ក្រុង​លុចសំបួៈ ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី (AIIB) ដែល​ផ្តួចផ្ដើម​បង្កើត​ឡើង​ដោយ​ប្រទេស ​ចិន កាល​ពី​ថ្ងៃ​សៅរ៍​បាន​អនុម័ត​សមាជិក​ភាព​របស់​​ប្រទេស ​បេណាំង ជីប៊ូទី និង ​រវ៉ាន់ដា ដែល​ធ្វើ​ឲ្យ​សមាជិក​ភាព​ដែល​ទទួល​បាន​​អនុម័ត​សរុប​របស់​ធនាគារ​នេះ​​កើន​ឡើង​​ដល់ ​១០០ ​​ប្រទេស។​

សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ឯកច្ឆន​ដោយ​​ក្រុម​​ប្រឹក្សាភិបាល​របស់​ធនាគារ​​ AIIB នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី៤ របស់​ខ្លួន​​​នៅ​​ទីក្រុង​លុចសំបួ។​

សមាជិក​​មិន​មែន​ស្ថិត​​ក្នុង​តំបន់​អាស៊ី​ទាំង ​៣ ​ប្រទេស​នេះ​នឹង​ចូលរួម​ជា​ផ្លូវ​ការ​ជាមួយ​ធនាគារ AIIB នៅ​ពេល​ប្រទេស​ទាំង​នេះ​បំពេញ​បាន​តាម​​លក្ខខណ្ឌ​តម្រូវ​នីតិវិធី​ក្នុង​ស្រុក និង​ប្រាក់​កក់​មូលធន​​លើក​ដំបូង​​ជាមួយ​ធនាគារ​នេះ​។

នៅ​ពេល​នេះ ​ក្រុម​ប្រឹក្សាភិបាល​របស់​ធនាគារ AIIB បាន​​ជ្រើសរើស​លោក Liu Kun ​រដ្ឋមន្ដ្រី​ក្រសួង​​ហិរញ្ញវត្ថុ​របស់​ប្រទេស ​ចិន ​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​។​

លោក Liu ​បាន​ឲ្យ​ដឹង​​​ក្នុង​​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​នេះ​ថា ជាមួយ​​ចំនួន​​សមាជិក​ដែល​អនុម័ត​​កើន​ឡើង​ដល់​ ១០០ ប្រទេស និង​​ទំហំ​នៃ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដែល​អនុម័ត​​កើន​ឡើង​​ដល់ ​៨,​៥ ពាន់​លាន​ដុល្លារ​អាមេរិក AIIB បាន​ក្លាយ​ជា​សមាជិក​ដ៏​សំខាន់​​មួយ​​នៃ​ប្រព័ន្ធ​អភិវឌ្ឍន៍​អន្តរជាតិ។

លោក Liu ​បាន​សរសើរ​ការ​រីក​ចម្រើន​ដែល​ធនាគារ​ AIIB សម្រេច​បាន​​ក្នុង​អំឡុង​ ៣ ឆ្នាំ​ចុង​ក្រោយ​​នេះ ដោយ​​បញ្ជាក់​ថា​​ ធនាគារ​ AIIB ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​អ្នក​សង្កេត​ការណ៍​អចិន្រ្តៃយ៍ ដោយ​មហា​សន្និបាត​​អង្គការ​សហប្រជាជាតិ​​។

មក​ដល់​ពេល​នេះ ធនាគារ​​​​បាន​អនុម័ត​គម្រោង ​៤៦​ ​ក្នុង​ប្រទេស​ជា​សមាជិក​ចំនួន​ ១៨ តម្លៃ​សរុប ៨,​៥ ​ពាន់​លាន​​ដុល្លារ​៕ People''s Daily/LA​