ក្រុង​ឌុយប្លាំងៈ ក្រុម​ហ៊ុន Amazon ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​បង្កើត​ការងារ​ជាង​ ១ ០០០ កន្លែង​បន្ថែ​មទៀត​​​​នៅ​​ប្រទេស​អៀរ​​ឡង់​ ក្នុងរយៈ​ពេល​ពីរ​ឆ្នាំ​ក្រោយ​ ដែល​​បង្កើន​វត្ត​មាន​របស់​ខ្លួន​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​ចា​យ​ប្រាក់​អឺរ៉ូ​​មួយ​នេះ។

ក្រុម​ហ៊ុន​លក់​រាយ​តាម​​អុីនធឺណិត​ឈាន​មុខ​គេរបស់​អាមេរិក​មួយ​នេះ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេច​​ក្ដី​ប្រកាស​ព័ត៌​មាន​មួយ​ថា ការងារ​​ថ្មីនេះ​នឹងត្រូវបាន​បង្កើត​ឡើង​​​ក្នុង​ការិយាល័យ​​ថ្មី​​មួយ​​នៅ​ភាគ​កណ្ដាល​ទី​ក្រុង​ឌុយ​ប្លាំង ព្រមទាំង​ទីតាំង​ ៣ ផ្សេង​ទៀត​​នៅ​តំបន់​ជាយ​ក្រុង​របស់​ប្រទេស​​នេះ។

ការងារ​ទាំងនេះ​​នឹង​រួម​មាន​វិស្វករ​អភិវឌ្ឍ​​សូហ្វវែ​រ បុគ្គលិក​ទិន្នន័យ​កណ្ដាល​ និង​មុខងារ​ព័ត៌​មាន​វិទ្យា​​សម្រាប់​ទាំង​​នៅក្រុម​ហ៊ុន Amazon និង​នៅ​ក្រុម​ហ៊ុន Amazon Web Services (AWS)។

លោក Mike Beary នាយក​ក្រុមហ៊ុន​ប្រចាំ​ប្រទេស​​​អៀរ​ឡង់​របស់​​ក្រុម​ហ៊ុន​ AWS បាន​ថ្លែង​ថា​៖ «​មាន​អ្នក​មាន​ទេព​កោសល​ជាច្រើន​​នៅក្នុង​ប្រទេសអៀរឡង់​ ដែល​ជួយ​ដល់​ពួក​យើង​​ក្នុង​​ការ​ធ្វើ​ឲ្យ​លើស​ពី​ទិសដៅ​កំណើន​អ្នក​​មាន​ទេពកោសល​របស់​យើង​ មុន​ពេល​គ្រោង​​ទុក​»។

លោក​ថ្លែង​ថា​៖ «​ប្រទេស​អៀរ​ឡង់​គឺ​ជា​កន្លែង​ដ៏​ធំ​មួយ​​ក្នុងការ​ធ្វើ​ពាណិជ្ជ​កម្ម​ វប្បធម៌​ច្នៃ​ប្រឌិត​របស់​ប្រទេស​នេះ​ និង​ជំនាញ​បច្ចេកវិទ្យា​ជា​ច្រើន​ចម្រុះ​គ្នា ធ្វើ​ឲ្យ​​ប្រទេស​នេះ​ក្លាយ​ជា​ទីតាំង​ដ៏​ល្អ​បំ​ផុត​សម្រាប់​ការ​ពង្រីក​អាជីវ​កម្ម​យ៉ាង​រហ័ស​របស់​យើង​»។

សេច​ក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ នឹង​បន្ថែម​​ចំនួន​ការងារ​នៅ​ក្រុមហ៊ុន ​​ Amazon ដល់​ជាង ២ ៥០០ ​កន្លែង​​ក្នុង​ប្រទេស​អៀរ​ឡង់។

លោក​នាយក​រដ្ឋមន្ដ្រី​អៀរ​ឡង់​ Leo Varadkar បាន​ថ្លែង​ថា​៖ «​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ហ៊ុន Amazon ក្នុង​ការ​នាំ​យក​ការងារ​ ១ ០០០​ កន្លែង​ផ្សេង​ទៀត​​ដល់​ប្រទេស​អៀរ​ឡង់ បញ្ជាក់​ពី​បេសក​កម្មរបស់​យើង​​ក្នុងការ​ធ្វើ​​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​សេដ្ឋ​កិច្ច​​​ឌីជីថល ប្រកប​ដោយ​​នវានុវត្តន៍​មួយ​​ និង​ក្លាយ​ជា​ប្រទេស​នាំ​មុខ​គេ​លើ​​​ពិ​ភព​លោក​​សម្រាប់​វិស័យ​បច្ចេក​វិទ្យា​»។

លោក​បន្ថែម​ថា៖ «​ការ​បង្កើត​ការងារ​ថ្មី​ៗទាំងនេះ និង​ការ​ប្ដេជ្ញាចិត្ត​របស់​ក្រុម​ហ៊ុន​​ក្នុង​ការ​​វិនិយោគ​លើ​ការ​ស្រាវ​ជ្រាវ​ និង​នវា​នុវត្តន៍​នៅ​ទី​នេះ គឺជា​មូលដ្ឋាន​គ្រឹះ​​ក្នុងការ​រក្សា​កេរ្ដិ៍​ឈ្មោះ​​របស់​ប្រទេស​អៀរឡង់​​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សម្រាប់​តំបន់​អឺរ៉ុប៕ AFP/LA