ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តរក្សាការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៧ ភាគរយនៅក្នុង ឆ្នាំ២០១៤ និង ៧,៣ ភាគរយក្នុង ឆ្នាំ២០១៥។
ការរក្សាកំណើននេះដោយសារតែភាពល្អប្រសើរនៃស្ថានការណ៍នយោបាយក្រោយការបោះឆ្នោតកាលពីឆ្នាំមុន និងការដំឡើងប្រាក់ឈ្នួលអប្បបរមា ក្រោយពីភាពតានតឹងនៅក្នុងឧស្សាហកម្មកាត់ដេរ។ នេះបើយោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីបច្ចុប្បន្នកម្ម ២០១៤ ចេញផ្សាយកាលពីថ្ងៃព្រស្បតិ៍។
របាយការណ៍បន្តថា ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងបានកើនឡើង ១៤,៥ ភាគរយរហូតដល់ ២,៨ ពាន់លានដុល្លារនៅក្នុងឆមាស ទី១ ឆ្នាំ២០១៤ ដែលមានកំណើន ១៧ ភាគរយនៅក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន ហើយកំណើននៃការនាំចេញទំនិញជារួមមានការថយចុះពី ២៧ ភាគរយមកនៅ ២០ ភាគរយនៅក្នុងរយៈពេលដូចគ្នានេះ។ កំណើននៃការនាំចូលថយចុះពី ២៤,៧ ភាគរយមកនៅ ៦,៧ ភាគរយ។ ចំនួនភ្ញៀវទេសចរមកកាន់ ប្រទេសកម្ពុជា កើនឡើង ៥,២ ភាគរយដល់ ២,២ លាននាក់ចាប់ពី ខែមករា ដល់ ខែមិថុនា បើធៀបជាមួយនឹងកំណើន ១៩,១ ភាគរយនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកកំណើននៃការផ្ដល់ឥណទានដល់វិស័យឯកជនមានអត្រា ១២ ភាគរយនៅក្នុង ខែមិថុនា ធៀបនឹងឆ្នាំមុនពោលគឺស្ថិតក្រោមអត្រាកំណើនកាលពីឆ្នាំកន្លងទៅ។
លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់របស់ ADB ប្រចាំកម្ពុជានិយាយថា «សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងថានឹងនៅតែមានស្ថានភាពល្អប្រសើរនៅក្នុងរយៈពេលប្រកបដោយស្ថិរភាពដែលគួរជាកត្តាជំរុញឲ្យវិនិយោគិនកាន់តែមានទំនុកចិត្តបន្ថែមទៀត»។
អត្រាអតិផរណាត្រូវបានព្យាករថា មានកម្រិតខ្ពស់ជាងការរំពឹងទុកកន្លងមក ដោយសារតែតម្លៃស្បៀងអាហារខ្ពស់ជាងមុន និងការរឹតបន្តឹងការប្រមូលពន្ធគយកាលពីចុង ឆ្នាំ២០១៣ ដែលមួយផ្នែកជាសម្ពាធធ្វើឲ្យតម្លៃទំនិញនាំចូលមានការកើនឡើង។ ADB ព្យាករថា អតិផរណាមានកម្រិត ៤,៤ ភាគរយនៅក្នុង ឆ្នាំ២០១៤ និង ៤ ភាគរយនៅក្នុង ឆ្នាំ២០១៥៕