The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Airbus គ្រោង​បង្កើន​ផលិតកម្ម A320neo

Airbus គ្រោង​បង្កើន​ផលិតកម្ម A320neo

Content image - Phnom Penh Post
យន្តហោះ A320neo ក្នុង​ពេល​ដាក់​បង្ហាញ​នៅ​ក្រុង​ទូលូ​។ រូប AFP

Airbus គ្រោង​បង្កើន​ផលិតកម្ម A320neo

ក្រុងអាំស្ទែរដាំៈ ក្រុមហ៊ុន Airbus មាន​បំណង​ជំរុញ​ផលិតកម្ម​យន្តហោះ​ម៉ូដែល A320neo របស់​ខ្លួន និង​បង្កើន​ការ​ចែកចាយ​យន្តហោះ​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​មធ្យម​នៅក្នុង​ត្រីមាស​ទី​ ២ បើ​ទោះបី​ជា​បញ្ហា​ម៉ាស៊ីន​នៅ​តែ​កើតមាន​ក៏ដោយ​។ នេះ​បើ​យោង​តាម​លោក Tom Enders នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Airbus កាលពី​ថ្ងៃ​ពុធ​។

លោក Enders បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប​មួយ​នេះ​នាទី​ក្រុង​អាំស្ទែរដាំ​ថា នៅ​ឆ្នាំ​ ២០១៨ «​យើង​ពិតជា​រំពឹង​ថា​នឹង​អាច​ចែកចាយ​យន្តហោះ​ពាណិជ្ជកម្ម​បាន​ចំនួន ៨០០ គ្រឿង​»​។

តែ​លោក​បាន​រំឭក​ថា​៖ «​វា​នឹង​មិនមែន​ជា​រឿង​ងាយស្រួល​ក្នុង​ការ​សម្រេច​បាន​នោះ​ទេ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​នឹង​មិន​ចែកចាយ​យន្តហោះ​ដែល​គ្មាន​ម៉ាស៊ីន​នោះ​ទេ​។ យើង​មាន​យន្តហោះ​ដែល​គ្មាន​ម៉ាស៊ីន​ជាច្រើន​ចត​នៅ​ទីក្រុង​ទូលូ និង​នៅ​ទីក្រុង​ហែមប៊ឺក​នៅ​ពេល​នេះ​។ យើង​ពិភាក្សា​អំពី​យន្តហោះ​គ្មាន​ម៉ាស៊ីន​នេះ​ជាច្រើន​លើក​ច្រើនសា ដែល​ត្រូវការ​ម៉ាស៊ីន​នៅ​ឆមាស​ទី​ ២ ក្នុង​ឆ្នាំ​នេះ​ដើម្បី​ប្រគល់​ជូន​អតិថិជន​»​។

យន្តហោះ​ម៉ូដែល A320-neo ចំនួន ១៨១ គ្រឿង​ដែល​អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​មធ្យម​ស៊េរី​ថ្មី​មាន​បំពាក់​ម៉ាស៊ីន​សន្សំ​សំចៃ​ប្រេង​នោះ​ត្រូវ​បាន​ប្រគល់​ជូន​អតិថិជន​នៅ​ឆ្នាំ​ ២០១៧ ដែល​កើនឡើង​ពី​ចំនួន ៦៨ គ្រឿង​ក្នុង​ឆ្នាំ ២០១៦ ​។

តែ​ម៉ាស៊ីន​យន្តហោះ​ថ្មី​បាន​រង​ផលប៉ះពាល់​ពី​បញ្ហា​បច្ចេកទេស​តិចតួច និង​ការពន្យារពេល ហើយ​លោក Enders បាន​ទទួល​ស្គាល់​ថា​៖ «​ការបង្កើន​ផលិតកម្ម​យន្តហោះ​ម៉ូដែល A320neo នេះ​នៅ​តែ​ជា​បញ្ហា​ប្រឈម​»​។

ក្រៅពី​បញ្ហា​លំបាកៗ​ទាំង​នេះ​ក្រុមហ៊ុន Airbus សង្ឃឹម​ថា​នឹង​ជំរុញ​ផលិតកម្ម​ប្រចាំ​ខែ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​តែ​ក៏​ត្រូវ​បាន​រង​ផលប៉ះពាល់​ដោយសារ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន​ផង​ដែរ​។ ក្រុមហ៊ុន​នេះ​មាន​បំណង​ជំរុញ​ការចែកចាយ​យន្តហោះ​ម៉ូដែល A320neo ប្រចាំ​ខែ ដល់ ៦៣ គ្រឿង​នៅ​ឆ្នាំ ២០១៩ ធៀប​នឹង​ចំនួន ៦០ គ្រឿង​ដែល​បាន​គ្រោង​ទុក​ជា​បឋម​។ តែ​លោក Enders មាន​បំណង​ចែកចាយ​យន្តហោះ​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​។

លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ «​ខ្ញុំ​គ្រាន់​តែ​លើក​ឡើង​ពី​ទស្សនៈ​ពាណិជ្ជកម្ម​មួយ​ពី​ទស្សនៈ​តម្រូវការ​មួយ​ប៉ុណ្ណោះ​។ យើង​ពិត​ជា​មើល​ឃើញ​មូលដ្ឋាន​រឹងមាំ​ដើម្បី​គាំទ្រ​អត្រា​មួយ​ដែល​នឹង​មាន​កម្រិត​កាន់តែ​ខ្ពស់​ពោល​គឺ​រហូត​ដល់ ៧០ គ្រឿង ឬ​ខ្ពស់​ជាង​នេះ​»​។

លោក Enders បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖ «​ក្រុមហ៊ុន Airbus កំពុង​ត្រួត​ពិនិត្យ​មើល​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន ដើម្បី​ឲ្យ​ដឹង «​ថា​តើ​ខ្សែសង្វាក់​ផ្គត់ផ្គង់​នេះ អាច​សម្រេច​ទៅ​បាន និង​មាន​លទ្ធភាព​បន្ត​ផលិត​យន្តហោះ​ឲ្យ​បាន​ខ្ពស់​ជាង​ទិសដៅ​ដែល​ត្រូវ​បាន​កំណត់​នាពេល​ថ្មីៗ​នេះ​ដែរ​ឬ​យ៉ាង​ណា​»៕ BP

អត្ថបទគួរចាប់អារម្មណ៍