ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ កំពុង​តែ​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក តំបន់ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ខណៈ​ដែល​មេដឹកនាំ​ទាំងអស់​កំពុង​មមាញឹក​ក្នុង​ការចាក់​បញ្ចូល​កញ្ចប់​ថវិកា​នានា​ដើម្បី​ធ្វើឲ្យ​មាន​ស្ថិរភាព សេដ្ឋកិច្ច និង​គាំពារ​កម្មវិធី​សង្គម​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​ទាំងនេះ​។

លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​សម្ភាស​លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Managment ដោយ​ជជែក​អំពី​ប្រសិទ្ធភាព​នៃ​ការលើក​ទឹកចិត្ត​ពន្ធ និង​កញ្ចប់​ថវិកា​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ក្នុង​ការទប់ទល់​នៃ​ការធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​។

តើ​លោក​សង្កេតឃើញ​ថា​ប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​ដល់​សេដ្ឋកិច្ច​យ៉ាង​ដូចម្ដេច​ដែរ​?

ខ្ញុំ​មាន​ការបារម្ភ​យ៉ាងខ្លាំង​ជាមួយ​នឹង​ទំនុកចិត្ត​វិជ្ជមាន និង​សុទិដ្ឋិនិយម​ដែល​មិន​ពិត​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស​នៅក្នុង​ទម្រង់​អក្សរ​ V​។ ការសន្មត​នេះ​គឺ​បញ្ជាក់​តាម​ការងើប​ឡើង​វិញ​នៃ​ផ្សារហ៊ុន​។

កម្ពុជា​បាន​ធ្វើ​សមាហរណកម្ម​ទៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​ដែល​បាន​ធ្វើឲ្យ​វិស័យ​សំខាន់ៗ​ជាច្រើន​ដូចជា​ទេសចរណ៍ កាត់ដេរ និង​អចលនទ្រព្យ​អាច​ពឹងផ្អែក​ខ្លាំង​លើ​ភាពល្អប្រសើរ​នៃ​សេដ្ឋកិច្ច​ទីផ្សារ​អាមេរិក អឺរ៉ុប និង​អាស៊ី​។ ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ទើប​ងើប​ចេញពី​ការបិទ​ចរាចរណ៍ ព្រំដែន និង​ព្រលានយន្តហោះ​ភាគច្រើន យើង​អាច​រំពឹង​ថា ដំណើរ​ផ្លូវ​ដ៏វែងឆ្ងាយ​ក្នុង​ការស្ទុះ​ងើបឡើង​វិញ​នៅក្នុង​វិស័យ​ទេសចរណ៍ ប្រហែល​ជា​នៅក្នុង​ឆ្នាំ​ ២០២២​។ ច្បាស់​ណាស់​ពិភពលោក​នឹង​ស្ទុះ​ងើបឡើង​វិញ ហើយ​សកម្មភាព​សេដ្ឋកិច្ច និង​ត្រឡប់​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ វា​គ្រាន់តែ​មិន​កើនឡើង​រហ័ស​ដូច​ការព្យាករ​នោះទេ ដូច្នេះ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ត្រៀម​សម្រាប់​រយៈពេល​វែង​។

កាលពី​ខែ​មីនា រដ្ឋាភិបាល​បាន​ប្រកាស​នូវ​កញ្ចប់​ថវិកា​ប្រមាណ​ ២ ​ពាន់​លាន​ដុល្លារ រួចហើយ​តាមរយៈ​ការលើក​ទឹកចិត្ត​ពន្ធ តើ​កញ្ចប់​ថវិកា​នេះ​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​សេដ្ឋកិច្ច​យ៉ាង​ដូចម្ដេច​ដែរ​?

កិច្ចខិតខំ​ប្រឹងប្រែង​រហូត​មកដល់​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល ពិតជា​បាន​ជួយ​យ៉ាងខ្លាំង ប៉ុន្តែ​ជា​អកុសល​យើង​រស់នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក និង​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក នៅពេល​នេះ​កំពុង​បង្ក​ផល​អាក្រក់​បំផុត ដែល​យើង​បាន​មើលឃើញ​ចាប់​តាំងពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​កន្លង​មក​។ ទាំងនេះ​ត្រូវបាន​រំពឹង​ថា វា​គ្រាន់តែ​កើតមាន​ក្នុង​រយៈពេល​ខ្លី និង​មិន​ខ្លាំង និង​ទូលាយ​នោះទេ ប៉ុន្តែ​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​បន្ត​ត្រូវការ​ការលើកទឹកចិត្ត​បន្ថែមទៀត ព្រោះ​វិស័យ​កាត់ដេរ និង​ទេសចរណ៍​មាន​ភាពទន់ខ្សោយ​ខ្លាំង​។

សេដ្ឋកិច្ច​ពិភពលោក​នឹង​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស​ត្រឡប់​ទៅរក​ប្រក្រតី​កម្មរាង​អក្សរ V ខណៈ​ដែល​យើង​ទាំងអស់​គ្នា​សង្ឃឹម​ថា នេះ​ជា​ការពិត ហើយ​រដ្ឋាភិបាល​ភាគច្រើន​កំពុង​ចាក់​បញ្ចូល​សាច់ប្រាក់​ដើម្បី​ជួយ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​គួរតែ​មាន​ផែនការ​ «B»​ ក្នុង​ករណី​សេនារីយោ​នេះ​មិនអាច​ទៅរួច​និង​សម្រេចបាន​។

រដ្ឋាភិបាល​ក៏បានផ្ដល់​ការលើកលែង​ពន្ធ​សម្រាប់​វិស័យ​ដែល​រង​ផលប៉ះពាល់​។ តើ​ការលើកលែង​ពន្ធ​នេះ​នឹង​ធ្វើឲ្យ​មាន​ស្ថិរភាព​ដូចម្ដេច​?

រដ្ឋាភិបាល​បាន​អនុវត្ត​វិធានការ​លើកលែង​ពន្ធ​សម្រាប់​ក្រុមហ៊ុន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ហិរញ្ញវត្ថុ​អវិជ្ជមាន ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​ភាគច្រើន​គាំទ្រ​វិស័យ​បដិសណ្ឋារកិច្ច កាត់ដេរ អាកាសចរណ៍​ និង​អប់រំ ហើយ​ក៏៏​ផ្ដល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​កម្មករ​នៅក្នុង​វិស័យ​ទាំងនេះ​ផងដែរ​។ សម្រាប់​ការផ្តល់ជូន​នេះ​ក៏ត្រូវ​បាន​មើលឃើញ​ថា​វា​បាន​គាំទ្រ​ជាពិសេស ដោយសារ​វិស័យ​ទាំងនេះ​ងាយ​រង​ផលប៉ះពាល់​ខ្លាំង​បំផុត និង​មាន​ផលប៉ះពាល់​តៗ​គ្នា និង​រីករាលដាល​ដល់​វិស័យ​ផ្សេងទៀត ជាពិសេស​វិស័យ​អចលនទ្រព្យ លក់រាយ និង​វិស័យ​ហិរញ្ញវត្ថុ​។

យើង​សង្កេតឃើញ​ថា ស្ថិរភាព​ប្រាក់ចំណូល​ពន្ធ​នៅ​ត្រីមាស​ទី​ ១ ក៏​ផ្ដល់​លទ្ធភាព​ដល់​រដ្ឋាភិបាល​ក្នុង​ការផ្ដល់​ការលើក​ទឹកចិត្ត​ពន្ធ​បន្ថែមទៀត​ដល់​វិស័យ​ផ្សេងៗ​មួយចំនួន​ទៀត ខណៈ​ដែល​ផលប៉ះពាល់​សេដ្ឋកិច្ច​អវិជ្ជមាន​ដោយសារតែ​វីរុស​នេះ និង​ការរីករាលដាល​ទៅ​ផ្នែក​ផ្សេងទៀត​នៃ​សេដ្ឋកិច្ច​៕LA