ភ្នំពេញៈ AGRIBUDDY ជាអាជីវកម្មផ្តោតលើបច្ចេកវិទ្យាកសិកម្ម « agritech » មានមូលដ្ឋាននៅសៀមរាប បានទទួលមូលធនវិនិយោគរួម ៧៣ម៉ឺនដុល្លារ ក្នុងការអភិវឌ្ឍគម្រោងកម្មវិធីជនបទ និងការបង្កើនផ្នែកពាណិជ្ជកម្ម។ នេះបើយោងតាមប្រធានប្រតិបត្តិក្រុមហ៊ុនបានឲ្យដឹងកាលពីថ្ងៃអង្គារ។
អាជីវកម្មគ្រប់គ្រងដោយវិនិយោគិនជប៉ុន ដែលចាប់ផ្ដើមដំណើរការកាលពីឆ្នាំ២០១៥ បានប្រមូលចំណាប់អារម្មណ៍វិនិយោគសំខាន់ៗពីក្រុមហ៊ុន iSGS Investment Works Inc របស់ទីក្រុងតូក្យូ និងក្រុមវិនិយោគិនលក្ខណៈបុគ្គលផ្សេងទៀតមកពីប្រទេសសិង្ហបុរី។
លោក Brandon Ross ប្រធានប្រតិបត្តិក្រុមហ៊ុន Agribuddy បានឲ្យដឹងថា ការវិនិយោគនេះនឹងជួយពង្រីកការទទួលបានកម្មវិធី ដែលមានអ្នកចុះឈ្មោះអ្នកប្រើប្រាស់រួចហើយចំនួន ១៤ ៨៨៤ នាក់ ជាមួយប្រាក់ចំណូលកសិកម្មរួម ១២៥លានដុល្លារ លើផ្ទៃដីជាង១៩ម៉ឺនហិកតានៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។
លោកលើកឡើងថា៖«មូលនិធិថ្មីនេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Agribuddy ពង្រីកចំនួនកសិករដែលយើងធ្វើការងារជាមួយ ព្រមទាំងវិនិយោគកាន់តែច្រើនក្នុងការធ្វើពាណិជ្ជកម្មដំណាំកសិកម្ម ដើម្បីឲ្យកសិករអាចពង្រីកចំនួនអ្នកទិញរបស់ពួកគេ»។
កម្មវិធីដែលប្រើប្រាស់ប្រតិបត្តិការ android នេះអាចប្រើប្រាស់ទាំងការភ្ជាប់អ៊ីនធឺណិត និងគ្មានអ៊ីនធឺណិតនៅលើទូរស័ព្ទដៃ ដែលបង្កើតទិន្នន័យពេលវេលាពិតប្រាកដ ដើម្បីត្រួតពិនិត្យប្រាក់ចំណូល និងគំរូការចំណាយរបស់កសិករ។
ប្រព័ន្ធនេះបានអភិវឌ្ឍការគណនា ដែលបង្កើតរបាយការណ៍ឥណទានផ្ទាល់ខ្លួនផងដែរ ដែលអាចត្រូវបានប្រើប្រាស់ដោយគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីគណនាហានិភ័យ។
ដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយជាមួយធនាគារអេស៊ីលីដា និងធនាគារស្ថាបនា កាលពីឆ្នាំមុន ហើយបច្ចុប្បន្នកំពុងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។ នេះបើយោងតាមលោក Ross។
លោកបានបន្ថែមថា តាមរយៈការកម្មវិធីដែលជួយបង្កើនលំហូរចូលហិរញ្ញវត្ថុដោយសេរីនេះ វាកំពុងធ្វើការងារដើម្បីបំបាត់គម្លាតដ៏ធំរវាងការផ្ដល់កម្ចីដោយប្រុងប្រយ័ត្ន និងតម្រូវការរបស់កសិករ។
លោកលើកឡើងថា៖ «កម្ពុជាមានបរិមាណផលទាបរួចហើយ ហើយការផ្លាស់ប្តូរ អាកាសធាតុបានធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងររួចហើយ»។
លោកបន្ថែមថា៖ «សម្រាប់កសិករដើម្បីប្រកួតប្រជែង ពួក គេចាំបាច់ត្រូវបង្កើនបរិមាណផលរបស់ពួកគេ ដែលទាមទារមិនគ្រាន់តែការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណេះដឹងផងដែរ នៅពេលដាំដុះដំណាំកសិផលនៅតាមកន្លែងត្រឹមត្រូវ និងពេលវេលាត្រឹមត្រូវ ពឹងលើផ្អែកលើទីផ្សារ»៕ LA