ANA អបអរខួប១ឆ្នាំនៃវត្តមាននៃការបង្កើនជើង ហោះហើររបស់ខ្លួននៅប្រទេសកម្ពុជាអស់រយៈ១ឆ្នាំមកហើយដែលក្រុមហ៊ុនអាកាសចរណ៍ប្រទេសជប៉ុន All Nippon Airways (ANA) បានភ្ជាប់ជើងហោះហើរផ្ទាល់រវាងអាកាសយានដ្ឋានណារីតាតូក្យូនៅប្រទេសជប៉ុន និង អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញតាមរយៈក្រុមហ៊ុនStar Alliance របស់ខ្លួនហើយក្រុមហ៊ុន បានថ្លែងថា នឹងពង្រីកទៅអាកាសយានដ្ឋាននៅខេត្តផ្សេងៗទៀតនៅកម្ពុជានាពេលអនាគត។
ក្រុមហ៊ុននេះបានពង្រីកសេវាហោះហើររបស់ខ្លួនមកកម្ពុជាក្រោយពីបានសម្លឹងឃើញនូវកំណើនតម្រូវការទីផ្សារតាំងពីសំណាក់ភ្ញៀវទេសចរជប៉ុននិងម្ចាស់មុខជំនួញដែលបានធ្វើដំណើរមកកម្ពុជាយ៉ាងគគ្រឹកគគ្រេង។កម្ពុជាគឺជាប្រទេសទី៨ក្នុងបណ្តាប្រទេសក្នុងសហគមន៍អាស៊ានដែលក្រុមហ៊ុនANA បានភ្ជាប់ជើងហោះហើររបស់ខ្លួន។
បើយោងតាមសម្តីរបស់លោក Norimasa Yamazaki ជាអគ្គនាយករងនិង ជានាយក គ្រប់គ្រងទូទៅនៃក្រុមហ៊ុន ANA បានឲ្យដឹងថា «យើងជ្រើសរើសអាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញជំនួសឲ្យខេត្តសៀមរាបក៏ព្រោះតែតម្រូវការទីផ្សារ»។
«ដូចគ្នានេះដែរ រដ្ឋាភិបាលប្រទេសទាំងពីរក៏បានស្នើឲ្យពួកយើងភ្ជាប់ជើងហោះហើររវាងរាជធានីទាំងពីរផងដែរ»។
ដើម្បីជំរុញកំណើនសម្ព័ន្ធភាពមុខជំនួញទ្វេភាគីនិងទុនវិនិយោគផងដែរនោះ លោក Yamazaki បានថ្លែងថាចំណុចវិជ្ជមានរបស់ក្រុមហ៊ុនANA សម្រាប់ជើងហោះហើរ រវាង ជប៉ុននិងកម្ពុជាដែលមានចម្ងាយ៤៤៦៨គីឡូម៉ែត្រនេះ គឺមានសេវាកម្មប្រកបដោយគុណភាព។
លោក Yamaziki ថ្លែងដោយបន្ថែម ថា «យើងខិតខំផ្តល់នូវសេវាកម្មដែល មានស្តង់ដារបែបជប៉ុនដែលមានគុណភាពល្អផ្តាច់គេ»។ លើសពីនេះ លោកបន្តថា «នេះគឺជាសក្តានុពលភាព និងជាឱកាសដ៏ល្អក្នុងការផ្តល់សេវាកម្មរបស់ជនជាតិជប៉ុនយើង»។
ខណៈពេលដែលជើងហោះហើរមិនទាន់មានភាពទូលំទូលាយ ភ្ញៀវដែលជិះជើងហោះហើររបស់ក្រុមហ៊ុនANA រវាងទីក្រុងភ្នំពេញនិងប្រទេសជប៉ុននឹងទទួលបានឱកាសជិះយន្តហោះប្រភេទBoeing 787 ដែលជាយន្តហោះថ្មីចុងក្រោយបំផុតរបស់ANA និងអាចផ្ទុកអ្នកដំណើរបាន ដល់ទៅ២៤០នាក់។
លោក Yamazaki បានទទួលស្គាល់ ថាជើងហោះហើរនេះមិនទាន់ផ្តល់ផលចំណេញនៅឡើយទេ ប៉ុន្តែដោយ សារតែក្រុមហ៊ុនទើបនឹងចាប់ផ្តើមដាក់ដំណើរការថ្មីៗនៅឡើយ លោកជឿជាក់ថានឹងមានតម្រូវការកាន់តែច្រើនឡើងនៅ ពេលខាងមុខ។
លោកថ្លែងថា៖ «នៅពេលយើងចាប់ផ្តើមសេវាហោះហើរកាលពីខែ កញ្ញាកន្លងទៅ រយៈពេលបីខែដំបូងមិនទាន់បានលទ្ធផលល្អខ្លាំងនៅឡើយទេ ប៉ុន្តែចាប់ពីខែធ្នូមក ចំនួនអ្នកដំណើរកាន់តែច្រើនឡើង»។
លោកបន្តថា៖«ចំនួនអ្នកធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនរបស់យើងចាប់ពីខែមករាដល់ខែមេសាមានចំនួន៧០ភាគរយដូច្នេះប្រសិនបើយើងអាចរក្សាចំនួននេះបានពេញមួយឆ្នាំ យើងនឹងទទួលបានផលចំណេញមិនខាន»។
ក្រុមហ៊ុននៅតែមានការប្តេជ្ញាសម្រាប់ដំណើរការជើងហោះហើររវាងកម្ពុជា និងជប៉ុនខណៈដែលក្រុមហ៊ុនANA គ្រោងនឹងបង្កើនចំនួនអតិថិជនពីកម្ពុជាចាប់ពីពេលបច្ចុប្បន្ន និង អំឡូងពេលការ ប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូនៅឆ្នាំ២០២០។
យោងតាមប្រសាសន៍របស់ រដ្ឋាភិបាលជប៉ុនលោកYamazaki លោកនៅតែមានមហិច្ឆតាក្នុងការទាក់ទាញភ្ញៀវបរទេសបន្ថែមទៀតទៅកាន់ទីក្រុងតូក្យូនៅអំឡុងរដូវកាលប្រកួតដោយ ក្រុមហ៊ុននឹងបត់បែនយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីសម្រេចគោលដៅសម្រាប់ឆ្នាំនោះទៀតផងដែរ។
លោក Yamazaki ថ្លែងយ៉ាងរីករាយថា៖ «បច្ចុប្បន្នយើងមានតែជើងហោះ ហើរមួយប៉ុណ្ណោះដែលចេញដំណើរនិងមកវិញរវាងអាកាសយានដ្ឋានណារីតាក្រុងតូក្យូ និងទីក្រុងភ្នំពេញ ប៉ុន្តែ ប្រសិនបើជើងហោះហើរនេះផ្តល់ផលចំណេញនោះយើងចង់បង្កើនជើងហោះហើរបន្ថែមទៀត» ។
«ដូចគ្នានេះដែរប្រសិនបើយើងមានជើងហោះហើរចំនួនពីរ ដូច្នេះជើងហោះហើរមួយនឹងអាចភ្ជាប់ទៅកាន់បណ្តាញហោះហើរសហរដ្ឋអាមេរិកផង ដែរ។ យើងមានជើងហោះហើរជាច្រើនរវាងប្រទេសជប៉ុននិងសហរដ្ឋអាមេរិកហើយខ្ញុំបានក៏ដឹងថា ប្រជាជនកម្ពុជាក៏ធ្វើដំណើរទៅនិងមកសហរដ្ឋអាមេរិកផងដែរ។ យើងអាចទាក់ទាញពួកគាត់ឲ្យមកធ្វើដំណើរជាមួយយើងបានប្រសិនបើយើងមានជើងហោះហើរចំនួន២»។
លោកYamazaki ថ្លែងថាខណៈ ដែលក្រុមហ៊ុននេះមិនទាន់មានជើងហោះហើរទៅកាន់ខេត្តសៀមរាប ANAក៏មិនទាន់ កំណត់ការពង្រីកជើងហោះហើរទៅកាន់ទឹកដីខេត្តសៀមរាបនាថ្ងៃអនាគតដែរ។
លោកបន្តថា៖ «យើងចង់ឃើញជើងហោះហើរទៅនិងមកទីក្រុងភ្នំពេញទទួលបានជោគជ័យសិន ប៉ុន្តែយើងក៏អាចភ្ជាប់ជើងហោះហើរទៅកាន់ខេត្តសៀមរាបដែលជាជម្រើសទី២របស់។ ANA ក៏មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយចំនួនដែលមានតម្លៃទាបសមរម្យផងដែរ ដូច្នេះយើងអាចសហការជាមួយពួកគេដើម្បីភ្ជាប់ជើងហោះហើរទៅកាន់ខេត្ត សៀមរាបដែលការហោះហើរបែបនេះនឹងមានប្រសិទ្ធភាព»។
ANA ដែលមានចំនួនជើងហោះហើរអន្តរជាតិដល់ទៅ៨១ នោះគឺជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបង្អស់នៅប្រទេស ជប៉ុនដោយរាប់ចាប់តាំងពីចំនួនប្រាក់ចំណូលនិងចំនួនអ្នកដំណើរផងដែរ៕