ភ្នំពេញៈ ក្រុមហ៊ុន Angkor Resources Corp ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា (​អតីត​ក្រុមហ៊ុន Angkor Gold Corp) បានប្រកាស​កាលពី​ថ្ងៃទី​ ៤ ខែឧសភា​ថា នឹង​ចាប់ផ្ដើម​សហការ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដោយ​អនុឡោម​តាម​អាជ្ញាប័ណ្ណ​អណ្ដូង រ៉ែ​មាស​របស់ខ្លួន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន​ឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​គ្របដណ្ដប់​លើ​ការរុករក​រ៉ែ និង​រួមបញ្ចូល​ការរានដី ហើយ​ក្រុមហ៊ុន Angkor ប្ដេជ្ញាចិត្ត​ថា នឹង​ផ្ដល់​អ្នកជំនាញ ការងារ​ការអប់រំ និង​ការបណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ​ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍ​គម្រោង​រ៉ែ​តាម​អាជ្ញាប័ណ្ណ​អណ្ដូងរ៉ែ​មាស​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ​បើកផ្លូវ​ឱ្យ​សហគមន៍ រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ចូលរួម​អនុវត្ត​គំរូ​ជាក់ស្ដែង​ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច និង​ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​ក្រមសីលធម៌​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក Stephen Burega អគ្គនាយក​ក្រុមហ៊ុន​បាន​ប្រាប់ថា សិទ្ធិ​កាន់កាប់​ដី​បន្ត​ជា​អាទិភាព​ខ្ពស់​សម្រាប់​ជនជាតិដើម​ភាគតិច និង​សហគមន៍​របស់​ពួកគេ​នៅ​ជនបទ​កម្ពុជា​។ គំរូ​ដំបូង​របស់​ក្រុមហ៊ុន បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ដ៏រឹងមាំ​របស់​ក្រុមហ៊ុន​ចំពោះ​អភិបាលកិច្ច​សង្គម​សម្រាប់​អត្ថប្រយោជន៍​គ្រប់ភាគី​ទាំងអស់​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការអនុវត្ត​គោលការណ៍​ណែនាំ និង​ទិសដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​អង្គការ​សហប្រជាជាតិ ក្រុមហ៊ុន Angkor ធ្វើជា​គំរូ​អំពី​របៀប​ដែល​សហគមន៍ និង​ក្រុមហ៊ុន​អាច​ធ្វើ​ការងារ​ជាមួយគ្នា លើ​ការគ្រប់គ្រង ការរំពឹងទុក ការពារ​បរិស្ថាន និង​ការកែលម្អ​អភិបាលកិច្ច​មូលដ្ឋាន​»​។

លោក យស់ មុនីរ័ត្ន អគ្គនាយក​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង​នេះ​។ លោក​បាន​និយាយថា​៖ «​ក្រុមហ៊ុន​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​សក្ដានុពល​ធនធាន​រ៉ែ​ក្នុង​ខេត្តរតនគិរី​។ នៅពេលនេះ​យើង​កំពុង​ពិនិត្យ​អាជ្ញាប័ណ្ណ​របស់គាត់ ដើម្បី​បន្ត​សុពលភាព​»​។

ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Angkor លោក Mike Weeks ឱ្យដឹងថា​៖ «​កិច្ចព្រមព្រៀង​នេះ​អាចឱ្យ​ជនជាតិដើម និង​សហគមន៍​កសាង​ដំណើរ​ផ្លូវ​ឆ្ពោះទៅមុខ​ដើម្បី​ស្ថិរភាព និង​អត្ថប្រយោជន៍​សេដ្ឋកិច្ច​។ នេះ​ជា​កិច្ចព្រមព្រៀង​ដំបូង​គេ​នៅ​កម្ពុជា និង​តំណាង​ឱ្យ​កម្រិត​ខ្ពស់បំផុត​នៃ​កិច្ចខិតខំ​របស់​យើង​នៅ​អាស៊ី សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ក្រមសីលធម៌​ក្នុង​វិស័យ​រុករក​រ៉ែ ចាប់ពី​ពេល​ដំបូង​រហូតដល់​ទីបញ្ចប់​»៕ LA