ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសថានឹងផ្តល់កម្ចីជាង ១ ពាន់លានដុល្លារ ដើម្បីគាំទ្រលើយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មីមួយរយៈពេល ៥ ឆ្នាំ សម្រាប់ជួយឲ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ស្ថិតក្រោមយុទ្ធសាស្ត្រ ឆ្នាំ ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្តល់ថវិកា ១,៤៥ ពាន់លានដុល្លារ ក្នុងទម្រង់ជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសសម្រាប់វិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ កែលម្អលក្ខខណ្ឌជីវភាពរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍវិស័យអប់រំ និងជំនាញ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ការគាំទ្រដល់កំណែទម្រង់ វិស័យសាធារណៈ និងការកែលម្អសមត្ថភាពស្ថាប័ននឹងនៅតែបន្តយកចិត្តទុកដាក់ជាចម្បងរបស់កម្មវិធី ADB។
លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំប្រទេសកម្ពុជាបានថ្លែងថា៖ «យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីរបស់យើងនឹងគាំទ្រដល់គោលដៅរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនភាពប្រកួតប្រជែង និងពិពិធកម្មប្រភពដែលជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ការជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ការកសាងឲ្យមានភាពធន់ទៅនឹងអាកាសធាតុ និងការពន្លឿនកំណែទម្រង់អភិបាលកិច្ច»។
យោងតាម ADB ជាមធ្យមសេដ្ឋកិច្ច កម្ពុជាកើនឡើង ៨ ភាគរយ ពីឆ្នាំ ១៩៩៩-២០១៨ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសនានាដែលមានការរីកចម្រើនរហ័សបំផុតនៅក្នុងពិភពលោក។ ប្រាក់ចំណូលដុលជាតិក្នុងមនុស្សម្នាក់បានកើនឡើងពី ២៩០ ដុល្លារ ក្នុងឆ្នាំ ១៩៩៨ ដល់ ១ ៣៨០ ដុល្លារ ក្នុងឆ្នាំ ២០១៨។
ទោះបីយ៉ាងនេះក្តីក៏នៅតែមានបញ្ហាប្រឈមមួយចំនួនរួមមានភាពក្រីក្រក្នុងចំណោមស្ត្រីជាមេគ្រួសារដែលធ្វើឲ្យពួកគេងាយរងគ្រោះពិសេស ការងារគ្មានសុវត្ថិភាព។
ទន្ទឹមនេះកម្ពុជាក៏ប្រឈមនឹងភាពមិនច្បាស់លាស់នៃបរិយាកាសពាណិជ្ជកម្មសកល ព្រមទាំងកំណើននៃការប្រកួតប្រជែងក្នុងតំបន់ផងដែរ។ នេះបើតាម ADB។ សេចក្តីប្រកាសព័ត៌មាន៖ «កិច្ចខិតខំក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅក្នុងវិស័យសេវាកម្ម និងផលិតកម្មបាននិងកំពុងរងការរាំងស្ទះ ដោយសារកង្វះកម្មករជំនាញចន្លោះប្រហោងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពល និងឡូជីស្ទីក ព្រមទាំងដំណើរការធុរកិច្ចខ្វះតម្លាភាព»។
លោកស្រី Sunniya Durrani-Jamal បានឲ្យដឹងថា យុទ្ធសាស្ត្រនេះនឹងជួយបង្កើតឱកាសការងារកាន់តែល្អប្រសើរ សម្រាប់ពលរដ្ឋកម្ពុជាតាមរយៈការវិនិយោគទៅលើការអប់រំ ជំនាញ និងការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ។
តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលទីស្តីការគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃសុក្រ រដ្ឋាភិបាលកម្ពុជាបានកំណត់ទំហំការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ១ ៩២៧ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២០។ ការកំណត់ពិតានប្រាក់កម្ចីថ្មីនេះនឹងអាចឲ្យរដ្ឋាភិបាលចុះហត្ថលេខាខ្ចីប្រាក់លើគម្រោងចំនួន ២៩ ក្នុងចំណោមគម្រោងសរុប ៣២ ដែលគ្រោងខ្ចីពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ និងប្រទេស ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េជាដើម។
គិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំ ២០១៩ បំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាសរុប ៧ ២៦៤ លានដុល្លារ ក្នុងនោះការទទួលបានកម្ចីដោយពហុភាគី ២៨,២ ភាគរយ និងចិន ៤៨,៨ ភាគរយ៕LA