ភ្នំពេញ៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) បាន​អនុម័ត​កម្ចី​ចំនួន ៧០ លាន​ដុល្លារ ​ដើម្បី​បង្កើន​សមត្ថភាព​កសិពាណិជ្ជកម្ម​ក្នុង​ខេត្ត​ចំនួន​ ៦ នៅ​​​កម្ពុជា ទាក់ទង​នឹង​ការ​​កែច្នៃ​ផលិតកម្ម​កសិកម្ម​សំខាន់ៗ​​ ​ដូចជា​ ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និង​មាន់។ នេះ​បើ​​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី ២៧ ខែ​វិច្ឆិកា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា គម្រោង​​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​ចង្វាក់​តម្លៃ​កសិកម្ម និង​សុវត្ថិភាព​មាន​គោល​បំណង​ផ្ដល់​​អត្ថប្រយោជន៍​ប្រហែល ២៣០ ​សហករណ៍​កសិកម្ម និង​កសិពាណិជ្ជកម្ម ៥០ ​នៅ​ខេត្ត​កំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ​ត្បូងឃ្មុំ។

លោកស្រី Takeshi Ueda សេដ្ឋវិទូ​ធនធាន​ធម្មជាតិ និង​កសិកម្ម​នៅ ADB បាន​ឱ្យ​ដឹង​ថា កសិកម្ម​អាច​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​​កម្ពុជា និង​ការ​ធ្វើ​ពិពិធកម្ម​ បើ​​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ស្រុក​អាច​​បង្កើន​សមត្ថភាព​​ក្នុង​ការ​កែច្នៃ​ផលិតផល​កសិកម្ម​តម្លៃ​ខ្ពស់ និង​មាន​​​ទីផ្សារ​ធំ​ទូលាយ​។

លោកស្រី​ថ្លែង​ថា​៖ ​«ការ​វិនិយោគ​ឯកជន​លើ​កសិកម្ម រួម​​នឹង​លទ្ធភាព​កាន់​​តែ​ប្រសើរ​ក្នុង​ការ​ទទួល​បាន​ឥណទាន និង​ផលិតផល​​មិន​ទាន់​កែច្នៃ​មាន​គុណភាព​ខ្ពស់ នឹង​ជួយ​ឱ្យ​កសិ​ពាណិជ្ជកម្ម​កម្ពុជា​បញ្ចេញ​នូវ​សក្ដានុពល​កំណើន​របស់​ខ្លួន បង្កើត​ការងារ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាម​ជនបទ​»​។

គម្រោង​នេះ​នឹង​ជួយ​សម្រួល​ដល់​លទ្ធភាព​នៅ​ក្នុង​ការ​ទទួល​បាន​​ឥណទាន​សម្រាប់​កសិកម្ម និង​កសិពាណិជ្ជកម្ម។

គម្រោង​នេះ​ក៏​នឹង​គាំទ្រ​ដល់​គំនិត​ផ្តួចផ្ដើម ​ដើម្បី​ពង្រឹង​សុវត្ថិភាព និង​គុណភាព​ស្បៀង​អាហារ​​ក្នុង​ចង្វាក់​តម្លៃ​សម្រាប់​ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និង​មាន់។ វា​ក៏​នឹង​ជួយ​ទៅ​ដល់​សហករណ៍​កសិកម្ម​ទទួល​យក​​ការ​អនុវត្ត​កសិកម្ម​ល្អ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​មន្ទីរ​ពិសោធន៍​ធ្វើ​តេស្ដ​សុវត្ថិភាព​ស្បៀង​អាហារ ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​​ជា​អន្តរជាតិ។

គម្រោង​នេះ នឹង​គាំទ្រ​ដល់​ការ​​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ពូជ​ដំណាំ​កសិកម្ម និង​ពូជ​មាន់​ទា តាមរយៈ​ការ​ជួយ​សហករណ៍​កសិកម្ម​ឱ្យ​ទទួល​បាន​ទិន្នផល​​ខ្ពស់ ភាព​ធន់​នឹង​គ្រោះ​រាំងស្ងួត គ្រាប់​ពូជ​ដំណាំ​ដែល​ធន់​នឹង​ជំងឺ និង​សម្ភារ​ដាំ​ដុះ​ផ្សេងៗ​​ទៀត​។

លើស​ពី​នេះ គម្រោង​ក៏​​នឹង​ជួយ​កែលម្អ​ផ្លូវ​ជនបទ​​ប្រវែង ១១០ ​គីឡូម៉ែត្រ និង​ជួយ​​តភ្ជាប់​រវាង​​ប្រជាកសិករ​ជាមួយ​នឹង​​ទីផ្សារ​​ក្នុង​តំបន់​របស់​គម្រោង​​ផង​ដែរ៕ LA