ភ្នំពេញ៖ កម្ពុជានឹងតភ្ជាប់ទៅកាន់ភ្នាក់ងារទេសចរណ៍អន្តរជាតិប្រមាណជាជាង ១,៦ ពាន់លាននាក់ ក្នុងមួយឆ្នាំនៅក្នុងបណ្ដាប្រទេសជាង ១៩០ ជុំវិញពិភពលោក ដើម្បីជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនា បន្ទាប់ពីក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិរបស់កម្ពុជាបានចូលរួមនៅក្នុងកម្មវិធីបច្ចេកវិទ្យាធ្វើដំណើររបស់ក្រុមហ៊ុន Amadeus។
Amadeus គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធ្វើដំណើរមួយ ដែលមានដំណោះស្រាយសំខាន់ៗ ដែលជួយដល់ក្រុមហ៊ុនអាកាសចរណ៍ និងព្រលានយន្តហោះជាច្រើន សណ្ឋាគារ និងខ្សែរថភ្លើង ម៉ាស៊ីនស្រាវជ្រាវ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ផ្សេងៗទៀត ដើម្បីដំណើរការប្រតិបត្តិការរបស់ពួកគេ និងកែលម្អបទពិសោធន៍ធ្វើដំណើរ ដែលមានចំនួនរាប់ពាន់លានដងក្នុងមួយឆ្នាំជុំវិញពិភពលោក។
យោងតាមសេចក្ដីប្រកាសបានពីក្រុមហ៊ុន Amadeus កាលពីថ្ងៃទី ២៧ ខែមេសា ក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ VINCI Airports ជាក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិករព្រលានយន្តហោះទាំង ៣ របស់ប្រទេសកម្ពុជា បានជ្រើសរើសយក Amadeus Flow ដែលជាវេទិកាខ្លោដរួមបញ្ចូលគ្នាយ៉ាងពេញលេញមួយសម្រាប់សេវាកម្មអ្នកដំណើរតាមព្រលានយន្តហោះ ដើម្បីដាក់ពង្រាយយ៉ាងរហ័សនូវសមត្ថភាពគ្រប់គ្រងអ្នកដំណើរថ្មីៗ តាមរយៈអ៊ីនធឺណិតនៅពេលចាំបាច់។
ជាមួយនឹងដំណោះស្រាយថ្មីនេះ ក្រុមហ៊ុន Cambodia Airports អាចបែងចែកធនធានបណ្ដោះអាសន្នដែលមិនប្រើប្រាស់។ ជាឧទាហរណ៍ កម្មវិធីបច្ចេកវិទ្យានេះនឹងចែកចាយបន្តនូវសេវាអាកាសចរណ៍រវាងចំណតទទួលអ្នកដំណើរ ដោយសារតែកន្លែងត្រួតពិនិត្យពេលចូល និងច្រកទ្វារនានា នឹងលែងតភ្ជាប់ជាមួយនឹងបណ្ដាញចាស់ នៅតាមចំណុចជាក់លាក់នៅក្នុងចំណតអ្នកដំណើរទៀតហើយ។
លោក Sarah Samuel ប្រធានក្រុមហ៊ុន Airport IT, APAC, Amadeus បានឲ្យដឹងថា ក្រុមហ៊ុន Airports កំពុងស្ថិតក្នុងផ្លូវបំបែកមួយបើនិយាយអំពីការវិនិយោគលើបច្ចេកវិទ្យា ដើម្បីឆ្លើយតបតម្រូវការរបស់អ្នកដំណើរ បើពួកគេចាប់យកខ្លោដកុំព្យូទ័រ ឬបន្តក្នុងការធ្វើអ្វីៗ តាមរបៀបដែលពួកគេតែងតែបានធ្វើ។
លោក Sarah ថ្លែងថា៖ «សម្រាប់កម្មវិធី Amadeus យើងជឿជាក់ថា ឧស្សាហកម្មព្រលានយន្តហោះ បានឈានទៅដល់ចំណុចកំពូលហើយ ដោយសារតែការរីករាលដាលខ្លាំងជំងឺកូវីដ ១៩ ដែលបង្កើនល្បឿនការឆ្ពោះទៅរកកម្មវិធីខ្លោដ។ ការណ៍នេះផ្ដល់ឱកាសជាច្រើនសម្រាប់ព្រលានយន្តហោះនានា ខណៈពេលដែលយើងអនុវត្តនវានុវត្តន៍ ដូចជាជីវមាត្រ ដើម្បីបង្កើតជាថ្មីឧស្សាហកម្មមួយកាន់តែប្រសើរ។ យើងមានក្ដីរីករាយដែលធ្វើដៃគូជាមួយក្រុមហ៊ុន Cambodia Airports និងទន្ទឹងរង់ចាំការធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបានចក្ខុវិស័យជាយុទ្ធសាស្ដ្ររបស់ពួកគេ និងដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ និងឱកាសក្នុងរយៈពេលវែង»។
លោក Hervé Bonin អ្នកគ្រប់គ្រងទូទៅនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានឲ្យដឹងថា អ្នកដំណើររំពឹងថា នឹងទទួលបានបទពិសោធន៍ដោយរលូន និងផ្លាស់ប្តូរទៅវេទិកាខ្លោដជាមួយ Amadeus ដែលមានន័យថា ព្រលានយន្តហោះរបស់លោកអាចផ្ដល់នៅពេលនេះ និងទៅថ្ងៃអនាគត។
លោកថ្លែងថា៖ «ការចែករំលែកចក្ខុវិស័យរយៈពេលវែងរបស់យើង Amadeus គឺជាដៃគូដ៏ត្រឹមត្រូវក្នុងការដោះស្រាយភាពស្មុគស្មាញនៅពីក្រោយឆាក ដូច្នេះយើងអាចអនុវត្តនវានុវត្តន៍ថ្មីដោយងាយស្រួល ដែលដាក់អតិថិជន អ្នកដំណើរ និងក្រុមហ៊ុនទេសចរណ៍របស់យើង នៅកន្លែងដ៏សំខាន់បំផុតនៃគំរូព្រលានយន្តហោះរបស់យើង។ ការរួមបញ្ចូលបច្ចេកវិទ្យាឈានមុខគេនេះ ជាមួយនឹងការវិនិយោគសំខាន់ៗលើការធ្វើឲ្យប្រសើរឡើងគ្រឿងបរិក្ខារ វេទិការបស់យើង ត្រូវបានរៀបចំបានយ៉ាងល្អប្រសើរ ដើម្បីស្វាគមន៍ដំណាក់កាលកំណើនបន្ទាប់»។
សិ្ថតក្រោមភាពជាដៃគូសាធារណៈ និងឯកជន ដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ១៩៩៥ ក្រុមហ៊ុន Cambodia Airports ទទួលបានសិទ្ធសម្បទានរយៈពេល ៤០ ឆ្នាំសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងបណ្ដាញព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសកម្ពុជា ដែលបម្រើទីក្រុងភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។
ភាគទុកនិករបស់ក្រុមហ៊ុន Cambodia Airports គឺក្រុមហ៊ុន VINCI Airports របស់ប្រទេសបារាំង (៧០ ភាគរយ) និងក្រុមហ៊ុន Muhibbah Masteron Cambodia (៣០ ភាគរយ) ដែលជាការវិនិយោគរួមរវាងម៉ាឡេស៊ី និងកម្ពុជា។
កម្ពុជាបានទទួលចំណូលពីការមកដល់នៃភ្ញៀវទេសចរអន្តរជាតិចំនួន ១,០២៣ ពាន់លានដុល្លារ កាលពីឆ្នាំមុន ធ្លាក់ចុះចំនួន ៧៩,៤ ភាគរយ ធៀបនឹង ៤,៩១៩ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ ដោយសារតែផលប៉ះពាល់ជាទូទៅនៃការរីករាលដាលជំងឺកូវីដ ១៩។ នេះបើយោងតាមក្រសួងទេសចរណ៍បានរាយការណ៍កាលពីថ្ងៃទី ១៩ ខែមេសា។
កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៣០៦ ១៤៣ នាក់ កាលពីឆ្នាំ ២០២០ ធ្លាក់ចុះ ៨០,២ ភាគរយធៀបនឹង ៦ ៦១០ ៥៩២ នាក់ កាលពីឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ដដែលនេះ៕LA