
គម្រោងសាងសង់មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ វិស័យសំណង់ ក៏ជាផ្នែកមួយនៃការរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យនៅតែរឹងមាំផងដែរ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា នឹងរក្សាកំណើនប្រកបដោយភាពរឹងមាំនៅឆ្នាំ ២០១៨ នេះ ដោយសារការរួមចំណែកនៃកំណើនសកម្មភាពក្នុងវិស័យសំណង់ វិស័យកាត់ដេរ និង ភាពរឹងមាំនៃវិស័យទេសចរណ៍។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ស្ថាប័នស្រាវជ្រាវកម្រិតតំបន់ ASEAN+3 Macroeconomic Research Office (AMRO)។
លោក Seung Hyun Hong ប្រធានក្រុមអ្នកជំនាញរបស់ AMRO បានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងថា ដែលចេញផ្សាយកាលពីថ្ងៃពុធថា៖ «សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងមានអត្រាកំណើន ៧,២ ភាគរយនៅឆ្នាំ ២០១៨ គឺកើនឡើងខ្ពស់ជាងឆ្នាំ ២០១៧ បន្តិច ស្របពេលអត្រាអតិផរណា នឹងរក្សាបានកម្រិតទាប និងស្ថិរភាព»។
លោកបន្តថា ដើម្បីរក្សាបានអត្រាកំណើនរឹងមាំបន្តទៀត រដ្ឋាភិបាលកម្ពុជា គួរបន្តពង្រឹងគោលនយោបាយក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ស្ថិរភាពហិរញ្ញវត្ថុ និងផ្តល់អតិភាពដល់ធនធានសារពើពន្ធ ដើម្បីឆ្ពោះទៅរកកំណើនការចាយវាយ។
យោងតាម AMRO ការបង្កើនការចំណាយលើវិស័យសាធារណៈ រួមទាំងប្រាក់ខែមន្រ្តីរាជការក៏ជាកត្តារួមផ្សំយ៉ាងសំខាន់ក្នុងការជំរុញកំណើននាឆ្នាំនេះផងដែរ។ អត្រាអតិផរណាដែលមាន ២,៩ ភាគរយ កាលពីឆ្នាំ ២០១៧ នឹងអាចកើនដល់ ៣,១ ភាគរយនៅឆ្នាំ ២០១៨ ដោយសារការកើនឡើងតម្លៃឥន្ទៈ៕