ភ្នំពេញៈ ក្រសួងទេសចរណ៍អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ឱ្យមកដាក់ពាក្យស្នើសុំកញ្ចប់ថវិកាសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងធនធានមនុស្សបន្ថែមទៀតនៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
ក្រសួងប្រកាសថា ក្រុមហ៊ុនផ្តល់សេវាកម្មបណ្តុះបណ្តាលលើជំនាញដែលពាក់ព័ន្ធអាចដាក់សំណើដេញថ្លៃលើសកម្មភាពរៀបចំ និងផ្តល់កម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពសម្រាប់ក្រសួងទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍។
សេចក្តីជូនដំណឹងបញ្ជាក់ថា កម្មវិធីនេះស្ថិតក្រោមក្របខ័ណ្ឌគម្រោងកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍នៅកម្ពុជា (TCBP) ដែលក្រសួងទទួលបានជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។
សេចក្តីជូនដំណឹងឱ្យដឹងទៀតថា គម្រោង TCBP ត្រូវបែងចែកជា ១៨ វគ្គបណ្តុះបណ្តាលលើជំនាញចំនួន ៧ ដែលរួមមាន ជំនាញទំនាក់ទំនង និងកន្លែងការងារ, ទីផ្សារ និងទេសចរណ៍, ការគ្រប់គ្រងគម្រោង, ស្ថិតិ និងការស្រាវជ្រាវ, សុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងហិរញ្ញវត្ថុ និង ICT។
សេចក្តីជូនដំណឹងបានបន្តថា ក្រសួងក៏មានបំណងជ្រើសរើសក្រុមហ៊ុនប្រឹក្សាយោបល់មួយ ឬច្រើន ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការរៀបចំ និងផ្តល់វគ្គបណ្តុះបណ្តាលជាក់លាក់ដែលក្រសួងរំពឹងថា សកម្មភាពវគ្គបណ្តុះបណ្តាលភាគច្រើននឹងបញ្ជូលគ្នាទាំងការបង្រៀនដោយផ្ទាល់ និងអនឡាញតាមរយៈប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System)។
សេចក្តីជូនដំណឹងបន្ថែមថា ការបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅរយៈពេល ១២ ខែ។ នេះបើតាមកាលវិភាគដែលសម្របសម្រួលដោយផ្នែកគ្រប់គ្រងគម្រោងនៃក្រសួងទេសចរណ៍។
វិសាលភាពការងាររបស់អ្នកពិគ្រោះយោបល់នេះគ្របដណ្តប់លើរាល់សកម្មភាពដែលត្រូវការការរចនាការរៀបចំ និងវាយតម្លៃលើវគ្គបណ្តុះបណ្តាល និងការកសាងសមត្ថភាពដែលបានបញ្ជាក់។ នេះបើយោងតាមសេចក្តីជូនដំណឹង។
ការផុតកំណត់ឈប់ទទួលពាក្យស្នើសុំនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១។
រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ជំនួយឥតសំណង ១,៥ លានអឺរ៉ូ (១,៧ លានដុល្លារ) ដើម្បីជួយស្តារវិស័យទេសចរណ៍ក្រោយកូវីដ ១៩ ដែលជំនួយនេះស្ថិតក្រោមគម្រោងកសាងសមត្ថភាពទេសចរណ៍ឆ្នាំ ២០២០-២០២៣។ នេះបើតាមក្រសួងទេសចរណ៍។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលនេះគឺជាការគាំទ្រពីដៃគូអភិវឌ្ឍន៍ក្នុងការផ្តល់ជំនាញបន្ថែមដល់អ្នកនៅក្នុងវិស័យទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។
លោកថ្លែងថា៖ «យើងផ្តោតតែលើប្រតិបតិ្តករទេសចរណ៍ ភ្នាក់ងារទេសចរណ៍ដែលបម្រើការងារនៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានគឺស្ថិតនៅក្នុងកញ្ចប់នេះ»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ផលប្រយោជន៍ដល់វិស័យទេសចរណ៍តាមរយៈការពង្រឹងជំនាញបន្ថែមទៀត។
អ្នកស្រីរំពឹងថា ក្រោមកម្មវិធីនេះនឹងជួយទាក់ទាញអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ដែលភាគច្រើនបានបោះបង់អាជីពទៅប្រកបរបរផ្សេងក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ ១៩ ងាកមកចាប់យករបរនេះវិញ។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាការផ្តល់វគ្គបណ្តុះបណ្តាលនឹងអាចទាញពួកគាត់ចូលមកវិស័យនេះវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ ប្រសើរឡើង។ យើងកំពុងបារម្ភថាការបោះបង់ពីអាជីពវិស័យទេសចរណ៍នឹងធ្វើឱ្យប្រឈមកង្វះធនធានមនុស្សពេលស្ថានភាពល្អប្រសើរឡើងវិញ»៕ LA