ភ្នំពេញ: ក្រុមហ៊ុន Angkor Resources Corp ប្រមូល​មូលនិធិ​បាន​ ១ ​លាន​ដុល្លារ​ ពី​ការលក់​ភាគហ៊ុន​ទៅ​ឲ្យ​វិនិយោគិន​អន្តរជាតិ​សម្រាប់​យក​មក​អភិវឌ្ឍ​គម្រោង​ប្រេង និង​ឧស្ម័ន​ក្នុង​ប្លុក​ ៨ ​របស់​កម្ពុជា​ជា​អាជ្ញាប័ណ្ណ​ថ្មី​ដែល​ក្រុមហ៊ុន​នេះ​ទើប​ទទួល​បាន​។ នេះ​បើ​តាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​។

លោក Stephen Burega នាយក​ប្រតិបត្តិ Angkor Resources Corp បាន​ឲ្យ​ដឹងថា​មកដល់​ពេល​នេះ​ក្រុមហ៊ុន EnerCam Exploration Ltd ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​បាន​ប្រមូល​មូលនិធិ​បាន​ ១ ​លាន​ដុល្លារ ដើម្បី​ផ្តល់​ឲ្យ​ការអភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​ក្នុង​ប្លុក​ ៨ តាមរយៈ​ការលក់​ភាគហ៊ុន​ឯកជន​របស់​ក្រុមហ៊ុន EnerCam Resources Singapore Pty. Ltd. ទៅ​ឲ្យ​វិនិយោគិន​អន្តរជាតិ​ផ្សេងៗ​គ្នា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន EnerCam Resources Singapore Pty. Ltd. ជា​ក្រុមហ៊ុន​ឯកជន​រួមបញ្ចូល​គ្នា​មួយ​នៅ​សិង្ហបុរី​ដោយ​ក្រុមហ៊ុន Angkor ជា​ម្ចាស់​កាន់កាប់​ភាគហ៊ុន​ ១០០ ​ភាគរយ​ លើ​អាជ្ញាប័ណ្ណ​សម្បទាន​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា​។ មុន​ពេល​លក់​ហ៊ុន ភាគហ៊ុន​ ១០០ ​ភាគរយ ​របស់​ក្រុមហ៊ុន EnerCam Singapore ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុមហ៊ុន EnerCam Exploration Ltd ជា​បុត្រសម្ព័ន្ធ​របស់ Angkor​។

ក្រុមហ៊ុន EnerCam Exploration Ltd បាន​ដាក់​លក់​ភាគហ៊ុន​រហូតដល់ ២,៥ ​លាន​ភាគហ៊ុន​ ក្នុង​ចំណោម​ភាគហ៊ុន​សរុប​ ១០ លាន​ របស់​ក្រុមហ៊ុន EnerCam Singapore ដែល​លក់​ក្នុង​តម្លៃ​ ១ ​ដុល្លារ​ ក្នុង​មួយ​ហ៊ុន ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​សម្រាប់​ការរុករក​ប្រេង និង​ឧស្ម័ន​ក្នុង​ប្លុក​ ៨​។

មូលនិធិ​នឹង​ត្រូវ​ប្រើ​សម្រាប់​បង់ថ្លៃ​អាជ្ញាប័ណ្ណ​ការទិញ​ស៊ីស្មិក​ដែល​មាន​ស្រាប់ និង​ទិន្នន័យ​ភូមិសាស្ត្រ តំបន់​រុករក និង​ការចំណាយ​លើ​ប្រតិបត្តិការ​ជាទូទៅ​។

ក្រុមហ៊ុន Angkor Resources Corp គឺជា​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន TSX-Venture Exchange នៅ​ទីក្រុង​តូរ៉ុនតូ ​ប្រទេស​ កាណាដា និង​ជា​ក្រុមហ៊ុន​រុករក​រ៉ែ​ឈានមុខ​គេ​នៅ​កម្ពុជា​ដោយ​គ្រប់គ្រង​លើ​ផ្ទៃដី​ទំហំ​ធំ​លើ​អាជ្ញាប័ណ្ណ​រុករក​ប្រេង និង​ឧស្ម័ន​ដែល​មាន​ផ្ទៃដី ៧ ៣០០ គីឡូម៉ែត្រការ៉េ​នៅ​កម្ពុជា​៕LA