ក្រុងហ្វ្រែងហ្វឺតៈ ក្រុមហ៊ុន​ផលិត​ស្បែកជើង Adidas របស់​ប្រទេស​ អាល្លឺម៉ង់​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ជាង​ពាក់កណ្តាល​នៃ​សាច់​ក្រណាត់​សំយោគ​ប៉ូលីយេស្ទ័រ (polyester) ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​ផលិតផល​របស់ខ្លួន​ក្នុងឆ្នាំនេះ​នឹង​ត្រូវ​ផលិត​ចេញពី​សម្ភារ​ដែល​អាច​ប្រើប្រាស់​ទ្បើង​វិញ​បាន រួមទាំង​ស្បែកជើង​រាប់លាន​គូ​ដែល​ផលិត​ចេញពី​ប្លាស្ទិក​ផងដែរ​។

ក្រុមហ៊ុន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា នៅក្នុង​ឆ្នាំ ២០២០ ចំណែក​នៃ​សាច់ក្រណាត់​សំយោគ​ប៉ូលីយេស្ទ័រ​ដែល​ត្រូវបាន​កែច្នៃ​ទ្បើង​វិញ​ក្នុង​ផលិតផល​របស់​ក្រុមហ៊ុន Adidas នឹង «​កើន​ខ្ពស់ជាង ៥០ ​ភាគរយ​ ជា​លើកដំបូង​»​។

គិត​ត្រឹម​ឆ្នាំ​ ២០២៤ ក្រុមហ៊ុន Adidas «​បាន​ប្តេជ្ញាចិត្ត​ចំពោះ​ការប្រើប្រាស់​ក្រណាត់​សំយោគ​ប៉ូលីយេស្ទ័រ​ដែល​ត្រូវបាន​កែច្នៃ​ឡើងវិញ​» នៅ​ទូទាំង​ផលិតកម្ម​ស្បែកជើង សម្លៀក​បំពាក់ និង​សម្ភារ​ផ្សេងៗ​ទៀត​ដូចជា​កាបូប និង​ប្រដាប់​ការពារ​ឆ្នឹង​ស្មងជើង​។

ក្រុមហ៊ុន Adidas ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​របស់​ខ្លួន​មានបំណង​ផលិត​ស្បែកជើង​ឲ្យ​បាន​ពី ១៥ ទៅ ២០ លាន​គូ​ នៅក្នុង​ឆ្នាំ​ ២០២០ ដោយ​ប្រើប្រាស់​សំណល់​ប្លាស្ទិក​ដែល​ត្រូវបាន​កែច្នៃ​ឡើងវិញ​ដែល​ប្រមូលបាន​នៅតាម «​ឆ្នេរ និង​តំបន់​សមុទ្រ​នានា​»​។

ក្រុមហ៊ុន​បាន​ចេញលក់​រួចហើយ​នូវ​ស្បែកជើង​ចំនួន ១១ លាន​គូ​ កាលពី​ឆ្នាំមុន​ដែល​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​នៃ​ស្បែកជើង​សរុប​ជាង ៤០០ លាន​គូ ​ដែល​ក្រុមហ៊ុន​នេះ​ផលិត​បាន​ប្រចាំឆ្នាំ​។

ក្រុមហ៊ុន Adidas ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ប្តេជ្ញាចិត្ត​ចំពោះ​ការប្រយុទ្ធ​ប្រឆាំង​នឹង​កាកសំណល់​ប្លាស្ទិក «​ដើម្បី​បញ្ឈប់​ការបំពុល​មហាសមុទ្រ​របស់​ពិភពលោក​»៕