ភ្នំពេញៈ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ AMK និង EMQ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ដែល​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថ​លំដាប់​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ដើម្បី​ជួយ​សម្រួល​ការផ្ទេរប្រាក់​ឆ្លងដែន​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​អាច​ឲ្យ​អតិថិជន​របស់ AMK ផ្ទេរប្រាក់​បាន​ភ្លាមៗ​ជាមួយ​នឹង​ជម្រើស​កាន់តែ​ច្រើន​ផងដែរ​។

ស្ថិតក្រោម​ភាព​ជា​ដៃគូ​នេះ អតិថិជន AMK នៅ​កម្ពុជា​នឹង​អាច​ផ្ទេរប្រាក់​បាន​ភ្លាមៗ និង​ទទួល​បាន​ជម្រើស​ការទូទាត់​កាន់តែ​ច្រើន​ដែល​រួម​មាន​ការទទួល​បាន​សាច់ប្រាក់​ភ្លាមៗ ការដាក់​ប្រាក់​បញ្ញើ​នៅ​ធនាគារ​ដៃគូ ការដាក់​ប្រាក់​បញ្ញើ​នៅក្នុង​ការទូទាត់ ឬ​ការផ្ញើ​ប្រាក់​ទៅផ្ទះ ដើម្បី​ជួយ​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។ ការសហការ​នេះ​នឹង​បង្កើត​ឲ្យ​មាន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន សម្រាប់​តំបន់​មួយ​ដែល​មាន​ប្រជាជន​ ២៧ ​ភាគរយ​មាន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​។

លោក Max Liu សហ​ស្ថាបនិក និង​ជា​អគ្គនាយក EMQ បាន​ឲ្យ​ដឹងថា ប្រាក់​ផ្ញើ​ពី​បរទេស​ផ្ដល់​ការជួយ​គាំទ្រ​គ្រួសារ​រាប់លាន​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជាពិសេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ក្រុមហ៊ុន EMQ មាន​ការប្ដេជ្ញាចិត្ត​រយៈពេល​វែង​ក្នុង​ការផ្ដល់​ការផ្ទេរ​ប្រាក់​ឆ្លងកាត់ ព្រំដែន​មានតម្លៃ​ទាប សុវត្ថិភាព និង​អាច​ទុកចិត្តបាន​ដល់​សហគមន៍​នៅក្នុង​តំបន់​នេះ​។

លោក Max Liu ថ្លែងថា​៖ «​តាមរយៈ​ការតភ្ជាប់​ AMK ដោយ​ផ្ទាល់​ជាមួយ​បណ្ដាញ​ទូទាត់​ពិភពលោក​របស់​យើង យើង​នឹង​ផ្ដល់​ដល់​អតិថិជន​របស់​យើង​នូវ​លទ្ធភាព​ជម្រើស​ល្អ​បំផុត និង​ភាពបត់បែន​ក្នុង​ការផ្ញើ​ប្រាក់​ទៅ​ផ្ទះ ដោយ​ភាពងាយស្រួល​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ យើង​រីករាយ​ក្នុង​ការធ្វើ​ដៃគូ​ជាមួយ AMK លើ​ការងារ​នេះ​»​។

លោក គា បូរាណ អគ្គនាយក​ AMK ឲ្យ​ដឹងថា ភាព​ជា​ដៃគូ​នេះ​នឹង​ពង្រីក​សេវា​គ្រឹះស្ថាន​របស់​លោក​ទៅដល់​តំបន់ និង​ពិភពលោកតា​មរយៈ​ការផ្ដល់​ជូន​អតិថិជន​នូវ​សេវា​កាន់តែ​រហ័ស ងាយស្រួល និង​សុវត្ថិភាព​។

លោក បូរាណ លើកឡើង​ថា​៖ «​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន EMQ បង្ហាញ​នូវ​ព្រឹត្តិការណ៍​ដ៏សំខាន់​នៅក្នុង​ដំណាក់កាល​កំណើន​ជា​បន្តបន្ទាប់​របស់​យើង ខណៈ​យើង​នៅតែ​បន្ត​ពង្រីក​វត្តមាន​របស់​យើង​នៅ​ទូទាំង​បណ្ដា​ប្រទេស​ដែល​ទទួល​បាន​ឈានមុខ​គេ​របស់​ពិភពលោក ដើម្បី​បម្រើ​តម្រូវការ​អតិថិជន​របស់​យើង​ឲ្យ​បាន​ល្អ​បំផុត​»​។

គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៩ AMK ​មាន​ការិយាល័យ​ ១៤៩ ​កន្លែង​មាន​បុគ្គលិក​ជាង​ ៣ ០០០ ​នាក់ ម៉ាស៊ីន​ ATM ៥៦ ​គ្រឿង និង​ភ្នាក់ងារ​ជាង​ ៥ ៥០០ ​កន្លែង​នៅ​ទូទាំង​ប្រទេស​។

គិត​ត្រឹម​ពេល​នោះ​អតិថិជន AMK ​មាន​ជាង ៩០០ ០០០ ​នាក់​ ជាមួយ​ផលបត្រ​កម្ចី​ជាង​ ៣១៥ ​លាន​ដុល្លារ​ និង​ប្រាក់​បញ្ញើ​ជាង​ ១៨០ ​លាន​ដុល្លារ​។ AMK ក៏​ផ្ដល់​ការធានារ៉ាប់រង​ខ្នាតតូច​លើ​សុខភាព និង​គ្រោះថ្នាក់​ដល់​អតិថិជន​ដែល​ទទួល​យក​កម្ចី​របស់​ខ្លួន​ជាង​ ៣២៥ ០០០ ​នាក់ ​នៅ​ទូទាំង​ប្រទេស​៕LA