
អតិថិជនកំពុងស្វែងរកទិញផលិតផលតាមអនឡាញ នាពេលកន្លងមក។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលផ្តួចផ្តើមដោយចិនបានផ្តល់កម្ចី ៧៥ លានដុល្លារ ជាលើកដំបូងឲ្យក្រុមហ៊ុនបណ្តាញខែ្សអុបទិក (FOCN) នៅកម្ពុជា ដើម្បីកែលម្អល្បឿនអ៊ីនធឺណិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ AIIB កាលពីថ្ងៃសុក្រ។
AIIB ឲ្យដឹងថា គម្រោងនេះបានបណ្តាក់ទុនលើការអូសខ្សែបណ្តាញអុបទិកក្រោមដីសរុបប្រវែង ២ ០០០ គីឡូម៉ែត្រ គ្របដណ្តប់នៅតាមទីក្រុងធំៗ តាមតំបន់ជាយក្រុង និងនៅទីជនបទរបស់ប្រទេស កម្ពុជា។
គម្រោងនេះត្រូវបានរំពឹងថានឹងគាំទ្រដល់ផែនការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT) របស់រដ្ឋាភិបាល ដែលគ្រោងនឹងសម្រេចឲ្យបាននៃការគ្របដណ្តប់សេវាអ៊ីនធឺណិត ១០០ ភាគរយ នៅទីក្រុង និង ៧០ ភាគរយ នៅជនបទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AIIB។
តាមធនាគារ AIIB បានឲ្យដឹងថា ការសាងសង់បណ្តាញខ្សែកាប្លិ៍អុបទិកនេះនឹងកាត់តាមខេត្តចំនួន ៥ គឺ ខេត្តកំពត ព្រៃវែង ត្បូងឃ្មុំ កំពង់ធំ និងខេត្តពោធិ៍សាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
តាមព័ត៌មានសង្ខេបស្តីពីគម្រោងរបស់ AIIB បណ្តាញខ្សែអុបទិកប្រហែល ១ ០០០ គីឡូម៉ែត្រ គ្របដណ្តប់នៅតំបន់ជាយក្រុង ដែលមិនសូវមានបណ្តាញអ៊ីនធឺណិតឲ្យប្រសើរឡើង និងខ្សែបណ្តាញអុបទិកក្រោមដីប្រហែល ១ ០០០ គីឡូម៉ែត្រទៀត សម្រាប់ផ្តល់ការគ្របដណ្តប់នៅទីក្រុងធំៗ។
ពុំមានព័ត៌មានលម្អិតពីក្រុមហ៊ុន Fiber Optic Communication Network Co., Ltd (FOCN) ទេ ខណៈគេហទំព័ររបស់ក្រុមហ៊ុននេះស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ (under construction)។
ទោះបីយ៉ាងនេះក្ដី កាលពីខែមីនា ឆ្នាំ ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការផ្គត់ផ្គង់គម្រោងអ៊ីនត្រាណិត ជាមួយក្រុមហ៊ុន Cambodia Fiber Optic Communication Network Co., Ltd (CFOCN) ដើម្បីជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ស្របតាមបរិការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលក្នុងយុគនៃបដិវត្តន៍ឧស្សាហកម្មទី៤។ នេះបើតាមគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច។ គេហទំព័ររបស់ CFOCN ស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AIIB គម្រោងខ្សែកាប្លិ៍អុបទិកក្រោមដីនឹងចំណាយ ៣៥ លានដុល្លារ សម្រាប់គម្រោងឆ្នាំ ២០១៩ និង ៣៥ លានដុល្លារទៀត សម្រាប់ឆ្នាំ ២០២០ ខណៈ ៥ លានសម្រាប់ចំណាយផ្សេងៗ។
លោក Dong-ik Lee នាយកទូទៅផ្នែកប្រតិបត្តិការវិនិយោគរបស់ AIIB ថ្លែងថា ធនាគារ AIIB រំពឹងថា គម្រោងនេះនឹងបង្កើតប្រសិទ្ធភាពសេដ្ឋកិច្ច និងជួយសម្រួលប្រព័ន្ធពាណិជ្ជកម្មបែបឌីជីថលនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «ប្រាក់កម្ចីនេះស្របទៅនឹងការកៀរគរមូលធនឯកជនជាអាទិភាពរបស់ធនាគារ AIIB ហើយមានសារៈសំខាន់សម្រាប់វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ»។
លោក D.J. Pandian អនុប្រធាន និងប្រធានផ្នែកវិនិយោគរបស់ធនាគារ AIIB បានដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា ការកែលម្អការតភ្ជាប់គឺជាអាណត្តិដ៏សំខាន់របស់AIIB។
លោកថ្លែងថា៖ «គម្រោងនេះនឹងរួមចំណែកក្នុងការជំរុញកម្ពុជាក្នុងការភ្ជាប់បណ្តាញឌីជីថល និងជួយអភិវឌ្ឍ និងពង្រីកវិស័យទូរគមនាគមន៍ និង ICT របស់ប្រទេសនេះ ដោយរំពឹងថានឹងផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ និងក្រុមហ៊ុន»។
លោក អ៊ឹម វុត្ថា អ្នកនំាពាក្យនិយតករទូរគមនាគម៍កម្ពុជា (TRC) បានឲ្យដឹងថា គម្រោងតភ្ជាប់បណ្តាញអុបទិករបស់ក្រុមហ៊ុនឯកជន ដែលទទួលបានកម្ចីពី AIIB បានដើរស្របគ្នាទៅនឹងយុទ្ធសាស្ត្រឧស្សាហកម្មជំនាន់ទី៤ របស់រដ្ឋាភិបាល។
លោកថ្លែងថា៖ «បច្ចុប្បន្នយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលបាញ់ឆ្ពោះទៅលើសេដ្ឋកិច្ចឌីជីថល ជាឧស្សាហកម្មជំនាន់ទី៤ ដើម្បីដើរបានយើងត្រូវមានបណ្តាញ 5G ដូច្នេះ វិនិយោគិនចាប់អារម្មណ៍ទៅលើការវិនិយោគបណ្តាញខែ្សអុបទិក»។
បើតាមលោក អ៊ឹម វុត្ថា នៅឆមាសទី១ ឆ្នាំ ២០១៩ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតសរុបនៅកម្ពុជាមានជាង ១៣ លាននាក់ ដែលភាគច្រើនប្រើប្រាស់តាមរយៈទូរស័ព្ទចល័ត។
លោកបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនបរទេសដែលផ្តល់សេវាទូរគមនាគមន៍ខ្សែអុបទិកក្រោមសមុទ្រចំនួន ៤ នៅកម្ពុជា និងក្រុមហ៊ុនខ្សែអុបទិកក្រោមដីក្នុងស្រុកមានចំនួន ៣៕LA