The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Amru Rice កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការជំរុញ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ




Amru Rice កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការជំរុញ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ

Content image - Phnom Penh Post
ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ និង​នាំចេញ​អង្ករ Amru Rice (Cambodia) ប្រារព្ធខួបដប់ឆ្នាំកាលពីថ្ងៃទី ៩ កុម្ភៈ។ រូបថត Amru

Amru Rice កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការជំរុញ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ

ភ្នំពេញៈ ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​ចាប់តាំងពី​រដ្ឋាភិបាល​ដាក់ចេញ​គោលនយោបាយ​ស្រូវ​អង្ករ​នា​ឆ្នាំ​ ២០១០ ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ និង​នាំចេញ​អង្ករ Amru Rice (Cambodia) បាន​ក្លាយជា​ក្រុមហ៊ុននាំចេញ​ឈានមុខ​គេ​មួយ​ក្នុង​ការជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ដែល​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​នាំចេញ​អង្ករ​សំខាន់ៗ​ក្នុង​ចង្វាក់​ផ្គត់ផ្គង់​ស្បៀង​ពិភពលោក​។

ថ្លែង​នៅក្នុង​ខួប​លើក​ទី​ ១០ របស់​ក្រុមហ៊ុន Amru Rice (Cambodia) ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice (Cambodia) ​បាន​ឱ្យ​ដឹងថា រយៈពេល​ ១០ ​ឆ្នាំ​មកនេះ ក្រុមហ៊ុន​បាន​រីកចម្រើន​គួរឱ្យកត់សម្គាល់​ទាំង​សមត្ថភាព​ផលិត និង​ចំណែក​ទីផ្សារ​។

លោក​បាន​រំឭកថា មាន​កត្តា ៣ ​ដែល​បាន​ជំរុញ​ឱ្យ​លោក​ចូលប្រឡូក​ក្នុង​វិស័យ​នេះ ទី​១ គោលនយោបាយ​លើកកម្ពស់​វិស័យ​ស្រូវ​អង្ករ​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​កាលពី​ឆ្នាំ​ ២០០៩ ឆ្នាំ​ ២០១០ ទី​២ ដោយសារ​ឪពុក​លោក​ដែល​ចូលនិវត្តន៍​គឺជា​សេដ្ឋវិទូ​ ១ ​រូប និង​ម្ដាយ​របស់លោក​គឺជា​អ្នកលក់​អង្ករ​ក្នុងស្រុក និង​ទី​៣ គម្រោង​អ្វីៗ​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA) ដែល​បានផ្ដល់​ការនាំចេញ​អង្ករ​ទៅ​អឺរ៉ុប​ដោយ​មិន​គិត​បង់ពន្ធ​។

លោក​ថ្លែងថា​៖ «​ជា​ការពិត​ពេលខ្លះ​អ្វីៗ​មានការ​ប្រែប្រួល​ជួប​ឧបសគ្គ​ច្រើន​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់ និង​ធ្វើឱ្យ​ខ្ញុំ​មាន​ភាពតានតឹង​។ ប៉ុន្តែ​ខ្ញុំ​ចាំបាន​ថា អ្នក​ទាំងអស់​គ្នា​ព្យាយាម​មិនឱ្យ​បញ្ហា​ទាំងនោះ​កើតឡើង​ម្តង​ទៀតឡើយ ផ្ទុយទៅវិញ​អ្នក​ទាំងអស់​គ្នា​បាន​ព្យាយាម​ធ្វើការ​កាន់តែ​ខ្លាំងក្លា​ជាង​មុន ដើម្បី​អនាគត​របស់​យើង​ទាំងអស់​គ្នា​»​។

លោក​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​បន្ត​ទៅមុខ យើង​នឹង​បន្ត​រីកចម្រើន​ថែមទៀត​ស្រប​ពេលដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកលកូវីដ​ ១៩ ព្រមទាំង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក និង​បម្រែបម្រួល​អាកាសធាតុ​។ យើង​នៅ​តែ​បន្តដំណើរ​ដ៏វែងឆ្ងាយ​មួយ​នេះ ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម ដែល​មាន​ទំនួល​ខុសត្រូវ និង​កិតិ្តនាម​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ផលប្រយោជន៍​ទៅវិញទៅមក​នៅក្នុង​ទីផ្សារ​អន្តរជាតិ​»​។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​និយាយថា Amru គឺជា​ឧទាហរណ៍​មួយ​នៃ​ស្មារតី​របស់​សហគ្រិន គោលនយោបាយ​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដែល​រួមបញ្ចូល​គ្នា​បាន​ធ្វើ​ឱ្យ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ល្បីឈ្មោះ​នៅលើ​ពិភពលោក​។

លោកស្រី​ថ្លែងថា​៖ «​សកម្មភាព​ទាំងនេះ​បាន​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​កម្រិតជីវភាព​រស់នៅ​របស់​កសិករ​ជាច្រើន​នៅ​កម្ពុជា​។ នៅពេល​យើង​សម្លឹង​មើលទៅ​អនាគត​ដែល​អាច​ព្យាករ​បាន គឺ​កម្ពុជា​ពិត​ជាមាន​សមត្ថភាព​ផលិត​ផលិតផល​ផ្សេងៗ​ជាច្រើន​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​ក្រៅប្រទេស​»​។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​នេះ​បានឱ្យ​ដឹងថា ក្រុមហ៊ុន Amru Rice គឺជា​ដៃគូ​ដ៏ធំ​សម្រាប់​ទីផ្សារ​អាមេរិក ហើយ​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ជាច្រើន​របស់​ប្រទេស​កម្ពុជា​ដែល​ខិតខំ​ប្រឹងប្រែង​។ អាមេរិក​បានឮ​ពី​ប្រវត្តិ​ក្រុមហ៊ុន​នេះ​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​ពី​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​មួយ​នេះ​។

កាលពី​ខែឧសភា​ឆ្នាំ​ ២០១៨ Amru Rice (Cambodia) Co Ltd បាន​ក្លាយជា​ក្រុមហ៊ុននាំចេញ​ដំបូង​គេ​របស់​កម្ពុជា​ដែល​ទទួលបាន​កម្ចី​គាំទ្រ​ដោយ Exim ក្នុង​ទឹកប្រាក់​កម្ចី​ ៣៤៥ ៤០០ ​ដុល្លារ​។

ដោយបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១១ ក្រុមហ៊ុន Amru Rice នៅតែ​សកម្ម​បំផុត​នៅក្នុង​ទីផ្សារ​នាំចេញ​ទាំងអស់​លើកលែង​តំបន់​អាហ្វ្រិក​។ កាលពី​ឆ្នាំ​ ២០១៥ ក្រុមហ៊ុន​បាន​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​អង្ករ​សរីរាង្គ និង​អង្ករ​ក្រអូប ព្រមទាំង​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ស្ដង់ដា​សុវត្ថិភាព​ចំណីអាហារ​តម្លៃ​ខ្ពស់​នៅ​ទីផ្សារ​អឺរ៉ុប អាមេរិក ចិន និង​អាស៊ី​ប៉ាស៊ីហ្វិក​៕ LA

អត្ថបទគួរចាប់អារម្មណ៍