ក្រុងម៉ានីលៈ ក្រុម​អ្នក​ជំនាញ​មកពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​ព្រមាន​អំពី​ការរំខាន​ក្នុង​ទីផ្សារ​ការងារ ដោយសារ​បច្ចេកវិទ្យា​ទំនើប​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅក្នុង​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទោះបី​ជា​មន្ដ្រី​ធនាគារ​នេះ​បាន​កត់សម្គាល់​ថា ប្រទេស​កម្ពុជា​មាន​កម្មវិធី​ជាច្រើន​កំពុង​ដំណើរការ ដើម្បី​ជួយ​កាត់បន្ថយ​ផលវិបាក​អវិជ្ជមាន​មួយ​ចំនួន​ក៏ដោយ​។

លោកស្រី Elisabetta Gentile សេដ្ឋវិទូ​នៅ ADB បាន​ថ្លែង​ថា បច្ចេកវិទ្យា​ទំនើប ដូចជា​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​នឹង​តម្រូវ​ឲ្យ​មាន​កម្មករ​មាន​ជំនាញ​ថ្មី ដើម្បី​អាច​ប្រកួត​ប្រជែង​បាន​នៅពេល​អនាគត​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​ត្រូវ​តែ​ជួយ​ [​កម្មករ​ទាំងនោះ​] សម្រាប់​ការផ្លាស់ប្តូរ​នេះ ដើម្បី​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​នេះ​»​។

រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការផ្លាស់ប្តូរ​បែប​នេះ ទោះបី​ជា​វា​នៅ​តែ​ត្រូវ​បាន​មើល​ឃើញ​ថា វិនិយោគ​ដ៏សំខាន់​តម្រូវ​ឲ្យ​រក្សា​កម្លាំង​ពលកម្ម​នៅពេល​ខាង​មុខ​ក៏ដោយ​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​ថា​៖ «​វា​ពិតជា​បញ្ហា​ប្រឈម​មួយ​ដែល​យើង​នឹង​ប្រឈម​នៅ​ទសវត្សរ៍​ក្រោយ​»​។ លោក​បន្ត​ថា​៖ «​យើង​ត្រូវការ​ការផ្លាស់ប្តូរ​ពី​ការងារ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ទៅ​ជា​ឧស្សាហកម្ម​មាន​មូលដ្ឋាន​លើ​ចំណេះដឹង​កាន់តែ​ច្រើន និង​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​របស់​យើង ដើម្បី​ជម្នះ​នឹង​បញ្ហា​ប្រឈម​នោះ​»​។

ADB បាន​ស្នើ​គម្រោង​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្វែងរក​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​របស់​ប្រទេស​នេះ​ដែល​រួមមាន​គម្រោង​មាន​តម្លៃ ៦០ លាន​ដុល្លារ​ដែល​ផ្ដោតលើ​ការអប់រំ​កម្មករ​ជាមួយ​នឹង​ទិសដៅ​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ពី​ការងារ​មាន​មូលដ្ឋាន​លើ​កម្មករ​ទៅ​ជា​ការងារ​មាន​មូលដ្ឋាន​លើ​ជំនាញ​ត្រឹម​ឆ្នាំ​ ២០២៥​។ ធនាគារ​នេះ​បាន​ផ្ដល់​មូលនិធិ​ដល់​កម្មវិធី​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ផង​ដែរ ព្រមទាំង​ការ​បង្កើន​ការអប់រំ​អនុវិទ្យាល័យ​ក្នុង​ប្រទេស​ផង​ដែរ​។

លោកស្រី Gentile ឲ្យ​ដឹង​ថា​ប្រទេស​កម្ពុជា​មាន​ពេលវេលា​ក្នុង​ការ​ធ្វើការ​ផ្លាស់ប្តូរ​បែប​នោះ ប៉ុន្តែ​ការរៀបចំ​ការងារ​គួរតែ​ត្រូវ​ធ្វើ​នៅពេល​នេះ​។

លោកស្រី​បាន​សរសេរ​នៅក្នុង​អ៊ីមែល​មួយ​ថា​៖ «​យើង​ត្រូវ​តែ​ចាប់ផ្ដើម​ការងារ​នៅ​ថ្ងៃ​នេះ ដើម្បី​បង្កើត​ជំនាញ​ដែល​កម្មករ​ទាំងអស់​នៅក្នុង​អាស៊ី​កំពុង​អភិវឌ្ឍ នឹង​ត្រូវ​ការចាប់​យក​ឱកាស​ការផ្ដល់​បច្ចេកវិទ្យា​ថ្មី​»​។ លោកស្រី​បន្ថែម​ថា ជាមួយ​គ្នា​នេះ​ដែរ​រដ្ឋាភិបាល​គួរតែ​ជំរុញ​បណ្ដាញ​សុវត្ថិភាព​សង្គម​សម្រាប់​កម្មករ​។

លោកស្រី​បន្ត​ថា​៖ «​រដ្ឋាភិបាល​ក្នុង​ប្រទេស​អាស៊ី​កំពុង​អភិវឌ្ឍន៍​គួរតែ​ធានា​ឲ្យ​ប្រាកដ​ថា កម្មករ​ត្រូវបាន​ការពារ​ដោយសារ​វិបត្តិ​បចេ្ចកវិទ្យា​ថ្មី និង​អាច​ចាប់​យក​ឱកាស​ថ្មី​ដែល​ពួកគេ​ផ្ដល់​ជូន​»៕LA