
កម្មករធ្វើផ្លូវនៅជាយរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៤។ ហេង ជីវ័ន
ភ្នំពេញៈ ការប្រកាសផ្ដល់មូលនិធិ ៤០ លានដុល្លាររបស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់ប្រទេសកម្ពុជាថ្មីៗនេះជាមូលនិធិដំបូងពីមូលនិធិបរិយាកាសបៃតង (Green Climate Fund) សម្រាប់ប្រទេសកម្ពុជា។ នេះបើតាមមន្ដ្រី ADB។
ប្រាក់ដែលជាជំនួយឥតសំណង ៣០ លានដុល្លារ និងកម្ចីសម្បទាន ១០ លានដុល្លារនឹងផ្ដល់ទៅលើ «គម្រោងកសិពាណិជ្ជកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន»។ នេះបើតាមលោក Srinivasan Ancha ប្រធានអ្នកឯកទេសខាងការប្រែប្រួលអាកាសធាតុនៅអង្គការនេះ។
លោក Srinivasan ថ្លែងថា៖ «ចំនួននេះនឹងត្រូវប្រើប្រាស់ដើម្បីលើកកម្ពស់ការធន់នឹងអាកាសធាតុនៃចង្វាក់តម្លៃកសិពាណិជ្ជកម្មតាមខេត្តដែលជ្រើសរើស»។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជានឹងជាអ្នកទទួលប្រាក់នេះ។
គម្រោងរយៈពេល ៦ ឆ្នាំនេះនឹងចូលរួមដោយក្រសួងកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើតាមលោក Srinivasan ។ លោកបានថ្លែងថា គម្រោងនេះមានបំណងក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងនៃវិស័យកសិកម្មរបស់កម្ពុជា ដោយបង្កើនផលិតភាព និងការបង្កើនប្រសិទ្ធភាព។
កម្ពុជាត្រូវបានផ្ដល់ចំណាត់ថ្នាក់ជាប្រទេសស្ថិតក្នុងចំណោមប្រទេសដែលងាយទទួលរងគ្រោះខ្លាំងបំផុតដោយសារការប្រែប្រួលអាកាសធាតុដោយសេដ្ឋកិច្ច និងប្រជាជនរបស់កម្ពុជាងាយទទួលរងដោយសារគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ។
ADB និងមូលនិធិ Green Climate Fund ជាអង្គការផ្ដល់មូលនិធិអន្តរជាតិ ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែសីហា ឆ្នាំ ២០១៧ ដែលអនុញ្ញាតឲ្យធនាគារនេះប្រើប្រាស់ធនធានរបស់មូលនិធិនេះដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕ LA