ភ្នំពេញៈ លោកស្រី Sunniya Durrani-Jamal នាយក​ប្រចាំ​ប្រទេស ​កម្ពុជា ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​អាច​ដក​ប្រើ​កញ្ចប់​ថវិកា​ឆ្លើយតប​កូវីដ​ ១៩ ពី​ក្នុងចំណោម​ទឹកប្រាក់ ៦,៥ ​ពាន់​លាន​ដុល្លារ​ ដើម្បី​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ដែល​កំពុង​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​កូវីដ​ ១៩​។

លោកស្រី Durrani-Jamal បាន​ឲ្យ​ដឹង​ក្នុង​ចក្ខុវិស័យ​អភិវឌ្ឍន៍​អាស៊ី​ (ADO) ​ឆ្នាំ​ ២០២០ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៣ ខែមេសា ​ថា ការយកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​គួរតែ​ផ្ដោត​ទៅលើ​ការទប់ស្កាត់​កូវីដ​ ១៩​។ លោកស្រី​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​លើកឡើងថា​៖ «​រដ្ឋាភិបាល​អាច​ដក​នូវ​កញ្ចប់​ការឆ្លើយតប​កូវីដ ១៩ ដែលមាន​ទឹកប្រាក់ ៦,៥ ​ពាន់​លាន​ដុល្លារ ​ដែល ADB បានប្រកាស​កាលពី​ថ្ងៃ​ទី​ ១៨ ខែមីនា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ភ្លាមៗ​របស់​ប្រទេស​ជា​សមាជិក​របស់ខ្លួន ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ផ្ដល់​ការការពារ​សង្គម​របស់​ពួកគេ​»​។

កាលពី​ដើម​ខែមីនា​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាន​លៃ​ទុក​ប្រាក់​ចន្លោះ​ពី​ ៨០០ ​លាន​ដុល្លារ​ ទៅ​ ២ ០០០ ​លាន​ដុល្លារ​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​ការរីករាលដាល​កូវីដ​ ១៩ ដោយ​ក្នុង​ចំនួន​នោះ ៨០០ ​លាន​ដុល្លារ​សម្រាប់​ប្រើ​ក្នុងអំឡុងពេល​ ៦ ​ខែ និង​ចំនួន ២ ០០០ ​លាន​ដុល្លារ​ បើ​ការរីករាលដាល​បន្ត​អូសបន្លាយ​រយៈពេល​យូរ​លើស​ពី​នោះ​។

កាលពី​ថ្ងៃទី​ ៣១ ខែមីនា រដ្ឋាភិបាល​បានចេញ​កញ្ចប់​លើក​ទឹកចិត្ត​ជុំ​ទី​ ២ តាមរយៈ​ការផ្ដល់​ការលើកលែង​ពន្ធ​អប្បបរមា​រយៈពេល​ ៣ ​ខែ​សម្រាប់​វិស័យ​អាកាសចរណ៍ និង​ការលើកលែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ទាំងអស់​សម្រាប់​ប្រតិបត្តិករ​ទេសចរណ៍​។ ការលើកលែង​ពន្ធ ១០ ​ភាគរយ​ អប្បបរមា​នេះ​អនុវត្ត​ចាប់ពី​ខែ​មីនា​ដល់​ខែឧសភា សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា​។ រដ្ឋាភិបាល​ក៏បាន​បង្កើន​យន្តការ​រួមចំណែក​ឧបត្ថម្ភ ២០ ​ភាគរយ​ដល់​កម្មករ​ និង​បុគ្គលិក​ដែល​ប៉ះពាល់​ដោយ​ការផ្អាក​ប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​ផងដែរ​។

យោងតាម ADO ធនាគារ ADB ក៏បាន​ទម្លាក់​ការព្យាករ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា​មក​នៅត្រឹម ២,៣ ​ភាគរយ​នៅ​ឆ្នាំនេះ បន្ទាប់ពី​កំណើន​ដ៏រឹងមាំ​ក្នុង​រង្វង់ ៧ ​ភាគរយ ​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​។

ការព្យាករ​របស់ ADB គឺមាន​កម្រិត​ទាប​ជាង​ការ​ព្យាករ​របស់​ធនាគារពិភពលោក​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ដោយបាន​ព្យាករណ៍​ថា កំណើន​ពិតប្រាកដ​របស់​ប្រទេស​ កម្ពុជា​ មាន​ចំនួន ២,៥ ​ភាគរយ ​ក្នុង​ឆ្នាំ​ ២០២០ ប៉ុន្តែ​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់​ ៥,៩ ​ភាគរយ ​ក្នុង​ឆ្នាំ​ ២០២១ ស្ថិតក្រោម​សេណារីយោ​គោល​។

ធនាគារ​នេះ​បន្ថែមថា​៖ «​ការថមថយ​ល្បឿន​ត្រូវ​បាន​រងផលប៉ះពាល់​ជា​ចម្បង​ពី​ជំងឺ​កូវីដ ​១៩ ដែល​បណ្ដាល​ឲ្យ​មាន​ការថមថយ​ល្បឿន​សេដ្ឋកិច្ច​នៅក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​សំខាន់ៗ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) ព្រមទាំង​ការកាត់បន្ថយ​លទ្ធភាព​ទទួល​បាន​ការចូល​ទីផ្សារ​នាំចេញ​របស់​ប្រទេស​នេះ​»​។

លោកស្រី Durrani-Jamal បាន​ថ្លែងថា​៖ «​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥,៧ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ ដែល​សន្មត​ថា ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ នឹង​ត្រូវ​បញ្ចប់ ខណៈ​សកម្មភាព​សេដ្ឋកិច្ច​នឹង​ត្រឡប់មក​ធម្មតា​ឡើងវិញ​»​។

លោកស្រី​បន្ថែមថា​៖ «​ដោយ​ប្រឈម​នឹង​បញ្ហា​ដែល​មិន​ធ្លាប់​មាន​បង្កដោយ​កូវីដ​១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​ត្រឹមត្រូវ​ក្នុង​ការឆ្លើយតប​នឹង​វិបត្តិ​នេះ​ដែល​រួមទាំង​ការផ្ដល់​ការគាំទ្រ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ ការបន្ធូរបន្ថយ​ពន្ធ និង​ឥណទាន​សម្រាប់​ក្រុមហ៊ុន​។ រដ្ឋាភិបាល​ក៏បាន​បង្កើត​ឱកាស​សារពើពន្ធ​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច ដោយសារ​តែ​វិបត្តិ​នេះ ជាពិសេស​លើ​ប្រជាជន​ដែល​ងាយ​ទទួលរង​ផលប៉ះពាល់​ខ្លាំង​»​។

យោងតាម​របាយការណ៍​នេះ វិស័យ​សេវាកម្ម​ត្រូវ​បាន​រំពឹងថា​នឹង​ធ្លាក់ចុះ​ ១,៧ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០ ខណៈ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ​ក៏​ធ្លាក់ចុះ​ដែរ​។ កំណើន​ឧស្សាហកម្ម​ត្រូវ​ព្យាករ​ថា​នឹង​ធ្លាក់​ចុះមក​នៅ ៦,៥ ​ភាគរយ​ ជាមួយ​ការបន្ថយ​ល្បឿន​ការផលិត​សម្លៀកបំពាក់​សម្រាប់​នាំចេញ និង​កំណើន​កាន់តែ​យឺត​ក្នុង​វិស័យ​សំណង់​។ អតិផរណា​រំពឹងថា​នឹង​នៅតែ​ទាប​ជា​មធ្យម ២,១ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០ និង​រក្សា​ការធ្លាក់ចុះ​ក្នុង​ឆ្នាំ​ ២០២១ ខណៈ​ដែល​តម្លៃ​ប្រេងឥន្ធនៈ​អន្តរជាតិ​នឹង​នៅតែ​ទាប​៕LA