ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) បានអនុម័ត​កម្ចី​ចំនួន ១៦,៤ ​លាន​ដុល្លារ​ ដល់​គម្រោង​ថាមពល​អគ្គិសនី​ពី​សូឡា​ទំហំ ៦០ ​មេហ្គាវ៉ាត់​នៅ​ខេត្តកំពង់ឆ្នាំង ដែល​គម្រោង​នេះ​នឹង​គាំទ្រ​ឱ្យ​ក្រុមហ៊ុន Prime Road Alternative (Cambodia) Co. Ltd ដើម្បី​អភិវឌ្ឍ និង​ប្រតិបត្តិការ​រោងចក្រ​ថាមពល​ពន្លឺ​សូឡា​។

កាលពី​ថ្ងៃទី​ ៥ ខែមករា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​សូឡា​ទំហំ ៦០ ​មេហ្គាវ៉ាត់​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមាន​ទុន វិនិយោគ ៣៧,៤ ​លាន​ដុល្លារ ហើយនឹង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Prime Road Alternative (Cambodia) Co Ltd ។

លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នេះ​ជា​គម្រោង​បង្កើត​រោងចក្រ​ថាមពល​សូឡា​ថ្មី​មួយទៀត​ដែល​គ្រប់គ្រង​ដោយ​អគ្គិសនី​-​កម្ពុជា​ (EDC)​។ ​លោក​បន្តថា គម្រោង​នេះ​អាច​នឹង​សាងសង់​នៅលើ​ផ្ទៃដី​ពី​ ៨០ ទៅ​ ១០០ ហិកតា ក្នុងស្រុក​ទឹកផុស ជាប់​ព្រំប្រទល់​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។ ទោះជា​យ៉ាងណា​លោក​មិនដឹងថា គម្រោង​នេះ​នឹង​ចាប់ផ្តើម​សាងសង់​នៅពេលណា​នោះទេ​។

លោក​បន្ថែមថា​៖ «​ទីតាំង​នោះ​ល្អ​អាចបង្កើត​រោងចក្រ​សូឡា​បាន​។ គម្រោង​នេះ​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច សង្គម ហើយក៏​នឹង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ថែម​ទៀតផង​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ ADB ដែល​បានចេញ​ផ្សាយ​ពី​ខែកញ្ញា ឆ្នាំ​ ២០១៩ បាន​បង្ហាញថា ការដេញថ្លៃ​គម្រោង​នេះ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ EDC បាន​បញ្ចប់ ជាមួយ​ការដេញថ្លៃ​ទាប​បំផុត​របស់​ក្រុមហ៊ុន​ប្រាយម៍ រ៉ូដអលថឺណេធីវ ក្នុង​តម្លៃ ០,៣៨៧៧ ដុល្លារ​ ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល ក្រសួង​រ៉ែ និង​ថាមពល បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​នៅក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង រដ្ឋាភិបាល​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​ថាមពល​ពី​សូឡា​ទំហំ ៦០ ​មេហ្គាវ៉ាត់​ចំនួន​មួយ​រួចមកហើយ ដែល​បាន​តភ្ជាប់​ចូល​បណ្តាញ​ជាតិ​កាលពី​ខែមេសា ឆ្នាំមុន​។ គម្រោង​នេះ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន SchneiTec Renewable Co Ltd ជាការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ចិន និង​ដៃគូ​ក្នុងស្រុក​។

បើតាម​លោក ហ្សូនា ការភ្ជាប់​ចូល​បណ្តាញ​ជាតិ​របស់​រោងចក្រ​នេះ​បាន​នាំឱ្យ​ការផលិត​ថាមពល​សូឡា​សរុប​នៅ​កម្ពុជា​កើន​ដល់ ១៥០ ​មេហ្គាវ៉ាត់​។

រដ្ឋាភិបាល​ក៏​គ្រោង​នឹង​សាងសង់​រោងចក្រ​ថាមពល​សូឡា​ទំហំ ៤០ ​មេហ្គាវ៉ាត់​មួយទៀត ស្ថិត​នៅ​ខេត្តកំពង់ឆ្នាំង​ផងដែរ ខណៈ​ក្រសួង​រ៉ែ និង EDC កំពុង​រៀបចំ​ឯកសារ​ដេញថ្លៃ​សម្រាប់​ដាក់ជូន​ឱ្យ​ក្រុមហ៊ុន​ដេញថ្លៃ​គម្រោង​នេះ​៕ LA