ភ្នំពេញ៖ ក្រុមហ៊ុន​ អេមរុ រ៉ាយស៍ (AMRU Rice)​ ដែល​ជា​ក្រុមហ៊ុន​កែច្នៃ​នាំចេញ​អង្ករ​​​ទៅ​​ទីផ្សារ​អន្តរជាតិ មាន​ផែនការ​​ប្រមូល​ទិញ​ស្រូវ​សរីរាង្គ​ (​ប្រភេទ​ផ្កា​រំដួល​ និង​ប្រភេទ​អង្ករ​ស)​ ឱ្យ​បាន​ចំនួន ១៥ ០០០ តោន​ ក្នុង​ឆ្នាំ ២០២០ ពី​សហគមន៍​ចុះ​កិច្ច​សន្យា​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។

ក្រុមហ៊ុន​នឹង​​ផ្តល់​តម្លៃ​ពិសេស​ដល់​ប្រជាកសិករ​ដែល​ដាំដុះ​ស្រូវ​សរីរាង្គ​ប្រភេទ​ផ្កា​​រំដួល​ និង​ប្រភេទ​អង្ករ​​ស ដោយ​ផ្តល់​តម្លៃ​​បន្ថែម​ចាប់​ពី ១៥-​៣០ ភាគរយ ឬ​ចន្លោះ​ពី ១៧០ ទៅ​ ​២៥០ ​រៀល​ ក្នុង​ ១​ គីឡូ​ក្រាម​ពី​លើ​តម្លៃ​ទីផ្សារ​ស្រូវ​ក្នុង​តំបន់​ដែល​ឈ្មួញ​ប្រមូល​ទិញ​។ ក្រុមហ៊ុន​នឹង​​ទិញ​ស្រូវ​ផ្កា​រំដួល​សរីរាង្គ​ក្នុង​តម្លៃ​ ១ ២៧០​-​១ ៥៥០​ រៀល​ ក្នុង​ ១​ គីឡូ​​ក្រាម​។​ ការ​ផលិត​ស្រូវសរីរាង្គ​នឹង​ផ្តល់​ចំណូល​ខ្ពស់​ជាង​ការ​ផលិត​​ស្រូវ​​ប្រភេទ​ធម្មតា​។

ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា៖ «សហគមន៍​ដែល​ចុះ​កិច្ច​សន្យា​ជាមួយ​នឹង​ក្រុមហ៊ុន​មិន​ត្រឹមតែ​ទទួល​បាន​នូវ​និរន្តរភាព​ទីផ្សារ​ និង​ចំណូល​ប៉ុណ្ណោះ​​​ទេ​ ប៉ុន្តែ​​​ពួក​គាត់​ថែម​ទាំង​អាច​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​ពី​ក្រុមហ៊ុន​លើ​ជំនាញ​ទន់​ផ្សេងៗ​ និង​ការ​អនុវត្ត​ជាក់​ស្តែង​​ផង​ដែរ»។

ក្រុមហ៊ុន​ អេមរុ រ៉ាយស៍ បាន​ចាប់​ផ្តើម​គម្រោង​ស្រូវ​សរីរាង្គ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ កាល​ពី​ឆ្នាំ​ ២០១៤​ ដោយ​មាន​សហគមន៍​ចំនួន​ ៨​ ខណៈ​បច្ចុប្បន្ន​​​កើន​ដល់ ២២។​

ក្រុមហ៊ុន​បញ្ជាក់​ថា៖ «​ការ​ចុះ​កិច្ចសន្យា​កសិកម្ម​ជាមួយ​​សហគមន៍​នឹង​ជួយ​ធានា​បាន​នូវ​គុណភាព​ស្តង់ដា និង​ទីផ្សារ​សម្រាប់​​សហគមន៍»។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​ឱ្យ​ដឹង​ថា ​ការ​ចរចា​​តម្លៃ​គោល​ស្រូវ​សរីរាង្គ​ និង​កិច្ច​សន្យា​កសិកម្ម​រវាង​ក្រុមហ៊ុន​ និង​សហគមន៍​ទាំង​អស់​ទទួល​បាន​ការ​សម្រប​សម្រួល​ពី​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ត​ព្រះវិហារ​ និង​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មាន​ជ័យ​ជា​ដៃ​គូ​សហការ​របស់​ក្រុមហ៊ុន​ អេមរុ រ៉ាយស៍​។

លោក​ថ្លែង​ថា៖ «​កិច្ច​សន្យា​កសិកម្ម​នឹង​ជួយ​ពង្រឹង​​ស្តង់ដា​សរីរាង្គ​ បច្ចេកទេស​ការ​ដាំដុះ​ ការ​ធ្វើ​ផែន​ការ​ទិញ​លក់​ ការ​កត់ត្រា​ហិរញ្ញវត្ថុ​ និង​ការ​គ្រប់គ្រង​ជាដើម»។

យោង​តាម​មន្ទីរ​កសិកម្ម ខេត្ត​ព្រះវិហារ នៅ​​ទូទាំង​ខេត្ត​​ព្រះវិហារ​មាន​សហគមន៍​កសិកម្ម​ ៣៣​ បាន​ចុះ​កិច្ចសន្យា​ផលិត​ និង​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​​សរុប​ចំនួន ២២ ១៩៥​ តោន​ ដែល​មាន​សមាជិក​សហគមន៍​ផលិត​​សរុប​ចំនួន​ ៦ ១៩៧ គ្រួសារ​ លើ​ទំហំ​​ផ្ទៃ​ដី​សរុប​ ២០ ២៩៦ ហិកតា​ សម្រាប់​លក់​ឱ្យ​​ក្រុមហ៊ុន​ឯកជន​ចំនួន​ ០៤ រួមាន​ក្រុមហ៊ុន​ អេមរុ​ រ៉ាយស៍​ (AMRU Rice) ក្រុមហ៊ុន​ ស៊ីកនេតឈ័រ​​ អហ្វ​ អេស៊ា​ (Signatures​ of​ Asia)​ ក្រុមហ៊ុន​ ហ្គោលដេន ​រ៉ាយស៍​ (​Golden Rice) និង​រោង​ម៉ាស៊ីន ​សារ៉ាវ៉ាន់ កំពង់ធំ។

អង្ករ​កម្ពុជា​បាន​នាំ​ចេញ​ផ្លូវ​ការ​កើន​ពី ​៥៣៨ ០០០ ​តោន​ ដល់​ជាង​ ៦២០ ​០០០ ​តោន ​​ក្នុង​ឆ្នាំ​ ២០១៩ ​គិត​ជា​មធ្យម​មាន​កំណើន​ ១៥,២៤ ​ភាគរយ​នៅ​ក្នុង​រយៈពេល​ ៥ ឆ្នាំ​៕ LA