ភ្នំពេញៈ ​កម្ពុជា​នឹង​អាច​សម្រេច​បាន​កំ​ណើន​សេដ្ឋ​កិច្ច​​​លឿន​ជាង​មុន​នា​ឆ្នាំ​នេះ ​ជា​មួយ​​នឹង​​​​អត្រា​កំ​ណើន​រហូត​ដល់ ៧,២ ភាគ​រយ​ គឺ​​​ខ្ពស់​ជាង​ឆ្នាំ ២០១៧ ដែល​កាល​នោះ​​​អត្រា​កំ​ណើន​សេដ្ឋ​កិច្ច​សម្រេច​​បាន ៧ ភាគ​រយ​។ នេះ​បើ​​​តាម​ការ​វាយ​តម្លៃ​ថ្មី​មួយ​របស់​​​ការិយា​ល័យ​ស្រាវ​ជ្រាវ​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​អា​ស៊ាន​បូក ៣ (​AMR​O​)​។

សម្ទុះ​កំ​ណើន​ដ៏​រឹង​មាំ​នៅ​ឆ្នាំ ២០១៨ នេះ​ ត្រូវ​បាន​គាំ​ទ្រ​ដោយ​​សកម្ម​ភាព​កំ​ណើន​ក្នុង​វិ​ស័យ​​សំ​ណង់​​ ការ​ស្ទុះ​ងើប​ឡើង​​វិញ​​ខ្លាំង​​នៅ​ក្នុង​ការ​ផលិត​សម្លៀក​បំពាក់​ និង​កំណើន​ដ៏​រឹង​មាំ​នៅ​ក្នុង​សេ​វា​ជាប់​ទាក់​ទង​​នឹង​​ទេស​ចរណ៍​។ នេះ​បើ​តាម​លទ្ធ​​ផល​វាយ​តម្លៃ​របស់ AMR​O តាម​រយៈ​អ្នក​ជំ​នាញ​របស់​ខ្លួន​។

លោក Seung Hyun Hong អ្នក​ជំ​នាញ​ជាន់​ខ្ពស់​នៅ AMRO បាន​​ឲ្យ​ដឹង​ថា អតិ​ផរ​ណា​នៅ​តែ​ទាប​ និង​ប្រ​កប​ដោយ​ស្ថិរ​ភាព ​ទោះ​បី​ជា​ការ​រំ​ពឹង​ទុក​កំ​ណើន​សេដ្ឋ​កិច្ច​កាន់​តែ​ខ្ពស់​នៅ​​ឆ្នាំ​នេះ​ក៏​ដោយ​។​​

លោក​ថ្លែង​ថា​៖​ «​ដើ​ម្បី​រក្សា​បាន​​អត្រា​កំ​ណើន​រឹង​មាំ​បន្ត​ទៀត​ រដ្ឋា​ភិ​បាល​កម្ពុជា គួរ​បន្ត​ពង្រឹង​គោល​នយោ​បាយ​ការ​ធ្វើ​កំ​ណែ​ទម្រង់​ស៊ី​ជម្រៅ​ ការ​បន្ត​រក្សា​ស្ថិរ​ភាព​ហិរញ្ញ​វត្ថុ និង​ផ្តល់​អាទិភាព​ជា​ថ្មី​ដល់​ធន​ធាន​សារ​ពើ​ពន្ធ​ ដើ​ម្បី​ឆ្ពោះ​ទៅ​រក​កំ​ណើន​ការ​ចាយ​វាយ»។

យោង​តាម​ការ​វាយ​តម្លៃ​របស់ AMRO រដ្ឋា​ភិ​បាល​ចំ​ណាយ​កាន់​តែ​ខ្ពស់ដោយ​សារ​តែ​កំ​ណើន​ការ​វិនិ​យោគ​សាធា​រណៈ​ ហើយ​ប្រាក់​ឈ្នួល​វិ​ស័យ​សាធា​រណៈ​ នឹង​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ដល់​កំ​ណើន​នៅ​ឆ្នាំ ២០១៨​។​

អតិ​ផរ​ណាត្រូវ​បាន​ព្យា​ករ​ថា នឹង​​កើន​ឡើង​បន្តិច​បន្តួច​​ដល់ ៣,១ ភាគ​រយ​នៅ​ក្នុង​ឆ្នាំ ២០១៨ ដោយ​សារ​តែ​​ការ​​កើន​ឡើង​តម្លៃ​ថាម​ពល​នៅ​ពេល​ថ្មី​ៗ​។​

ប៉ុន្តែ​ទោះ​បី​ជា​កំ​ណើន​ប្រាក់​ចំ​ណូល​ខ្ពស់​ក៏​ដោយ ក៏​ឱន​ភាព​ថវិ​កា​ត្រូវ​បាន​រំ​ពឹង​ថា នឹង​កើន​ឡើង​បន្ថែម​ទៀត​ក្នុង​ឆ្នាំ ២០១៨​។

ដោយ​សារ​តែ​កំ​ណើន​ការ​ចំ​ណាយ​លើ​ប្រាក់​ឈ្នួល​រហ័ស​នៅ​ក្នុង​​វិ​ស័យ​សាធា​រណៈ​​ នៅ​​ក្នុង​​រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ​ថ្មី​ៗ​​​នេះ​ សម្ពាធ​នៃ​ការ​ធ្វើ​ឲ្យ​មាន​​តុល្យ​ភាព​ឡើង​វិញ​នៃ​​ការ​ចំ​ណាយ​របស់​រដ្ឋា​ភិ​បាល​នឹង​បន្ត​ ខណៈ​គម្លាត​​ហេ​ដ្ឋា​រច​នាសម្ព័ន្ធ​ នៅ​តែ​ធំ ​ហើយ​ការ​ចំ​ណាយ​លើ​សុ​ខា​​ភិបាល​ និង​ការ​អប់​រំ​ នៅ​តែ​ទាប​។​

សូច​នា​ករ​វិ​ស័យ​ហិរញ្ញ​វត្ថុ​នៅ​តែ​ល្អ​ ខណៈ​កំ​ណើន​ឥណ​ទាន​​ដល់​​​វិ​ស័យ​ឯក​ជនមាន​ចំនួន​មធ្យម​។ ការ​អនុ​វត្ត​​បទ​ប្បញ្ញត្តិ​ដោយ​ប្រុង​ប្រ​យ័ត្ន​ ដែល​រួម​មាន​ទុន​បម្រុង​កាតព្វ​កិច្ច​អប្ប​បរមា​ថ្មីបាន​ជួយ​បង្កើន​​ភាព​ល្អ​ប្រ​សើរ ​និង​ភាព​រឹង​មាំ​របស់​វិ​ស័យ​ហិ​រញ្ញ​វត្ថុ​៕​LA