ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) ​បាន​សន្យាថា​នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​លើ​គម្រោង​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ២០២១-២០២៣ ដើម្បី​រួមចំណែក​បង្កើន​វិស័យ​កសិកម្ម​ឲ្យ​ទៅ​លក្ខណៈ​ពាណិជ្ជកម្ម និង​បំពេញ​តម្រូវការ​ទីផ្សារ​។

ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កាលពី​សប្តាហ៍​មុន​លោក Jiangfeng Zhang នាយក​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​អាស៊ីអាគ្នេយ៍​ទទួលបន្ទុក​បរិស្ថាន ធនធាន​ធម្មជាតិ និង​កសិកម្ម​បាន​ថ្លែងថា ADB នឹង​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​​កសិកម្ម​ឆ្នាំ ២០២១-២០២៣ ដែល​ផែនការ​យុទ្ធសាស្ត្រ​នេះ​ផ្តោតលើ​ការកែទម្រង់​តាមរយៈ​ការធ្វើ​ទំនើបកម្ម​កសិកម្ម យន្ត​បនីយកម្ម​កសិកម្ម ពិពិធកម្ម​កសិកម្ម វារីវប្បកម្ម ការកែច្នៃ​ និង​វេចខ្ចប់​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។ លោក​ថ្លែងថា​៖ «ADB ក៏​នឹង​គាំទ្រ​ដល់​វិស័យ​ផលិតកម្ម​សត្វ សុខភាព​សត្វ​ជាមួយ​នឹង​កម្មវិធី​ថ្មី​ដែល​គម្រោង​នឹង​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២១ ដើម្បី​គ្រប់គ្រង​ការពារ​ជំងឺឆ្លង​ពី​មនុស្ស​មក​សត្វ​ពី​សត្វ​មក​មនុស្ស​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​គម្រោង​នេះ​ក៏​នឹង​ផ្តល់​ប្រាក់កម្ចី​ដល់​សហគមន៍ និង​សហគ្រាស​ខ្នាតតូច និង​មធ្យម ដើម្បី​បំពេញ​ខ្សែចង្វាក់​ផលិតកម្ម និង​បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល​កសិកម្ម​»​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែងថា ADB បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការផ្តល់​ហិរញ្ញវត្ថុ បច្ចេកទេស និង​ការបណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ព្រម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ADB នឹង​បន្ត​ផ្តល់​ការគាំទ្រ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដល់​ក្រសួងកសិកម្ម ដើម្បី​រួមគ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកប​ដោយ​ចីរភាព ឆ្លើយតប​ទៅ​នឹង​បរិបទ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​ ២០៣០ និង​ ២០៥០»​។

លោកស្រី តុង ចាន់ធាង នាយិកា​អង្គការ​សេដាក​បាន​ឲ្យ​ដឹងថា​តាមរយៈ​គម្រោង​ធុរកិច្ច​កសិកម្ម​ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​គម្រោង​នេះ​បាន​​គាំទ្រ​ដល់​ការធ្វើឲ្យ​ប្រសើរ​ឡើង​ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់​ឃ្លាំង​ស្តុក​ផលិតផល​កសិកម្ម និង​ការរក​ទីផ្សារ​ឲ្យ​កសិករ​។

លោកស្រី​ថ្លែងថា​៖ «​ក្រោម​ជំនួយ​របស់ ADB បាន​រួមចំណែក​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​​រួមមាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និង​បណ្តាញ​អគ្គិសនី​ជាដើម​»​។

គិត​ត្រឹម​ឆ្នាំ​ ២០១៩ ADB បានផ្តល់​កម្ចី​ជំនួយ​ឥតសំណង និង​ជំនួយ​បច្ចេកទេស​សរុប ១,៤៥ ​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស ​កម្ពុជា​។

បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាង ៥,៤ ​លាន​តោន​រួមមាន​អង្ករ ដំឡូងមី​ស្រស់ ម្សៅ​ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ស្វាយ ម្រេច និង​បន្លែ ជាដើម​៕