
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីទឹកប្រាក់ចំនួន ២៦ លាន ដុល្លារអាមេរិកពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងគម្រោងស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញនៅខេត្តចំនួនបី។
លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងក្នុងពិធីចុះហត្ថលេខាថា ប្រាក់កម្ចីពីកិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ វិស័យធារាសាស្ត្រ និងកសិកម្ម ដែលនឹងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ១១ កន្លែង គ្របដណ្តប់លើផ្ទៃដី ១១ ០០០ ហិកតាស្ថិតនៅក្នុងខេត្ត កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ហើយក៏នឹងស្តារព្រែកចំនួន ៣០ កន្លែងទៀតនៅខេត្ត កណ្តាល គ្របដណ្តប់លើផ្ទៃដី ៥ ០០០ ហិកតា។
លោក អូន ព័ន្ធមុន្នីរ័ត្ន មានប្រសាសន៍ថា៖ «ការពង្រីកប្រព័ន្ធធារាសាស្ត្រនិងការស្តារព្រែកឡើងវិញនឹងចូលរួមចំណែកក្នុងការជំរុញគោលនយោបាយ នាំចេញអង្ករឲ្យបានមួយលានតោននៅឆ្នាំ ២០១៥»។
នេះគឺជា កម្ចីសម្បទានលើកដំបូងដែលផ្តល់ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដល់រាជរដ្ឋាភិបាល កម្ពុជា បន្ទាប់ពីស្ថាប័ននេះបានផ្តល់ជំនួយឥតសំណងប្រមាណ ៥,២ លានដុល្លារកាលពីខែ មីនា កន្លងទៅដល់ក្រសួង ធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងធនធានទឹក។
លោក ឃឹម សុផាណ្ណា អ្នកប្រឹក្សាគម្រោងរបស់អង្គការ សេដាក់ បានឲ្យដឹងថា បញ្ហាប្រឈមរបស់កសិករកម្ពុជា គឺការពឹងផ្អែកលើទឹកភ្លៀងជាប្រភពស្រោចស្រពនៅឡើយ។
លោកបានបញ្ជាក់ថា ប្រព័ន្ធស្រោចស្រពបន្ថែមនៅកម្ពុជា មានដូចជា អាងស្តុកទឹក ទំនប់ ប្រឡាយ ស្រះទឹកជាដើម បន្ថែមពីលើទឹកភ្លៀង ប៉ុន្តែមិនគ្រប់គ្រាន់ស្រោចស្រពផ្ទៃដីដាំដុះសរុបនោះទេ។
ទិន្នន័យពីអង្គការ សេដាក បានបង្ហាញថា ប្រព័ន្ធស្រោចស្រពបន្ថែមរបស់កម្ពុជាសរុបមាន ២ ០០០ ប្រឡាយនិងព្រែកជីក ប៉ុន្តែមានតែប្រព័ន្ធធារាសាស្ត្រ ១០ ភាគរយប៉ុណ្ណោះដែលអាចប្រើប្រាស់បាន។
ទាក់ទិននឹងគម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រនេះ លោក ឃឹម សុផាណ្ណា បាននិយាយថា៖ «ការស្តារឡើងវិញនូវប្រព័ន្ធនឹងជួយលើកកម្ពស់ផលិតកម្មកសិផលរបស់ កសិករនៅតំបន់នោះ។ កន្លងមកមានច្រើនយើងឃើញមានការសាងសង់ច្រើន ប៉ុន្តែបញ្ហាប្រឈមគឺការថែទាំដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង។
លោកបន្ថែមថា៖ «ការវិនិយោគរបស់រដ្ឋាភិបាលគឺជារឿងមួយ។ សំខាន់ប្រាក់កម្ចីនោះត្រូវយកមកប្រើឲ្យចំទិសដៅ និងមានប្រសិទ្ធភាព គុណភាព ព្រោះការសាងសង់អស់លុយច្រើន ប្រសិនបើសង់គ្មានគុណភាពប្រើមិនបានប៉ុន្មានផង ក៏ត្រូវខូច ហើយក៏ត្រូវដល់ពេលសងលុយគេវិញទៅហើយ»។
កម្ពុជា មានផ្ទៃដីកសិកម្មសរុបប្រមាណ ៣ លានហិកតា ដោយមានប្រព័ន្ធធារាសាស្ត្រគ្របដណ្តប់សរុប ១,៤ លាន ហិកតា ស្មើនឹង ៦៣ ភាគរយនៃផ្ទៃដីកសិកម្មសរុប។ នេះបើតាមការឲ្យដឹងពីលោក លឹម គានហោ រដ្ឋមន្រ្តី ក្រសួង ធនធានទឹក និងឧតុនិយម ប្រាប់មក ភ្នំពេញ ប៉ុស្តិ៍ កាលពីខែ មករា៕