ក្រុង​បាងកកៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​កាត់​បន្ថយ​ការ​ព្យាករពី​​កំណើនសេដ្ឋ​កិច្ច​របស់ខ្លួន​សម្រាប់​ប្រទេស​ ថៃ​ មក​នៅត្រឹម ៤,៣​ ភាគរយ​នៅ​ឆ្នាំនេះ និង​ ៤,១ ​ភាគរយ​នៅ​ឆ្នាំ​ក្រោយ​ ដោយសារតែ​ការចុះ​ខ្សោយ​សេដ្ឋ​កិច្ច​ពិ​ភព​លោក​។​ នេះ​បើយោង​តាម​កាសែត​បាង​កក​ប៉ុស្តិ៍នៅ​ថ្ងៃ​នេះ។

​កាសែត​បាង​កក​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដកស្រង់របាយការណ៍​​​បច្ចុប្ប​ន្ន​ភាព​ស្តីពី​ចក្ខុវិស័យធនាគារ​​អភិវឌ្ឍន៍​អាស៊ី​​​​ថា ការ​ព្យា​ករពី​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៨ ត្រូវ​បាន​​កាត់​បន្ថយ​ពី ៤,៥​ ភាគរយ​ដែល​បាន​ព្យាករ​​កាល​ពីខែ​កញ្ញា​​មក​នៅត្រឹម ៤,​៣ ​ភាគរយ​ បន្ទាប់ពី​កំណើន​សេដ្ឋកិច្ច​នៅ​​ត្រី​មាស​ទី៣​ បានធ្លាក់ចុះ​ពី ៤,៦ ​ភាគរយ​ មក​នៅត្រឹម​ ៣,៣ ​ភាគរយដែល​សម្រេច​បាន​​កាល​ពីត្រី​មាសទី ២។

យោង​តាម​របាយការណ៍នេះ​ កំណើន​ការ​ប្រើ​ប្រាស់​ក្នុងស្រុក​ និង​ការវិនិយោគ​ឯកជន​ត្រូវ​បាន​ប៉ះប៉ូវដោយ​​ការ​ធ្លាក់ចុះ​ការ​នាំចេញ​នៅ​ត្រី​មាសទី៣។ ខាង​​ផ្នែក​ការ​ផលិត​វិញ​ កំណើន​ផលិត​កម្មបាន​បន្ថយ​ល្បឿន​​​ពាក់​កណ្ដាល មក​នៅត្រឹម​ ១,៦ ​ភាគរយ​ នៅក្នុងរយៈ​ពេល ​៣ ខែ​​នេះ​គិត​ត្រឹម​​​ខែ​កញ្ញា ​ធៀបនឹង​កំណើន ៣,១ ​ភាគរយ​កាលពីត្រី​មាស​ទី ២​ ដែល​ភាគច្រើន​ឆ្លុះបញ្ចាំង​កំណើន​យឺត​​ក្នុងការ​ផលិត​រថយន្ត។

ទំហំ​នាំចេញ​បានធ្លាក់ចុះ​នៅត្រី​មាស​ទី​ ៣​ ខណៈដែល​​ទំហំ​ការនាំចេញ​ផលិតផល​កសិកម្ម​បានធ្លាក់ចុះ​ ដោយ​សារតែ​មូលដ្ឋាន​ប្រៀប​ធៀប​​​​ខ្ពស់​ ប៉ុន្តែក៏​ដោយសារ​សម្ពាធ​ពី​​​ភាពតាន​តឹង​ផ្នែកពាណិជ្ជ​កម្មរបស់​ប្រទេស ចិន និងអា​មេរិកផងដែរ។

ការ​ធ្លាក់​ចុះ​ការនាំចេញ​​ក៏​បណ្តាល​មក​ពីការធ្លាក់ចុះ​ការ​ផលិត​កសិ​កម្ម​ក្នុងស្រុក និង​កំណើន​កាន់​តែខ្សោយ​ក្នុងទំហំ​​នាំចេញ​​ផលិត​កម្ម​ផងដែរ ខណៈដែល​​កំណើនសេដ្ឋ​កិច្ច​បានធ្លាក់ចុះ​​ក្នុង​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​មួយចំនួន​ និង​ភាព​តាន​តឹង​បាន​កើនឡើង​ដោយ​សារតែ​វិធាន​ការ​ពាណិជ្ជ​កម្ម​គាំពារ​និយម៕ LA