ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ដំឡើង​តួលេខ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២០ ដោយ​ផ្អែកលើ​ភាពល្អប្រសើរ​ជាង​មុន​នៃ​ផលិតកម្ម​វិស័យ​កសិកម្ម និង​ការកើនឡើង​ការនាំចេញ​ផលិតផល​មិនមែន​សម្លៀកបំពាក់​ដូចជា កង់ និង​គ្រឿង​អេឡិចត្រូនិក​ជាដើម​។

បច្ចុប្បន្នភាព​នៃ​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​ (ADO) ​សម្រាប់​ឆ្នាំ​ ២០២០ ដែលជា​របាយការណ៍​សេដ្ឋកិច្ច​ពិសេស​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​ព្យាករ​ពី​ការធ្លាក់ចុះ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​ ២០២០ ក្នុង​រង្វង់​ដក ៤,០ ​ភាគរយ​ ធៀប​នឹង​ដក ៥,៥ ​ភាគរយ ​នៃ​ការព្យាករ​កាលពី​ខែ​មិថុនា កន្លងមក​។

ADO បង្ហាញ​ថា ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ការបញ្ជាទិញ​ពី​អឺរ៉ុប និង​អាមេរិក​ខាង​ជើងបាន​នាំ​ដល់​ការបិទទ្វារ​រោងចក្រ​សម្លៀកបំពាក់ ទំនិញ​ធ្វើ​ដំណើរ និង​ស្បែកជើង​ (GTF) ​ប្រហែល​ ១/៣ ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០​។

ប៉ុន្តែ​កំណើន​នៃ​ការផលិត​កង់ និង​គ្រឿង​អេឡិចត្រូនិក​បាន​ជំរុញ​ឱ្យ​ការនាំចេញ​ផលិតផល​ក្រៅពី​ទំនិញ​កាត់ដេរ​របស់​កម្ពុជា​កើនឡើង ៣០,៣ ​ភាគរយ​ ក្នុង​ឆមាស​ទី​ ១ នៃ​ឆ្នាំ​ ២០២០ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

កំណើន​សរុប​នៃ​ផលិតផល​ឧស្សាហកម្ម​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង ៥,១ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០ ប្រសិនបើ​ការនាំចេញ​សម្លៀកបំពាក់ ទំនិញ​ធ្វើដំណើរ និង​ស្បែកជើង បន្ត​ស្ទុះ​ងើបឡើង​វិញ​។

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​ឲ្យ​ដឹងថា ជំងឺ​រាតត្បាត​បណ្ដាល​មកពី​វីរុស​កូរ៉ូណា​ជា​បញ្ហា​ប្រឈម​ពិភពលោក​ដែល​មិន​ធ្លាប់​មាន​ពីមុនមក ប៉ុន្តែ​ជា​សំណាង​ល្អ​ប្រទេស​កម្ពុជា​មិន​មាន​វិបត្តិ​ផ្នែក​សុខាភិបាល​នោះទេ​។

លោកស្រី​ថ្លែងថា​៖ «​យើង​រំពឹងថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥,៩ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២១ ដោយសារ​តែ​កម្លាំង​ជំរុញ​នៃ​គោលនយោបាយ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្នុង​ការជួយ​ទៅ​ដល់​ជនក្រីក្រ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

លោកស្រី​បន្តថា​៖ «​វិធានការ​ទាំងនេះ​រួម​ជាមួយ​នឹង​ការកែទម្រង់​រចនាសម្ព័ន្ធ​ចាំបាច់ និង​កាត់បន្ថយ​ផលប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ពី​កូវីដ​ ១៩ ទៅលើ​គ្រួសារ និង​អាជីវកម្ម​នានា ហើយ​នឹង​ជួយ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ស្ទុះ​ឡើង​ខ្លាំង​ជាង​មុន បន្ទាប់ពី​វិបត្តិ​កូវីដ​១៩»​។

ការនាំចេញ​កង់​ពី​កម្ពុជា​មាន​តម្លៃ​សរុប ២៤១,៧ ​លាន​ដុល្លារ​ ក្នុង​អំឡុង​ឆមាស​ទី១ ​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ជាង​ពាក់កណ្ដាល​នៅក្នុង​ចំណោម​កង់​ចំនួន ១,១ ​លាន​គ្រឿង​ ដែល​បាន​នាំចេញ​ក្នុង​អំឡុង​ឆមាស​ទី​១ ឆ្នាំ​ ២០២០ ត្រូវបាន​នាំទៅ​ទីផ្សារ​អឺរ៉ុប​។ ទិសដៅ​ផ្សេង​ទៀត​សម្រាប់​ទីផ្សារ​កង់ រួមមាន​អាមេរិក ចក្រភព​អង់គ្លេស និង​ជប៉ុន​។ នេះ​បើ​តាម​ទិន្នន័យ​គយ​។

ទិន្នន័យ​បន្តថា នៅក្នុង​អំឡុង​ពេលនេះ​កម្ពុជា​ក៏​បាន​នាំចូល​កង់ ១៩២ ៣៩៧ ​គ្រឿង​ ស្មើនឹង​តម្លៃ ៤,៣៤ ​លាន​ដុល្លារ​។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ហេង សួរ បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​ព័ត៌មាន​ស្ដីពី​វិធានការ​ឆ្លើយតប​ជំងឺ​កូវីដ​ ១៩ របស់​រដ្ឋាភិបាល​ដែល​រៀបចំ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ខែ​កក្កដា​ថា ការនាំចេញ​ផលិតផល​សម្លៀក​បំពាក់ វាយនភណ្ឌ និង​ស្បែកជើង​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ឆមាស​ទី​១ ឆ្នាំនេះ​បាន​ធ្លាក់ចុះ ៥,៤​ ភាគរយ​ ធៀប​នឹង​ជាង ៤ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា​ឲ្យ​ដឹងថា នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០២០ ការនាំចេញ​សរុប​របស់​កម្ពុជា​មាន​តម្លៃ​ជាង ៧,០១ ​ពាន់​លាន​ដុល្លារ កើនឡើង​ជិត​ ៣ ​ភាគរយ​ បើ​ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ការនាំចេញ​កង់​បាន​កើនឡើង ១៨ ភាគរយ​។

ADB កំពុង​គាំទ្រ​ការឆ្លើយតប​នឹង​ការរីករាលដាល​កូវីដ​ ១៩ របស់​រដ្ឋាភិបាល​កម្ពុជា និង​បានផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ក្នុង​ទឹកប្រាក់ ២៥០ ​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល បង្កើន​ការការពារ​សង្គម និង​គាំទ្រ​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​៕ LA