ភ្នំពេញ: កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអភិវឌ្ឍន៍វិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អាស៊ីប៉ាស៊ីហ្វិកលើកទី ១៦ (16th APT Telecommunication /ICT Development-ADF-16) ក្នុងគោលបំណងកំណត់ពីបញ្ហាប្រឈម និងការរារាំងដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍ជនបទ។
វេទិកាដែលមានរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែញ្ញា ឆ្នាំ ២០១៩ នៅទីក្រុងភ្នំពេញនេះមានអ្នកចូលរួមប្រមាណ ២០០ នាក់មកពីប្រទេសជាសមាជិកដែលផ្តោតលើប្រធានបទសំខាន់ដូចជា បញ្ហាប្រឈមក្នុងការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿននៅតំបន់ប្រជុំជន និងជនបទ ការជំរុញការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿន តម្លៃសមរម្យ និងមាននិរន្តរភាព ការផ្លាស់ប្តូរបទពិសោធក្នុងការរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តសម្រាប់គាំទ្រដល់ការធ្វើនវានុវត្តន៍បច្ចេកវិទ្យា និងសេវាកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
វេទិកានេះក៏នឹងមានការពិភាក្សាផ្តោតលើការបង្កើតប្រព័ន្ធអេកូសម្រាប់នវានុវត្តន៍ការដាក់ឲ្យប្រើប្រាស់អ៊ីនធឺណិតក្នុងតំបន់ និងពិភពលោកដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងក្នុងវេទិកានេះកាលពីម្សិលមិញថា សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) បានរួមចំណែកដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងលើកកម្ពស់គុណភាពជីវិតប្រជាជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងកម្ពុជាផងដែរ។
លោកថ្លែងថា៖ «ក្នុងវេទិកានេះ APT នឹងពិភាក្សាពីបញ្ហាអភិវឌ្ឍន៍សម្រាប់វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានព្រមទាំងចែករំលែកបទពិសោធរវាងប្រទេសជាសមាជិក»។
លោកស្រី Areewan Haorangsi អគ្គលេខាធិការ APT បានឲ្យដឹងថា ការជួបជុំនេះនឹងបន្តផ្តោតការយកចិត្តទុកដាក់លើផែនការយុទ្ធសាស្ត្ររបស់ APT សម្រាប់ឆ្នាំ ២០១៨ ទៅដល់ ឆ្នាំ ២០២០ ពិសេសសសរស្តម្ភការភ្ជាប់នឹងនវានុវត្តន៍។
លោកស្រីថ្លែងថា៖ «គម្រោងទាំងនោះរួមមានការតភ្ជាប់ក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅតាមតំបន់ជនបទ គំនិតផ្តួចផ្តើមពីប្រទេសជាសមាជិក APT ក្នុងទម្រង់ជាគម្រោងសាកល្បង ដើម្បីការពារខ្លួនពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត»។
កាលពីខែកក្កដា ឆ្នាំ ២០១៩ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលផ្តួចផ្តើមដោយប្រទេសចិនបានផ្តល់កម្ចី ៧៥ លានដុល្លារជាលើកដំបូងឲ្យក្រុមហ៊ុនបណ្តាញខ្សែអុបទិក (FOCN) នៅកម្ពុជា ដើម្បីកែលម្អល្បឿនអ៊ីនធឺណិត។ គម្រោង AIIB នេះបានបណ្តាក់ទុនលើការអូសខ្សែបណ្តាញអុបទិកក្រោមដីសរុបប្រវែង ២ ០០០ គីឡូម៉ែត្រ គ្របដណ្តប់នៅតាមទីក្រុងធំៗតាមតំបន់ជាយក្រុង និងនៅទីជនបទនៃប្រទេស កម្ពុជា។
គម្រោងនេះត្រូវរំពឹងថានឹងគាំទ្រដល់ផែនការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT) របស់រដ្ឋាភិបាលដែលគ្រោងនឹងសម្រេចឲ្យបាននៃការគ្របដណ្តប់សេវាអ៊ីនធឺណិត ១០០ ភាគរយ នៅទីក្រុង និង ៧០ ភាគរយ នៅជនបទ។
ទិន្នន័យពីនិយតករទូរគមនាគមន៍កម្ពុជាបង្ហាញថាកាលពីឆ្នាំ ២០១៨ ការប្រើប្រាស់អ៊ីនធឺណិតចល័ត កើនឡើងយ៉ាងរហ័សជាមួយនឹងស៊ីមកាត ១២,៩ លានត្រូវបានប្រើតាមរយៈទូរស័ព្ទចល័តរបស់ពួកគេដើម្បីទទួលបានមាតិកាអនឡាញកើនឡើង ២២,៧៩ ភាគរយ ធៀបនឹងឆ្នាំ ២០១៧ ខណៈប្រតិបត្តិករ ៣៤ បានផ្ដល់អ៊ីនធឺណិតលើតុដល់អ្នកប្រើ ១៤៧ ៥៩៦ នាក់ កើនឡើង ៩,១៦ ភាគរយ៕ LA