ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹងថា ក្រុមហ៊ុន Adidas និង H&M ប្តេជ្ញា​រៀបចំ​រចនាសម្ព័ន្ធ​ផលិតកម្ម​របស់ខ្លួន​ឡើងវិញ​នៅ​កម្ពុជា ខណៈ​ដែល​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ វាយនភណ្ឌ និង​ស្បែកជើង​កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Adidas និង H&M នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការកែលម្អ​បរិយាកាស​នៅក្នុង​វិស័យ​កាត់ដេរ​ដែល​កំពុង​តែ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។

ការថ្លែង​នេះ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​លោក Matthew Armstrong នាយក​ផ្នែក​បញ្ជា​ទិញ​នៃ​ការិយាល័យ​តំណាង​ក្រុមហ៊ុន Adidas និង​លោក Christer Horn af Aminne នាយក​ផ្នែក​ផលិតកម្ម​ទទួល​បន្ទុក​ប្រទេស​កម្ពុជា និង​វៀតណាម​របស់​ក្រុមហ៊ុន H&M កាលពី​ថ្ងៃ​អង្គារ​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។

ក្នុង​ជំនួប​នេះ​លោក​រដ្ឋមន្ត្រី​បានបង្ហាញ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​តាមរយៈ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ ខណៈ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​។

លោក​ថ្លែងថា​៖ «​យើង​សូម​ស្នើ​ឲ្យ​ក្រុមហ៊ុន​បន្តធ្វើ​ការបញ្ជាទិញ​ពី​កម្ពុជា និង​ចូល​រួមជាមួយ​រដ្ឋាភិបាល​ក្នុង​ការគាំទ្រ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​១៩ ផុត​ទៅវិញ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​រំពឹង​ថា នឹង​មាន​ការបញ្ជាទិញ​បណ្តើរៗ​ឡើងវិញ​នៃ​ផលិតផល​វិស័យ​វាយនភណ្ឌ​នៅ​កម្ពុជា បន្ទាប់ពី​តំបន់​មួយ​ចំនួន​នៅ​អាមេរិក និង​អឺរ៉ុប​បើក​ទីផ្សារ​ឡើងវិញ​។

លោក​បន្ថែមថា​៖ «​យើង​ឃើញថា នៅ​អាមេរិក និង​អឺរ៉ុប​តំបន់​ខ្លះ​បាន​ប្រកាស​បើក​ទីផ្សារ​ឡើងវិញ​ហើយ​។ ជា​រឿង​ល្អ​សម្រាប់​យើង ប្រសិន​បើ​ម្ចាស់​ទីផ្សារ​បញ្ជា​ទិញ​ឡើងវិញ​»​។

លោក គី សិរីវឌ្ឍ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយថា វិស័យ​កាត់ដេរ​នឹង​មាន​ស្ថានភាព​ប្រក្រតី​វិញ​រហូត​ទាល់តែ​គេ​រកឃើញ​វ៉ាក់សាំង​ជំងឺ​កូវីដ​-១៩​។ លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​ថា ការចំណាយ​របស់​អ្នកប្រើប្រាស់​លើ​សម្លៀកបំពាក់​នឹង​បន្ត​ថយចុះ​ក្នុង​អំឡុង​ពេលនេះ ទោះ​ជា​យើង​ខិតខំ​ជំរុញ​ឲ្យ​មាន​ការបញ្ជាទិញ​យ៉ាងណា​ក៏​មិនអាច​ជំរុញ​ឲ្យ​បាន​ប្រសើរ​ជាង​នេះដែរ​»​។

លោក​បន្តថា ទោះជា​យ៉ាងណា​កម្ពុជា​នៅតែ​ជា​ប្រទេស​ឈានមុខ​មួយ​ក្នុង​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ទៅកាន់​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ( GMAC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មិន​អាច​ព្យាករ​ថា នឹង​មាន​ការបញ្ជា​ទិញ​សម្លៀកបំពាក់​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​នៅពេលណា​នោះទេ​។ លោក​ថ្លែង​ថា​៖ «​វា​នឹង​មាន​ការបញ្ជាទិញ​តិចៗ​វិញ បន្ទាប់ពី​អាមេរិក និង​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​ចាប់ផ្តើម​បើក​ឡើងវិញ​»​។

របាយការណ៍ GMAC បាន​ឲ្យ​ដឹងថា មាន​រោងចក្រ​ប្រហែល​ ២៥០ ត្រូវបាន​ផ្អាក​ប្រតិបត្តិការ​ស្ទើរ​ទាំងស្រុង ហើយ​កម្មករ​ជាង ១៣ ​ម៉ឺន​នាក់​បាន​បាត់​បង់ការងារ​។ នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ មាន​អ្នកបញ្ជា​ទិញ​ជាច្រើន​បាន​លុបចោល​ការបញ្ជាទិញ​ទៅវិញ ខណៈ​ទំនិញ​ដែល​បញ្ជា​ទិញ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ផលិត​។ គេ​ប៉ាន់ប្រមាណ​ថា ការលក់​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ​នៅ​ត្រីមាស​ទី​ ២ ​នេះ​ទំនង​ជា​នឹង​ធ្លាក់ចុះ​ពី ៥០ ​ទៅ​ ៦០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕ LA