ភ្នំពេញៈ សេដ្ឋកិច្ចរបស់កម្ពុជា នឹងបន្តរក្សាកំណើនរឹងមាំក្នុងឆ្នាំ ២០១៨ នេះ ដែលត្រូវបានជំរុញដោយការនាំចេញ វិស័យទេសចរណ៍ តម្រូវការក្នុងស្រុក និងកំណើនចំណាយរបស់រដ្ឋាភិបាល។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃនេះ។
ក្នុងរបាយការណ៍ពិសេសដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនដែលមានឈ្មោះថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០១៨ ធនាការអភិវឌ្ឍន៍មួយនេះបានព្យាករណ៍ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រមាណ ៧ ភាគរយសម្រាប់ឆ្នាំ ២០១៨ និង ២០១៩ ខណៈសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍភាគច្រើននៅអាស៊ី នៅបន្តកំណើនថេរ ហើយប្រទេសឧស្សាហកម្មធំៗមានភាពរឹងមាំកម្រិតមធ្យម។
លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើងក្នុងល្បឿនដ៏រឹងមាំ ដោយសារការជំរុញពីកំណើនការនាំចេញដ៏រឹងមាំ ការកើនឡើងចំនួនភ្ញៀវទេសចរ តម្រូវការក្នុងស្រុកខ្លាំង និងការពង្រីកគោលនយោបាយសារពើពន្ធ។
ទោះជាយ៉ាងណា លោកស្រីបានមានប្រសាសន៍ថា៖ «កំណើនប្រាក់ឈ្នួលដ៏ឆាប់រហ័សដោយពុំមានកំណើនផលិតភាព អាចបង្កឲ្យមានហានិភ័យក្នុងស្រុកចម្បងមួយ ដែលអាចប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសដទៃទៀត ដែលបន្តពឹងអាស្រ័យលើកកម្លាំងពលកម្មដែលមានថ្លៃឈ្នួលទាប»។
របាយការណ៍នេះបានបង្ហាញថា ការនាំចេញទំនិញបានកើនឡើង ១៣,៣ ភាគរយ ហើយការនាំចូលទំនិញកើនឡើង ២៥,៧ ភាគរយ ដោយសារតម្រូវការក្នុងស្រុកខ្ពស់ក្នុងឆមាសទីមួយនៃឆ្នាំ ២០១៨ ខណៈឱនភាពគណនីចរន្តដោយមិនរាប់បញ្ចូលជំនួយឥតសំណងពីបរទេសត្រូវបានរំពឹងថានឹងកើនឡើងដល់ ១២,១ ភាគរយនៃ ផ.ស.ស នៅឆ្នាំនេះពី ១០,៩ ភាគរយ កាលពីឆ្នាំ ២០១៧ ដែលខ្ពស់ជាងការព្យាករ កាលពីខែមេសា។
ប៉ុន្តែធនាគារ ADB រំពឹងថា ឱនភាពនេះនឹងថយចុះមកវិញនៅឆ្នាំក្រោយ។
ធនាគារ ADB បានបន្តឲ្យដឹងថា វិស័យទេសចរណ៍បានបន្តកើនឡើងដែលមួយផ្នែកធំដោយសារកំណើនចំនួនភ្ញៀវទេសចរមកពីសាធារណរដ្ឋប្រជាមានិតចិន ខណៈទិន្នន័យរបស់ក្រសួងទេសចរណ៍បានបង្ហាញថា ភ្ញៀវទេសចរបរទេសជាង ៣ លាននាក់បានមកទស្សនាប្រទេសកម្ពុជាក្នុងអំឡុងពេលឆមាសទី ១ ឆ្នាំនេះ ដែលកើនឡើង ១២,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍នេះបានបន្តថា ការកើនឡើងចំណាយរបស់រដ្ឋាភិបាល ដោយសារការបង្កើនការវិនិយោគសាធារណៈ និងប្រាក់បៀវត្សរ៍សម្រាប់វិស័យសាធារណៈ ក៏បានជួយរុញច្រានកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៨ ផងដែរ។
របាយការណ៍ដដែលនេះឲ្យដឹងទៀតថា ជញ្ជីងទូទាត់ជារួមនឹងនៅបន្តរក្សាអតិរេក ដោយសារលំហូររឹងមាំនៃការវិនិយោគដោយផ្ទាល់ពីបរទេស ដែលនាំឲ្យមានការបន្តការកើនឡើងនូវទុនបម្រុងបរទេសបន្ថែមទៀតដល់ប្រមាណ ១០ ពាន់លានដុល្លារ នៅចុងឆ្នាំ ២០១៨ ធៀបនឹង ៩,១ ពាន់លានដុល្លារកាលពីខែកក្កដា ដែលអាចរ៉ាប់រងចំណាយសម្រាប់ការនាំចូលបានរយៈពេល ៦ ខែ៕