ក្រុងម៉ានីលៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា កំណើន​សេដ្ឋកិច្ច​ចិន​រំពឹង​ថា នឹង​កើនឡើង​ដល់ ៦,៦ ភាគរយ​ក្នុង​ឆ្នាំ​នេះ​។

ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្តីពី​ចក្ខុវិស័យ​អភិវឌ្ឍន៍​តំបន់​អាស៊ី (ADO) ឆ្នាំ ២០១៨ ធនាគារ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល​នេះ​បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​ចិន​បាន​កើនឡើង​ដោយសារ​តម្រូវការ​ខ្ពស់​នៅ​ក្នុង​ស្រុក និង​នៅ​បរទេស​។

ធនាគារ ADB បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​កំណើន​សេដ្ឋកិច្ច​ចិន​អាច​នឹង​កើន​ឡើង​ដល់ ៦,៦ ភាគរយ​នៅ​ឆ្នាំ​ ២០១៨ និង ៦,៤ ភាគរយ​នៅ​ឆ្នាំ​ ២០១៩ ដោយសារ​គោលនយោបាយ​សេដ្ឋកិច្ច​បន្ត​ដើរ​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ស្ថិរភាព​ហិរញ្ញវត្ថុ និង​មាគ៌ា​កំណើន​កាន់​តែ​មាន​និរន្តរភាព​»​។

យោង​តាម​របាយការណ៍​ការងារ​របស់​រដ្ឋាភិបាល​ចិន​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មីនា​ប្រទេស​ចិន​បាន​កំណត់​ទិសដៅ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន​នៅ​អត្រា​ប្រមាណ ៦,៥ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ នេះ​។

ធនាគារ ADB បាន​ឲ្យ​ដឹង​ថា​វិស័យ​សេវាកម្ម​កំពុង​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដោយ​វិស័យ​នេះ​បាន​កើនឡើង​ ៨ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៧​។ ធនាគារ​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​តម្រូវការ​ខ្ពស់​នៅ​ក្នុង​ស្រុក និង​នៅ​បរទេស​គួបផ្សំ​នឹង​កំណែទម្រង់​សេដ្ឋកិច្ច​បាន​បង្កើត​ជា​មូលដ្ឋាន​សម្រាប់​កំណើន​សេដ្ឋកិច្ច​ជា​បន្ត និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​នៅ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ ២ ​នេះ​។

ធនាគារ ADB បាន​ឲ្យ​ដឹង​ថា​៖ «​ភាព​រីកចម្រើន​ជា​បន្ត​លើ​ការធ្វើ​កំណែ​ទម្រង់​នានា​ដូចជា​ការពង្រឹង​បទប្បញ្ញត្តិ និង​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ និង​ការដោះស្រាយ​បញ្ហា​បំណុល​នឹង​បង្កើត​បាន​ជា​មូលដ្ឋាន​មួយ​សម្រាប់​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដ៏រឹងមាំ​»​។

ទន្ទឹម​នឹង​នោះ​ដែរ​ធនាគារ ADB បាន​ឲ្យ​ដឹង​ថា​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​បូព៌ា​បាន​កើនឡើង ០,៣ ភាគរយ​ដល់ ៦,៣ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៧» ដោយសារ​តម្រូវការ​ក្នុង​ស្រុក និង​នៅ​បរទេស​ខ្ពស់​បាន​ជួយ​ដំឡើង​សេដ្ឋកិច្ច​របស់​ប្រទេស​នានា​នៅ​ក្នុង​អនុតំបន់​នេះ​»​។

ធនាគារ ADB បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ប្រទេស​ផ្សេង​ទៀត​នៅ​អនុតំបន់​អាស៊ី​បូព៌ា​នេះ​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​កាន់តែ​ទាប​ផង​ដែរ ភាគច្រើន​ដោយសារ​ការ​ថមថយ​សម្ទុះ​កំណើន​នាំ​ចេញ​។

ធនាគារ​នេះ​បាន​បន្ត​ថា​ការ​វិវឌ្ឍ​ទាំង​នេះ​នឹង​កាត់បន្ថយ​កំណើន​សេដ្ឋកិច្ច​តំបន់​អាស៊ីបូព៌ា​មក​នៅ​ត្រឹម ៦ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨ និង ៥,៨ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩»​។

ធនាគារ ADB បាន​ឲ្យ​ដឹង​ថា​អតិផរណា​បាន​ធ្លាក់​ចុះ​នៅ​តំបន់​អាស៊ីបូព៌ា​កាលពី​ឆ្នាំ​មុន​ដោយ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​កំណើន​សេដ្ឋកិច្ច​ទាប​នៅ​ប្រទេស​ចិន ជា​ទី​ដែល​តម្លៃ​ស្បៀងអាហារ​បាន​ធ្លាក់​ថ្លៃ​៕ The People''s Daily/BP