ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus បានបង្ហាញ​ការចាប់អារម្មណ៍​របស់​ខ្លួន​ចំពោះ​ទីផ្សារ​អាកាសចរណ៍​កម្ពុជា ខណៈ​ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ចំនួន​នៃ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​របស់​ប្រជាជន​ខ្មែរ​កំពុង​មាន​ការកើនឡើង​។ នេះ​បើតាម​តំណាង​ក្រុមហ៊ុន Airbus​។

ក្នុង​សន្និសីទ​សាព័ត៌មាន​ស្តីពី​កម្មវិធី​ដំណើរ​កម្សាន្ត​ផ្សព្វផ្សាយ​បង្ហាញ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ប្រភេទ​យន្តហោះ​ថ្មី Airbus A220 នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ លោក Connor Buott អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​ផ្នែក​យន្តហោះ​ខ្នាតតូច​របស់​ក្រុមហ៊ុន Airbus និយាយថា ទីតាំង​ភូមិសាស្ត្រ​ដែល​ស្ថិត​នៅ​ចន្លោះ​តំបន់​មជ្ឈិមបូព៌ា ជប៉ុន និង​អូស្ត្រាលី និង​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​បាន​ធ្វើឲ្យ​ក្រុមហ៊ុន Airbus ចាប់អារម្មណ៍​ក្នុង​ការយក​យន្តហោះ​ប្រភេទ​ថ្មី​របស់ខ្លួន Airbus A220 មក​ដាក់​បង្ហាញ​នៅ​កម្ពុជា បើទោះបី​ជា​មកដល់​ពេល​នេះ​នៅ​មិនទាន់​មាន​ការបញ្ជា​ទិញ​ក៏ដោយ​។

លោក​ថ្លែងថា​៖ « កម្ពុជា​ជា​ទីផ្សារ​តូច តែ​មាន​សក្តានុពល​ខ្ពស់​។ ប៉ុន្តែ​យើង​រំពឹងថា​នឹង​មាន​ការបញ្ជាទិញ​នៅពេល​បន្ទាប់ពី​ការយកមក​បង្ហាញ​នេះ​»​។

នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​យន្តហោះ Airbus ចំនួន​ ២៧ កំពុង​មាន​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ៦​។ ​ក្រុមហ៊ុន Airbus បាន​ព្យាករ​ថា ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នឹងមាន​កំណើន​ខ្ពស់​នៅ​កម្ពុជា ខណៈ​ការដឹកជញ្ជូន អ្នកដំណើរ​នឹង​មាន​អត្រាកំណើន​ជាង ៧ ​ភាគរយ​ ក្នុង ១ ​ឆ្នាំ​ សម្រាប់​រយៈពេល​ ២០ ​ឆ្នាំ​ខាងមុខ​។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​កាលពី​ខែ​កញ្ញា​បង្ហាញ​ថា​នៅ​កម្ពុជា​មាន​ជើងហោះហើរ​អន្តរជាតិ​ចំនួន​ ៨៣០ ​លើក​ក្នុង​ ១ សប្តាហ៍ ចំណែក​ការហោះហើរ​ក្នុងស្រុក​មាន​ចំនួន​ ១៥៣ ​លើក​។ ក្រុមហ៊ុន​អាកាសចរណ៍​កំពុង​ធ្វើ​ប្រតិបត្តិការ​មាន​សរុប​ចំនួន ​៤៩ ហោះ​ទៅ ៨៦ គោលដៅ​ ក្នុងប្រទេស​ចំនួន​ ១២​។ ចំនួន​នេះ​មាន​ការកើនឡើង​យ៉ាងច្រើន បើ​ធៀប​ទៅ​នឹង​រយៈពេល​ ៤-៥ ​ឆ្នាំកន្លងមក​។

របាយការណ៍​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​រយៈពេល ៨ ខែ ឆ្នាំ ​២០១៩ ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា​សរុប ៤,៣ លាន​នាក់ កើនឡើង ១០,៤ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​តាមរយៈ​ផ្លូវ​អាកាស​មាន​ចំនួន ៣,១ ​លាន​នាក់​កើនឡើង ១៦,៦ ​ភាគរយ​។

លោក Connor Buott បាន​ប្រាប់​ទៀត​ថា​កំណើន​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​ចាប់អារម្មណ៍​ក្នុង​ការយក​ផលិតផល​របស់​ខ្លួន​មក​បង្ហាញ​ផងដែរ​។

លោក​បន្តថា ក្រុមហ៊ុន​មាន​បំណង​នាំមក​ប្រទេស​កម្ពុជា​នូវ​យន្តហោះ​ប្រភេទ​ថ្មី Airbus A220 ដែលជា​យន្តហោះ​ខ្នាតតូច ទំនើប​ចុងក្រោយ​គេ​របស់​ក្រុមហ៊ុន Airbus ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ ១០០-១៥០ នាក់ និង​មាន​សមត្ថភាព​ហោះហើរ​ដោយ​មិន​ឈប់​បាន​ចម្ងាយ ៦ ៣០០ ​គីឡូម៉ែត្រ​។

បច្ចុប្បន្ន​យន្តហោះ​ប្រភេទ​នេះ​កំពុង​មាន​ប្រតិបត្តិការ​ចំនួន ៩០ ​គ្រឿង ​ដែល​ប្រតិបត្តិ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន ៧ រួមមាន SWISS, AriBaltic, Korean Air, Delta Air Lines, Air Tanzania និង EgyptAir​។ ជាមួយ​គ្នា​នោះ Airbus A220 កំពុង​ទទួល​ការបញ្ជាទិញ​ចំនួន ៥២៥ ​គ្រឿង ​ពី​ក្រុមហ៊ុន​ធំៗ​ចំនួន ២២ ជុំវិញ​ពិភពលោក​។

បើ​តាម​លោក Connor Buott តាម​ការព្យាករ​របស់​ក្រុមហ៊ុន Airbus នៅ​ឆ្នាំ​ ២០៣៧ ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​មាន​កំណើន​ជិត ២,៣ ​ដង ហើយ​ចំនួន​យន្តហោះ​នៅ​តំបន់​អាស៊ី​នឹង​ត្រូវការ​យន្តហោះ​រហូត​ដល់​ជាង ១៥ ៩០០ ​គ្រឿង​៕LA