ភ្នំពេញ: ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ​បាន​អនុម័ត​ប្រាក់កម្ចី ១២៧,៨ លាន​ដុល្លារ​ ដើម្បី​ជួយ​ពង្រីក​បណ្តាញ​បញ្ជូន​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ខណៈ​វិស័យនេះ​កំពុង​មាន​ដំណើរការ​ល្អ​ក្នុង​ការពង្រីក​ការផលិត​ថាមពល​អគ្គិសនី​ក្នុង​តម្លៃ​ទាប​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា ប្រាក់កម្ចី​នេះ​នឹង​ជួយ​គាំទ្រ​ការកសាង​បណ្តាញ​បញ្ជូន និង​អនុស្ថានីយ​អគ្គិសនី​នៅ​ក្រុងភ្នំពេញ និង​ខេត្ត​ចំនួន​ ៣ ដើម្បី​ទទួល​បាន​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ប្រកប​ដោយ​ស្ថិរភាព និង​អាច​ទុកចិត្ត​បាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា គម្រោង​នេះ​ក៏​នឹង​សាកល្បង​ប្រព័ន្ធ​ផ្ទុក​ថាមពល​ដើរ​ដោយ​អាគុយ​ខ្នាត​ធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ថវិកា​ចំនួន ៦,៧ ​លាន​ដុល្លារ​។ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ ៤,៧ ​លាន​ដុល្លារ​ពី​មូលនិធិ​អាកាសធាតុ​ជា​យុទ្ធសាស្ត្រ​ (Strategic Climate Fund) ​នៃ​ការពង្រីក​ការអនុវត្ត​កម្មវិធី​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​ថវិកា ២ លាន​ដុល្លារ​ពី​មូលនិធិ​ថាមពល​ស្អាត​ (Clean Energy Fund) ​នៃ​គម្រោង​ដៃគូ​ហិរញ្ញប្បទាន​សម្រាប់​ថាមពល​ស្អាត​ (Clean Energy Financing Partnership Facility) ដែល​មូលនិធិ​ទាំង​ ២ ​នេះ​ត្រូវ​គ្រប់គ្រង​ដោយ ADB​។

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់ ADB បាន​ឲ្យ​ដឹងថា គម្រោង​បង្កើន​ប្រព័ន្ធ​បញ្ជូន​ចរន្ត​នេះ​នឹង​ជួយ​ឲ្យ​ការផ្គត់ផ្គង់​ថាមពល​គ្រប់គ្រាន់ អាច​ទុកចិត្ត​បាន និង​មាន​និរន្តរភាព​បរិស្ថាន ដែល​អាច​ផ្តល់​ក្នុង​តម្លៃ​សមរម្យ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​សមធម៌​។

លោកស្រី​ថ្លែងថា​៖ «​ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អាគុយ​នឹង​បង្ហាញ​ពី​ការអភិវឌ្ឍ​នៃ​ការអនុវត្ត​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​ថ្មី​អាច​ត្រូវបាន​ប្រើ​ដើម្បី​ដំណើរការ​បណ្តាញ​អគ្គិសនី​នៅ​កម្ពុជា​នៅពេល​អនាគត និង​ការបង្កើត​ថាមពល​កកើត​ឡើង​វិញ​បន្ថែមទៀត​»​។

ADB បន្តថា គម្រោង​នេះ​នឹង​ជួយ​ដល់​អគ្គិសនី​កម្ពុជា​ (EDC)​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្ត​តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ការកសាង​បណ្តាញ​បញ្ជូន ១១៥-២៣០ គីឡូវ៉ាត់​ចំនួន ៤ ព្រមទាំង​អនុស្ថានីយ​អគ្គិសនី​ចំនួន ១០ ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ឆ្នាំង កំពង់ចាម និង​ខេត្តតាកែវ​។

គម្រោង​ផ្ទុក​ថាមពល​ដោយ​អាគុយ​ដែលមាន​ទីតាំង​នៅក្បែរ​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​កម្លាំង ១០០ ​មេហ្គាវ៉ាត់​ ដែល​គាំទ្រ​ដោយ ADB នឹង​រួមបញ្ចូល​នូវ​ការបណ្តុះបណ្តាល​បច្ចេកទេស​ផង​ដែរ​។

ADB បន្ថែម​ថា រដ្ឋាភិបាល​ក៏​គ្រោង​នឹង​បង្កើន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​ឲ្យ​ដល់ ៤១៥ មេហ្គាវ៉ាត់​នៅ​ឆ្នាំ​ ២០២២ កើន​ពី ១៥៥ ​មេហ្គាវ៉ាត់​កាលពី​ឆ្នាំ​ ២០១៩​។

ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អាគុយ​ដែល​គាំទ្រ​ដោយ​គម្រោង​នេះ​មាន​សមត្ថភាព​សន្សំ​ថាមពល​អគ្គិសនី ១៦ ​មេហ្គាវ៉ាត់​ម៉ោង និង​ផ្តល់​សេវាកម្ម​ដើម្បី​ជួយ​ដល់​ការធ្វើ​សមាហរណកម្ម​ថាមពល​កកើត​ឡើងវិញ ការធ្វើឲ្យ​ប្រសើរ​ឡើង​នៃ​ការកកស្ទះ​ខ្សែ​បញ្ជូន​ (transmission congestion relief) ​និង​តុល្យភាព​នៃ​ការផ្គត់ផ្គង់ និង​តម្រូវការ​។

លោកស្រី​ Daniela Schmidt ​អ្នកឯកទេស​ផ្នែក​ថាមពល​អគ្គិសនី​របស់ ADB បាន​អះអាងថា គម្រោង​នៃ​ការផ្តល់​ហិរញ្ញប្បទាន និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្ត​ចាំបាច់​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកប​ដោយ​និរន្តរភាព​នឹង​ជំរុញ​ផលិតភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ភាព​ប្រកួត​ប្រជែង និង​ការធ្វើ​ពិពិធកម្ម បង្កើត​ការងារ និង​គាំទ្រ​ដល់​ការងើប​ឡើង​វិញ​របស់​ប្រទេស​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ចំនួន​ ១ ៣០០ នៅក្នុង​វិស័យ​សំណង់​ជាមួយ​នឹង​ការផ្តល់​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​។ គម្រោង​នេះ​ក៏​នឹង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អគ្គិសនី​កម្ពុជា​ក្នុង​ការលើក​កម្ពស់​បរិយាប័ន្ន និង​សមភាព​យេនឌ័រ​នៅ​កន្លែង​ធ្វើការ និង​លើក​ទឹកចិត្ត​ឱ្យ​មាន​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​វិស័យ​ថាមពល​»​។

ចាប់តាំងពី​ឆ្នាំ​ ១៩៩៤ មក ADB បាន​ផ្តល់​ប្រាក់កម្ចី និង​ជំនួយ​ឥតសំណង​ជិត ២០០ លាន​ដុល្លារ​ ដល់​វិស័យ​ថាមពល​របស់​ប្រទេស​កម្ពុជា និង​ផ្តល់ជំនួយ​បច្ចេកទេស​ប្រមាណ ៦ លាន​ដុល្លារ​៕ LA