ប៉ារីសៈ ក្រុមហ៊ុន Airbus ដែលជាក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ចប់ការផលិតយន្តហោះ A380 ជាប្រភេទយន្តហោះ ២ ជាន់ ដែលទទួលបានការកោតសរសើរពីអ្នកដំណើរ ប៉ុន្តែបានបរាជ័យក្នុងទីផ្សារដោយសារតែការចំណាយខ្ពស់ពេក។
ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួននឹងបញ្ឈប់ការចែកចាយយន្តហោះ A380 ក្នុងឆ្នាំ ២០២១ ដែលបានប្រតិបត្តិការរយៈពេលជាង ១ ទសវត្សរ៍ បន្ទាប់ពី Emirates ជាក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋាននៅទីក្រុងឌូបៃ កាត់បន្ថយការបញ្ជាទិញសរុបចំនួន ៣៩ គ្រឿង។
វាបង្ហាញពីការបញ្ចប់ដ៏គួរឲ្យអាម៉ាស់ ដោយសារការបញ្ចប់ការផលិតនេះ តើមនុស្សរាប់លាននាក់នឹងធ្វើដំណើរនៅពេលអនាគតដូចម្ដេច ខណៈក្រុមហ៊ុនអាកាសចរណ៍ជាច្រើនជម្នះក្នុងការបំពេញសមត្ថភាពយន្តហោះនៃការដឹកជញ្ជូនចាប់ពី ៥០០ ទៅ ៨៥០ នាក់។
ក្រុមហ៊ុន Airbus បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «បន្ទាប់ពីការត្រួតពិនិត្យប្រតិបត្តិការរបស់ខ្លួន ហើយដោយសារតែការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាយន្តហោះ និងគ្រឿងម៉ាស៊ីន ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងកាត់បន្ថយការបញ្ជាទិញយន្តហោះ A380 របស់ខ្លួនពី ១៦២ គ្រឿងមកនៅត្រឹម ១២៣ គ្រឿង»។
ក្រុមហ៊ុនបន្តថា៖ «ដោយសារតែផលវិបាក និងដោយសារតែកង្វះបញ្ជីកត់ត្រាការបញ្ជាទិញជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ក្រុមហ៊ុន Airbus នឹងបញ្ឈប់ការចែកចាយយន្តហោះ A380 ក្នុងឆ្នាំ ២០២១»។
ក្រុមហ៊ុន Airbus ត្រូវបានបង្ខំឲ្យបន្ថយល្បឿនការផលិតយន្តហោះ A380 ក្នុងរយៈពេលប៉ន្មានឆ្នាំថ្មីៗនេះ មុនពេលការព្រមានកាលពីខែមករា ឆ្នាំ ២០១៨ ថា កម្មវិធីនេះអាចត្រូវបានបោះបង់ចោល ប្រសិនបើមិនមានការបញ្ជាទិញថ្មីៗធ្វើឡើងទេនោះ។
រយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីសេចក្ដីប្រកាសនេះ ក្រុមហ៊ុននេះបានបង្ហាញការទទួលបានការគាំទ្រជាមួយនឹងកិច្ចព្រមព្រៀង ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Emirates ប៉ុន្តែកាលពីខែមុន Airbus បានទទួលស្គាល់ថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ពេលនេះអាចបាន និងកំពុងពិចារណា។
សេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Airbus បានឲ្យដឹងថា ខ្លួននឹងចែកចាយយន្តហោះ A380s ចុងក្រោយ ១៤ គ្រឿងឲ្យក្រុមហ៊ុនអាកាសចរណ៍ Emirates ក្នុងរយៈពេល ២ ឆ្នាំក្រោយ។ សេចក្ដីប្រកាសនេះបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍នេះ បានបញ្ជាទិញយន្តហោះធុនតូច ៧០ គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះមួយនេះ។
លោក Tom Enders អគ្គនាយកក្រុមហ៊ុន Airbus ត្រូវបានដកស្រង់សម្ដីនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះដោយលើកឡើងថា សេចក្ដីសម្រេចចិត្តរបស់ក្រុមហ៊ុន Emirates មានន័យថា ក្រុមហ៊ុន Airbus «មិនមានការកត់ត្រាបញ្ជីយន្តហោះ A380 ច្រើននោះទេ ហើយដូច្នេះមិនមានមូលដ្ឋានក្នុងការទ្រទ្រង់ការផលិតនោះទេ ទោះបីជាកិច្ចខិតខំប្រឹងប្រែងការលក់របស់យើងទាំងអស់ ជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ»។
Airbus បង្ហាញប្រាក់ចំណេញរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៨ កាលពីថ្ងៃព្រហស្បតិ៍ ដែលរាយការណ៍កំណើនប្រាក់ចំណេញសុទ្ធ ២៩ ភាគរយ ដល់ ៣,៤ ពាន់លានដុល្លារ។
ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួននឹងចែកចាយយន្តហោះពាណិជ្ជកម្មថ្មីចន្លោះពី ៨៨០ ទៅ ៨៩០ គ្រឿងនៅឆ្នាំនេះ។ ក្រុមហ៊ុននេះបន្ថែមថា ខ្លួនកំពុងបម្រុងប្រាក់ ៤៣៦ លានអឺរ៉ូសម្រាប់កម្មវិធីយន្តហោះដឹកជញ្ជូនយោធា A400M៕ AFP/LA