ភ្នំពេញៈ សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​កំណើន​ខ្លាំង​នៅ​ឆ្នាំនេះ ទោះបី​ជា​កំណើន​នៃ​ផលិតផល​កសិកម្ម​ទាប​ជាង​ការរំពឹងទុក​ក៏ដោយ​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

ទោះបី​យ៉ាងនេះ​ក្តី ADB បាន​ឲ្យ​ដឹងថា​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធកម្ម ផលិតផល​នាំចេញ​របស់​ខ្លួន​ក្រៅពី​វិស័យ​ដែល​មាន​ស្រាប់​បច្ចុប្បន្ន​។

នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ចក្ខុវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ​ ២០១៩ ដែល​ជា​ការចេញផ្សាយ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ដ៏សំខាន់​របស់​ខ្លួន ធនាគារ ADB បាន​រក្សា​ការ​ព្យាករ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​កម្ពុជា​ក្នុង​អត្រា​ ៧ ​ភាគរយ​នៅ​ឆ្នាំនេះ និង ៦,៨ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០​។

លោកស្រី Sunniya Durrani-Jamal នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារ ADB ទទួលបន្ទុក​ប្រទេស​កម្ពុជា​ថ្លែងថា​៖ «​សេដ្ឋកិច្ចកម្ពុជា​បន្ត​កើនឡើង​ក្នុង​ល្បឿន​ដ៏​រឹងមាំ​ដោយសារ​តែ​ភាពខ្លាំង​ជា​បន្ត​នៅក្នុង​វិស័យ​ទូទៅ​ជាច្រើន ដូចជា​វិស័យ​កាត់ដេរ ទេសចរណ៍ ពាណិជ្ជកម្ម និង​សំណង់​»​។

ទោះបី​យ៉ាងនេះ​ក្តី​លោកស្រី​បន្ត​​ថា​៖ «​ជាមួយ​នឹង​ការកើនឡើង​ភាព​មិន​ច្បាស់លាស់​នៅក្នុង​បរិយាកាស​ពាណិជ្ជកម្ម​ពិភពលោក និង​ផលប៉ះពាល់​លើ​សេវា​ជាច្រើន​ដូចជា​ទេសចរណ៍ កម្ពុជា​ត្រូវការ​បន្ទាន់​នូវ​យុទ្ធសាស្ដ្រ​ពិពិធកម្ម​ដែល​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​ទៅជា​ផលិតផល​ពិសេស និង​ផលិតផល​តម្លៃ និង​សេវា​ដែល​មាន​តម្លៃ​ខ្ពស់​»​។ លោកស្រី​បន្ត​ថា​នេះ​នឹង​តម្រូវ​ឲ្យ​មានការ​កាត់បន្ថយ​ហានិភ័យ​ដែល​កើតឡើង​រាប់​ចាប់ពី​ការផ្ដល់​កម្ចី ដល់​វិស័យ​អចលនទ្រព្យ​ដែល​ហក់​ឡើង​យ៉ាងខ្លាំង​។

របាយការណ៍​របស់ ADB ក៏​បាន​កត់សម្គាល់​ហានិភ័យ​ចំពោះ​ផលិតកម្ម​កសិកម្ម ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។ របាយការណ៍​បង្ហាញ​ថា ភាពរាំងស្ងួត​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​បាន​កាត់បន្ថយ​ការផលិត​ដំណាំ​កសិកម្ម និង​ជលផល​ដែល​នឹង​កាត់បន្ថយ​កំណើន​កសិកម្ម មក​នៅត្រឹម​ប្រហែល​ ១,១ ​ភាគរយ​នៅ​ឆ្នាំ​នេះ​។

វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា​នៅតែ​មាន​កំណើន​ដ៏រឹងមាំ ដោយសារ​តែ​ការកើនឡើង​ក្នុង​ឧស្សាហកម្ម​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ទាក់ទង​នឹង​ការធ្វើដំណើរ ដែល​ ADB បាន​ធ្វើការ​កែតម្រូវ​កំណើន​ក្នុង​វិស័យនេះ​ពី​ ១០,១ ​ភាគរយ​ នៅក្នុង​ការព្យាករ​កាលពី​ខែ​មេសា​របស់​ខ្លួន​ទៅ​ ១០,៦ ​ភាគរយ​។ នេះ​បើ​យោងតាម​របាយការណ៍​។

ទោះបី​ជា​ការនាំចេញ​ទំនិញ​ប្រើប្រាស់ និង​ការមកដល់​ភ្ញៀវទេសចរ​កើនឡើង​ខ្លាំង ប៉ុន្តែ​កំណើន​នៃ​ការនាំចូល​លឿន​ជាង​ការរំពឹង​ទុក​ត្រូវ​គេ​រំពឹងថា​នឹង​ពង្រីក​ឱនភាព​គណនី​ចរន្ត​របស់​ប្រទេស​នេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​។

ADB បាន​ឲ្យ​ដឹងថា​ជាមួយ​នឹង​តម្លៃ​ប្រេង​កាន់តែ​ទាប និង​ការកើនឡើង​បន្តិចបន្តួច​នៃ​តម្លៃ​អាហារ អតិផរណា ត្រូវ​បាន​កម្រិត​អត្រា​ ១,៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​គិត​ត្រឹម​ខែ​មិថុនា​។ ADB រំពឹង​ថា អតិផរណា​នឹង​មាន​ចំនួន ២,២ ​ភាគរយ​ជា​មធ្យម​សម្រាប់​ឆ្នាំ​ ២០១៩៕LA