
ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់ ធនាគារអភិវឌ្ឍន៍ អាស៊ី ប្រចាំកម្ពុជាថ្លែង កាលពីម្សិលមិញថា នៅពេលទំហំនៃការខូចខាតដោយទឹកជំនន់ត្រូវបានមើលឃើញកាន់តែច្រើនADBអាចបន្ទាបការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា។
លោក Eric Sidgwick នាយកប្រចាំប្រទេសរបស់ ADB នៅកម្ពុជានិយាយថា៖ «វាអាចកើតឡើងបានដែល យើងត្រូវតែកែប្រែទម្លាក់នៅពេលយើងទទួលបានព័ត៌មានកាន់តែច្រើន។ ប៉ុន្តែ យើងកំពុងពិនិត្យបញ្ហានេះដោយយកចិត្តទុកដាក់»។
កាលពីថ្ងៃទី២ ខែតុលា ADB បានព្យាករកំណើនសេដ្ឋកិច្ចនៅ ៧,២ ភាគរយនៅឆ្នាំនេះហើយថា នៅ ២០១៤ កំណើនត្រូវបានគេរំពឹងនឹងមាន ៧,៥ ភាគរយ ដោយសារ តែការកើនឡើងវិញនៃទីផ្សារ អឺរ៉ុប និង អាមេរិក។
ថ្លែងនៅសណ្ឋាគារ Dara Airport ក្នុងសិក្ខាសាលាចេញរបាយការណ៍ពាក់កណ្ដាលឆ្នាំឈ្មោះថា Asian Economic Integration Monitor លោក Eric Sidgwick និយាយថា ផ្នែកជាច្រើននឹងពឹងផ្អែកទៅលើថា តើហេដ្ឋារចនាសម្ព័ន្ធត្រូវរងផលប៉ះពាល់ច្រើនប៉ុន្មានដោយទឹកជំនន់។
លោកបានបន្តថា៖ «យើងត្រូវតែពិនិត្យមើលផ្លូវណាមួយបានរងការខូចខាត ហើយនៅកន្លែងណា។ តើអ្វីគឺជា ផលប៉ះពាល់លើពាណិជ្ជកម្ម និង អ្វីគឺជាផលប៉ះពាល់លើកំណើនសេដ្ឋកិច្ច»។
ADB បានព្យាករថាតម្លៃនៃការខូចខាតបង្កឡើងដោយទឹកជំនន់ដ៏ធំ កាលពីឆ្នាំ ២០១១ មាន ៦២៤ លានដុល្លារ។ ជាងពាក់កណ្ដាលចំនួននោះ គឺជា ការខូចខាត ផ្លូវ និង ស្ពាន។
ទោះបីជាការចំណាយច្រើន ក៏ លោក Sidgwick មិនសូវជាបារម្ភលើការខូចខាតរយៈពេលយូរដល់សេដ្ឋកិច្ចនៅឆ្នាំនេះ បើប្រៀបធៀបស្ថានការណ៍នៅឆ្នាំ ២០១១ ពេលដែលទឹកជំនន់មិនបានប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចនោះ។
លោកបន្តថា៖ «ដូច្នេះ ទោះបីជា អាចមានការធ្លាក់ចុះប្រហែលជាការធ្លាក់ចុះរយៈពេលខ្លី»។
ប៉ុន្តែ ការប៉ាន់ស្មានជា បឋមគឺមិនល្អនោះទេ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃ ពុធ ប៉ាន់ស្មានតម្លៃសរុបនៃការខូចខាតទ្រព្យសម្បត្តិ ដោយសារទឹកជំនន់នៅ ឆ្នាំនេះ មានតម្លៃ ១ ពាន់លានដុល្លារ។ តួលេខនេះគិតពីការបំផ្លាញទំនប់ជាច្រើន អាងស្ដុកទឹកប្រព័ន្ធ ធារាសាស្ដ្រ ផ្លូវជាតិ និង ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងទៀត។
លោក ញឹម វណ្ណដា អនុប្រធានទីមួយ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយនិយាយថា ការខូចខាតខាងហិរញ្ញវត្ថុ គឺមានភាព «ធ្ងន់ធ្ងរ» ហើយតម្លៃនិងទំហំនៃការខូចខាត គឺលើសពីឆ្នាំ ២០១១ ឆ្ងាយណាស់។
លោកបន្តថា៖ «បន្ទាប់ពីទឹកជំនន់ស្រកចុះ ការងាររបស់យើង គឺ ការស្ដារឡើងវិញ»។
របាយការណ៍ចុងក្រោយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា មនុស្ស ១៦៨ នាក់ បានស្លាប់ ហើយស្រែ រាប់សែន ហិកតា ត្រូវបានទទួលរងផលប៉ះពាល់។ ផ្លូវជាតិប្រហែល ២៤១ ៩០០ គីឡូម៉ែត្រ ត្រូវបានខូចខាត។ លើសពីនេះទៀត ផ្លូវថ្នល់ និង ផ្លូវលំ ប្រហែល ១៤២ ៨៨២ គីឡូម៉ែត្រក៏ត្រូវរងការខូចខាតដែរ៕PB