ក្រុង​ឡា​ហា​វ៉ានៈ ក្រុម​ហ៊ុន​អា​កាស​ចរណ៍ American Airlines (AA) បាន​ប្រ​កាស​​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ផ្ដល់​ជើង​ហោះ​ហើរ​ប្រ​ចាំ​ថ្ងៃ​បន្ថែម​ទៀត​​ដល់​ប្រ​ទេស​ គុយ​បា​ ត្រឹម​ឆ្នាំ ២០១៩ ទោះ​បី​ជា​​មាន​ការ​រឹត​​បន្តឹង​របស់​អា​មេ​រិក​​លើ​ការ​ធ្វើ​ដំ​ណើរ​របស់​ជន​ជាតិ​អា​មេ​រិក​​​ទៅ​កាន់​ប្រ​ទេស​នេះ​ក៏​ដោយ។​​​

​លោក Ramon Jimenez អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន AA ​ប្រ​ចាំ​នៅ​ប្រ​ទេស​​ គុយ​បា បាន​ឲ្យ​ដឹង​នៅ​​ក្នុង​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​មួយ​ថា​៖ «​​ថ្មី​ៗ​នេះ ​យើង​បាន​ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ប្រ​ចាំ​ថ្ងៃ​​រវាង​ទី​ក្រុង​ ឡា​ហាវ៉ាន​ និង​ទី​ក្រុង​ ម៉ៃ​អា​មី​ ហើយ​ឆ្នាំ​ក្រោយ​ (​នៅ​ខែ​ឧស​ភា​) យើង​​នឹង​ដំ​ណើរ​ការ​ជើង​ហោះ​ហើរ​​ប្រ​ចាំ​ថ្ងៃ​ថ្មី​មួយ​ រវាង​ទី​ក្រុង​ម៉ៃ​អា​មី និង​ទី​ក្រុង​ Santiago de Cuba ដែល​ជា​ទិស​ដៅ​ទី​ ៦ ​របស់​យើង​​​ក្នុង​ប្រ​ទេស​នេះ​»​។​

បច្ចុ​ប្បន្ន ​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​មួយ​នេះ ​មាន​ជើង​ហោះ​​ហើរ​ ១០ ជើង​ក្នុង​ ១ ថ្ងៃ​ទៅ​កាន់​ប្រ​ទេស​ដី​កោះ​មួយ​នេះ​ ពាក់​កណ្ដាល​នៃ​ជើង​ហោះ​ហើរ​ទាំង​នោះ​គឺ​រវាង​ទី​ក្រុង ​ម៉ៃ​អា​មី និង​ទី​ក្រុង ​ឡា​ហា​វ៉ាន​។

ជើង​ហោះ​ហើរ​ផ្សេង​ទៀត​ទៅ​កាន់​ទី​ក្រុង​ខេត្ត​ ដូច​ជា​ទី​ក្រុង​ Camaguey ទី​ក្រុង Holguin ទី​ក្រុង Santa Clara និង​ទី​ក្រុង Varadero ​។​

ក្រុម​ហ៊ុន AA បាន​ឲ្យ​ដឹ​ង​ថា​ ចំ​នួន​ជើង​ហោះ​ហើរ​ប្រ​ចាំ​ថ្ងៃ​​នឹង​កើន​ដល់ ១១ ជើង​។​

​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ AA ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​​ Havanatur របស់​​រដ្ឋ​​គុយបា ដែល​នឹង​​លក់​សំ​បុត្រ​​​យន្ត​ហោះ​នៅ​សា​ខា​ទាំង ៨០ កន្លែង​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រ​ទេស​នេះ​។​

ជើង​ហោះ​ហើរ​​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​អា​មេ​រិក​ជា​ច្រើន ត្រូវ​បាន​ដំ​ណើរ​ការ​ឡើង​វិញ កាល​ពី​ខែ​សី​ហា​ ឆ្នាំ ២០១៦ ដោយ​សារ​តែ​ការ​ផ្សះ​ផ្សា​ការ​ទូត​ រវាង​ប្រ​ទេស​អតីត​សត្រូវ​សង្គ្រាម​ត្រ​ជាក់​ទាំង​ ២ នៅ​ពេល​​លោក​ បា​រ៉ាក់ អូ​បា​ម៉ា នៅ​ធ្វើ​ជា​ប្រ​ធា​នា​ធិ​ប​តី​។​

បច្ចុ​ប្បន្ន ការ​ហ៊ុម​ព័ទ្ធ​​សេដ្ឋ​កិច្ច​ទាំង​ស្រុង​របស់​អា​មេ​រិក​ នៅ​តែ​មាន​លើ​​ប្រ​ទេស​ គុយ​បា ដែល​ជា​ប្រ​ទេស​កុម្មុយ​នីស្ដ​ និង​ជា​​ប្រ​ទេស​ឯក​បក្ស​តែ​មួយ​គត់​​​​នៅ​​អា​មេ​រិក​ឡា​ទីន​។​

រហូត​មក​ដល់​ពេល​​នេះ អា​មេ​រិក​​បាន​អនុ​ញ្ញាត​ឲ្យ​ប្រ​ជា​ជន​អា​មេ​រិក​ទៅ​ទស្សនា​​ប្រ​ទេស​ គុយ​បា​ សម្រាប់​វប្ប​ធម៌​ ការ​អប់​រំ ហេតុ​ផល​ជាប់​ទាក់​ទង​​នឹង​កី​ឡា​ ឬ​មនុស្ស​ធម៌​តែ​ប៉ុណ្ណោះ​ ​មិន​មែន​ជា​កញ្ចប់​ទេស​ចរណ៍ ឬ​ជា​ភ្ញៀវ​ទេស​ចរ​ទៀង​ទាត់​នោះ​ទេ​៕​ AFP/LA