ភ្នំពេញៈ ក្រុមហ៊ុន Asia Green Biotechnology Corp.(AGB) និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម ព្រែកលៀប​នៅ​ទីក្រុង​ភ្នំពេញ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​ដើម្បី​សហការ​ក្នុង​ការអនុវត្ត​ផែនការ​អភិវឌ្ឍន៍​អាជីវកម្ម​ដែល​ជាប់ទាក់ទង​នឹង​ការវាយតម្លៃ និង​ការអនុវត្ត​បច្ចេកទេស​ផលិត​គ្រាប់ពូជ និង​ការដាំដុះ​ដែល​ជាប់ទាក់ទង​នឹង​ដំណាំ​ក្រចៅ និង​ដំណាំ​ផ្សេងទៀត​ជាមួយ​នឹង​ការប្រើប្រាស់​ជា​ឱសថ និង​អត្ថប្រយោជន៍​ផ្សេងទៀត​។

ក្រុមហ៊ុន AGB បានប្រកាស​ថា ការសម្រេច​បាន MoU នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៨ ​ខែ​មីនា ក្នុង​ការបន្ត​ការអនុវត្ត​នូវ​ផែនការ​អាជីវកម្ម​របស់​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ជាមួយ​នឹង​ការអនុវត្ត MoU ​នេះ​ដោយ​លើកឡើង​ថា វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប​នឹង​ដើរតួនាទី​ឈានមុខ​គេ​ក្នុង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ពូជ​ក្រចៅ និង​ពូជ​ផ្សេង​ទៀត​ដែល​ប្រើប្រាស់ គ្រាប់ពូជ​ជា​មរត​កកម្ពុជា និង​ពូជ​ផ្សេងៗ​ទៀត​ដែល​បានផ្ដល់ ដោយ​ក្រុមហ៊ុន AGB និង​ដៃគូ​នានា​ដើម្បី​ទទួលបាន​ពូជ​សមរម្យ ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ជីវឥន្ធនៈ អាហារ​ជំនួយ​សុខភាព និង​គោលបំណង​វេជ្ជសាស្ដ្រ​។

ក្រុមហ៊ុន​បានឱ្យ​ដឹងថា​៖ «​ដៃគូ​ជាច្រើន​មាន​បំណង​សិក្សា​ប្រព័ន្ធ និង​បច្ចេកទេស​ដាំដុះ​សម្រាប់​ការផលិត និង​ការប្រើប្រាស់​ក្រចៅ​នៅក្នុង​ឧស្សាហកម្ម​នៅ​កម្ពុជា​ដោយ​មាន​គោលបំណង​អនុវត្ត​ចំណេះដឹង​ដែល​ទទួល​បាន​ដោយផ្ទាល់​ក្នុង​ការអនុវត្ត​កសិកម្ម​បច្ចុប្បន្ន ដែល​បាន​ប្រើប្រាស់​នៅ​កម្ពុជា​»​។

លោក David Pinkman អគ្គនាយក​ក្រុមហ៊ុន AGB បានឱ្យដឹងថា ការអនុវត្ត​កិច្ចព្រមព្រៀង​ជាមួយ​សាលា​ព្រែកលៀប គឺ​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅ​មុខ សម្រាប់​ជីវ​បច្ចេកវិទ្យា​អាស៊ីបៃតង ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​ធ្វើឱ្យ​សម្រេច​នូវ​ការបង្កើត​កម្មវិធី​ស្រាវជ្រាវ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា ចាប់ពី​ការបញ្ចប់​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​ (IPO) ​របស់​ក្រុមហ៊ុន​។

លោក David ​បន្ត​៖ «​ជាមួយ​ជំហាន​ដែល​ត្រូវបាន​បំពេញបន្ថែម​តាមរយៈ​ការពិភាក្សា​បន្ត​បាន​គាំទ្រ​ដោយ​ក្រុមហ៊ុន​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​នៅ​កម្ពុជា យើង​នឹង​ចាប់ផ្ដើម​ផ្តួចផ្ដើម​ការប្រើប្រាស់ និង​ការវាយតម្លៃ​ពូជ​មួយចំនួន​នៃ​ដំណាំ​ក្រចៅ​ដែល​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការបង្កើត​កសិកម្ម​ថ្មី និង​សំខាន់ ហើយ​ជាប់ទាក់ទង​នឹង​ឧស្សាហកម្ម​កែច្នៃ​នៅក្នុង​តំបន់​»​។

លោក​លើកឡើង​ថា​៖ «​ពិតហើយ យើង​រីករាយ​ និង​រំភើប​ដែល​បាន​រកឃើញ​ដៃគូ​ស្រាវជ្រាវ​ថ្មី​មួយ​ជាមួយ​វិទ្យាស្ថាន​នេះ ខណៈ​ដែល​វិទ្យាស្ថាន​នេះ​រក្សា​ការជំរុញ​ទឹកចិត្ត​ស្រដៀង​គ្នា សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម​ក្រចៅ​ឱ្យ​រីកចម្រើន និង​ជា​វិជ្ជមាន​នៅ​កម្ពុជា​។ ជាមួយ​នឹង​សមត្ថភាព​បចេ្ចកទេស និង​ភាពជាក់ស្ដែង​នៃ​ក្រុម​របស់​យើង​រៀងៗ​ខ្លួន មិន​គ្រាន់​តែ​ការបំពេញបន្ថែម​ឱ្យ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​មូលដ្ឋាន​ដ៏រឹងមាំ​សម្រាប់​កម្មវិធី​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដែល​ផ្ដោត​សំខាន់​លើ​ដំណាំ​ក្រចៅ​។ យើង​ទន្ទឹងរង់ចាំ​ក្នុង​ការធ្វើ​ទំនាក់ទំនង​អាជីវកម្ម​រយៈពេល​វែង និង​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​វិទ្យាស្ថាន​នេះ​»​។

ជំហាន​បន្ទាប់ ភាគី​ពាក់ព័ន្ធ​នឹង​កំណត់​លើ​ការកម្រិត​ថវិកា ការបង្កើត​ការស្រាវជ្រាវ និង​ពិធីសារ​ដែល​ជាប់ទាក់ទង និង​ទំនាក់ទំនង​ជាមួយ​នាយកដ្ឋាន​របស់​រដ្ឋាភិបាល​ផ្សេងទៀត​សម្រាប់​ធាតុ​ចូល​លើ​ដំណើរការ​នេះ​។ វិទ្យាស្ថាន​ជាតិ​ព្រែកលៀប​ចូលរួម​ក្នុង​សកម្មភាព​ស្រាវជ្រាវ អភិវឌ្ឍន៍ និង​ប្រតិបត្តិការ​៕LA