ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​កម្ចី​ ៤០ ​លាន​ដុល្លារ ដើម្បី​គាំទ្រ​អ្នកក្រីក្រ និង​គ្រួសារ​នៅ​ជនបទ​នៅ​កម្ពុជា ដើម្បី​កែលម្អ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​។

កម្ចី​នេះ​គឺ​សម្រាប់​ដំណាក់កាល​ទី​ ២ នៃ​កម្មវិធី​ដែល​កំពុង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ស្ថិរភាព​ដែល​លើកកម្ពស់​ភាព​អាច​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់ៗ​គ្នា​ឲ្យ​កាន់តែ​ធំ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព​។

កម្មវិធី​ដំណាក់កាល​ទី​ ២ ​នេះ​នឹង​ផ្តោតលើ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ ជាពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ គ្រួសារ​នៅ​តាម​ជនបទ វិស័យ​កសិកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​។

លោកស្រី Benita Ainabe អ្នកជំនាញ​វិស័យ​ហិរញ្ញវត្ថុ​ទទួល​បន្ទុក​អាស៊ីអាគ្នេយ៍​របស់​ធនាគារ ADB បាន​ឲ្យ​ដឹងថា​តាមរយៈ​គោលនយោបាយ​គាំ​ទ្រនេះ វា​កំពុង​លើកកម្ពស់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ កម្ពុជា និង​ការធ្វើឲ្យ​ប្រសើរ​ឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​ការដាក់​ឲ្យ​ប្រើប្រាស់​សេវា និង​ផលិតផល​ហិរញ្ញវត្ថុ​ថ្មីៗ​។

លោកស្រី​ថ្លែងថា​៖ «​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ស្ថិរភាព និង​ទំនើប​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ប្រទេស​នេះ​អាច​មាន​លទ្ធភាព​ងាយស្រួល​ក្នុង​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ហើយ​ក្រុមហ៊ុន​ជាច្រើន​អាច​ខ្ចី​មូលធន​ដែល​អាច​ទុកចិត្ត​បាន ដើម្បី​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ និង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​»​។

ជំនួយ​របស់​ធនាគារ ADB សម្រាប់​អនុកម្មវិធី​ទី​​ ២ នៃ​កម្មវិធី​អភិវឌ្ឍន៍​ការរួមបញ្ចូល​វិស័យ​ហិរញ្ញវត្ថុ​ដែល​បានអនុម័ត​កាលពី​ខែ​ តុលា ​ឆ្នាំ​ ២០១៦ កំពុង​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់ៗ​គ្នា​ជា​បន្ត និង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​។

លោក នុប សុធនវិចិត្រ អ្នកនាំពាក្យ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បដិសេធ​ការអត្ថាធិប្បាយ​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា ក្រសួង​នឹង​ចុះហត្ថលេខា​ជាមួយ ADB ជាមួយ​គម្រោង​នេះ​ក្នុង​ពេល​ឆាប់ៗ​។

កម្មវិធី​ទី​ ២ ​នេះ​បាន​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​បញ្ចប់​យុទ្ធសាស្ដ្រ​ជាតិ​សម្រាប់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់ៗ​គ្នា ដើម្បី​ផ្ដល់​ក្របខ័ណ្ឌ​ការងារ​ក្នុង​ការពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​របស់​បុគ្គល ជាពិសេស​អ្នក​ខ្ចីប្រាក់​ជា​ស្ដ្រី និង​សហគ្រាស​ខ្នាតតូច ធុន​តូច និង​មធ្យម (MSME)​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

លោកស្រី កែវ ម៉ុម អគ្គនាយក​ក្រុមហ៊ុន Ly Ly Food Industry បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា វិស័យ​ឯកជន​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ពី​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ការពង្រីក​ការវិនិយោគ​។ លោកស្រី​ឲ្យ​ដឹងថា មូលនិធិ​ដែល​ផ្ដល់​ដោយ ADB នឹង​រួមចំណែក​ដល់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​របស់​វិស័យ MSME តាមរយៈ​រដ្ឋាភិបាល​។

លោកស្រី​ថ្លែង​ថា​៖ «​ជារឿយៗ​រដ្ឋាភិបាល​ជួយ​វិស័យ​ឯកជន​តាមរយៈ​ការផ្ដល់​ជំនួយ​បច្ចេកទេស និង​សិក្ខាសាលា​ខ្លីៗ​។ ខ្ញុំ​សង្ឃឹម​ថា គម្រោង​នេះ​នឹង​ជួយ​ពួកយើង​កាន់តែ​ច្រើន​»​។

ធនាគារ ADB បាន​ឲ្យ​ដឹងថា វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​កំពុង​ស្ថិត​ក្នុងដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍ ហើយ​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​អនុវិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​។ ធនាគារ​នេះ​បាន​ឲ្យ​ដឹងថា ខណៈ​ការងារ​ជាច្រើន​ត្រូវ​បាន​សម្រេច​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​នៅតែ​មាន​កម្រិត ពិសេស​នៅ​តាម​តំបន់​ជនបទ​។

ធនាគារ​នេះ​បន្តថា លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​គ្រប់ៗ​គ្នា​គឺ​ទាប​ដោយ​មាន​ប្រហែល​​តែ​ ៥៩ ​ភាគរយ​ប៉ុណ្ណោះ ​នៃ​ប្រជាជន​ពេញវ័យ​នៅក្នុង​ប្រទេស​នេះ​ដែល​មាន​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​កាលពី​ឆ្នាំ​ ២០១៥​។ លើសពី​នេះ​ទៅ​ទៀត​ជិត​ ១ ​ភាគ​ ៣ ​នៃ​ប្រជាជន​មិនមាន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​នោះទេ​ក្នុង​ទម្រង់​ទាំងអស់​។ ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការបង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់ៗ​គ្នា​ត្រូវ​បាន​រារាំង​ដោយ​កម្រិត​ទាប​នៃ​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កម្ពុជា​៕LA