សាយព័ត៌មាននេះ បានឆាប់រហ័ស និងទូលំទូលាយ»។
អំពើពុករលួយជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនស្អាតស្អំមកកម្ពុជា។
លោក ស្រីចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកាលពីខែសីហាកន្លងទៅបានស្វាគមន៍ដល់គំនិតផ្តួចផ្ដើមនេះដោយលើកឡើងថា វានឹងទាក់ទាញវិនិយោគិនកាន់តែច្រើនមកកម្ពុជា បើកម្ពុជា អាចបង្ហាញថា ជាប្រទេសដែលគ្មានអំពើពុករលួយនោះ។
លោកថ្លែងថា៖ «អំពើពុករលួយធ្វើឲ្យវិនិយោគិនមានការស្ទាក់ស្ទើរចូលមកប្រទេសកម្ពុជា។ បញ្ហានេះ [ការប្រឆាំងអំពើពុករលួយ] នឹងជួយលើកទឹកចិត្តពួកគេឲ្យចូលមក កម្ពុជា»។
ទោះជាយ៉ាងណា លោក បញ្ជាក់ថា វាទាមទារការអនុវត្តនិងត្រួតពិនិត្យតឹងរ៉ឹងដើម្បីទទួលបានប្រសិទ្ធភាព៕