ភ្នំពេញៈ ខណៈ​ម៉ាស៊ីន​រាង​ ៤ ​ជ្រុង​ពណ៌​ស ចាប់ផ្ដើម​បន្លឺ​សំឡេង​ងូងៗ​នៅ​ពី​មុខ​បន្ទប់ ឧបករណ៍​ជា​ដៃ​ធ្វើ​ពី​លោហៈ​អាច​ត្រូវ​បាន​គេ​មើលឃើញ​ទាញ​ទៅ​ទាញ​មក តាមរយៈ​បន្ទះ​ខាង​មុខ​ថ្លា​របស់​ប្រអប់​នេះ ខណៈ​មាន​មនុស្ស​ជាច្រើន​កំពុង​ឈរ​មើល ម៉ាស៊ីន​ព្រីន​រូប 3D ដែល​កំពុង​បង្កើត រូប​ដាយណូស័រ មេអំបៅ និង​ដៃ​សិប្បនិម្មិត​។

ខណៈ​កំពុង​លើក​របាំង​គ្រោង​ម៉ាស៊ីន​ព្រីនរូប 3D និស្សិត​មួយ​រូប​និយាយ​ថា​៖ «​ខ្ញុំ​ចង់​ដឹង​ពី​របៀប​រចនា និង​បោះពុម្ព​របស់របរ​ដូច​នេះ​»​។

នេះ​ជា​ថ្នាក់​ដំបូង​ដែល​បាន​ផ្ដល់​ដោយ​ក្រុមហ៊ុន​បោះពុម្ព​រូប 3D Arc Hub Pnh នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ដែល​មាន​និស្សិត​ ៥ រូប បាន​រៀន​មូលដ្ឋាន​របៀប​បញ្ចូល​ការបោះពុម្ព​រូប 3D នៅក្នុង​អាជីវកម្ម​ផ្ទាល់​របស់​ពួកគេ​។

លោក KiHow Tran ស្ថាបនិក​ក្រុមហ៊ុន Arch Hub Pnh ដែល​ជា​នាយក​ប្រតិបត្តិការ​នៅ Trybe ជា​ការិយាល័យ​ធ្វើ​ការងារ​រួម (coworking space) ដែល​បាន​រៀបចំ​ថ្នាក់​រៀន​នេះ​បាន​ចាប់ផ្ដើម​បង្រៀន​ដោយ​ផ្ដល់​ការ​រំឭក​ខ្លីៗ អំពី​សូហ្វវែរ និង​យន្តសាស្ដ្រ​ដែល​ជាប់​ទាក់ទង​នៅក្នុង​ដំណើរការ​ការបោះពុម្ព​រូប 3D​។

ក្រុមហ៊ុន Arc Hub បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៣ ដែល​ពី​ដំបូង​បង្កើត​ហាង​នៅក្នុង​សាកលវិទ្យាល័យ​ក្នុង​ស្រុក ដោយ​មាន​គោលបំណង​ផ្ដល់​អាជីវកម្ម​ក្នុង​ស្រុក​ដែល​ត្រូវការ​សម្ភារ​បោះពុម្ព​រូប​។

មិន​យូរ​ប៉ុន្មាន​វា​ក៏​ដឹង​ច្បាស់​ថា ការបោះពុម្ព​រូប 3D មិន​មាន​ការរីកចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​លោក Tran បាន​សង្ឃឹម​ទុក​ពី​មុន​នោះ​ទេ ប៉ុន្តែ​អាជីវកម្ម​នេះ​ភ្លាមៗ​បាន​ប្រែ​ក្លាយ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ទៅ​ជា​ការបង្រៀន​សហគ្រិន​វ័យក្មេង និង​ក្រុម​ចូលចិត្ត​បច្ចេកវិទ្យា​អំពី​កម្មវិធី​បោះពុម្ព​រូប 3D ។

លី ចាន់ពិសិដ្ឋ ​ជា​និស្សិត​ម្នាក់​ក្នុង​ចំណោម​និស្សិត​ជាច្រើន​នៅក្នុង​ថ្នាក់រៀន​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា រូបគេ​បាន​សម្រេច​ចិត្ត​ចូលរៀន ដោយសារ​តែ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ជួយ​នៅ​ក្នុង​ការងារ​ទីផ្សារ​របស់​ខ្លួន​។

ក្រោយ​ពី​បញ្ចប់​ថ្នាក់​នេះ​លោក លី បាន​ថ្លែង​ថា​លោក​នឹង​ត្រឡប់​ទៅ​និយាយ​បន្ថែម​ទៀត​ជាមួយ​លោក Tran អំពី​របៀប​ប្រើប្រាស់​ម៉ាស៊ីន​នេះ​ឲ្យ​បាន​ល្អ​បំផុត​។

សម្រាប់​និស្សិត​ផ្សេង​ទៀត​ដូចជា ម៉ុម លីហួរ មាន​កម្មវិធី​ជាក់ស្ដែង​ជាច្រើន​។ បងស្រី​របស់ ម៉ុម លីហួរ កំពុង​ដំណើរការ​អាជីវកម្ម​គ្រឿងអលង្ការ​ថ្មី​មួយ ហើយ​លោក​បាន​ថ្លែង​ថា ម៉ាស៊ីន​ព្រីនធ័រ​អាច​ជួយ​បង្កើន​ល្បឿន​ដំណើរការ​ការធ្វើ​គំរូ​សម្រាប់​ការបង្កើត​ថ្មី​។

លោក​ថ្លែង​ថា​៖ «​សម្រាប់​គ្រឿងអលង្ការ ជួនកាល​យើង​អាច​ប្រើប្រាស់​ក្រមួន 3D ដើម្បី​ធ្វើ​គំរូ​ចិញ្ចៀន​»​។ លោក​បន្ត​ថា​៖ «​វា​នឹង​ល្អ​ក្នុង​ការរៀន​ពី​របៀប​ប្រើប្រាស់​ម៉ាស៊ីន​ទាំងនេះ ដើម្បី​ធ្វើ​ការងារ​នោះ​»​។

លោក Tran បាន​កត់សម្គាល់​ថា ការបោះពុម្ព​ជា​រូប 3D ជារឿយៗ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ការផលិត​គ្រឿងអលង្ការ ហើយ​អាច​ជួយ​បង្កើន​ល្បឿន​ដំណើរការ​នៃ​ការធ្វើ​គំរូ​ក្រមួន​ផង​ដែរ​។ លោក​ថ្លែង​ថា​៖ «​ការបោះពុម្ព​ជា​រូប 3D ត្រូវ​បាន​ប្រើប្រាស់​ច្រើន​សម្រាប់​ការផលិត​គ្រឿងអលង្ការ​»​។ លោក​បន្ត​ថា​៖ «​ជាងទង​ធ្លាប់​ប្រើប្រាស់​ដើម្បី​បំបែក​ការ​រចនា​ក្រមួន​ទាំង​នេះ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ព្រីន​រូប​ 3D វា​ត្រូវការ​រយៈពេល​ ២-៣ ម៉ោង​ប៉ុណ្ណោះ​»​។

ម៉ាស៊ីន​ព្រីន​រូប 3D របស់​ក្រុមហ៊ុន Arc Hub Pnh បាន​ជួយ​អាជីវកម្ម​បង្កើត​ថ្មី​ចំនួន​​ ២ ​រួច​មក​ហើយ​នៅ​ប្រទេស​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ​។

លោក​ ឯម ចាន់រិទ្ធីកុល ស្ថាបនិក​ក្រុមហ៊ុន Doy Doy ជា​ក្រុមហ៊ុន​ឧបករណ៍​ក្មេង​លេង​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ព្រីន​រូប​ 3D បាន​សន្មត​ភាព​ជោគជ័យ​របស់​លោក​ដោយសារ​ថ្នាក់រៀន​មួយ​ដែល​បាន​រៀន​នៅ Trybe កាលពី​ឆ្នាំ​មុន​។ ក្រុមហ៊ុន​នេះ​បាន​ជួយ​បង្រៀន​បច្ចេកទេស​បោះពុម្ព​រូប 3D ដល់​សហគ្រិន​វ័យ​ក្មេង​ដែល​បាន​ចាប់ផ្ដើម​ការបោះពុម្ព​រូប 3D​។

លោក Tran បច្ចេកវិទ្យា​បាន​បង្ហាញ​ពី​ឱកាស​ក្នុង​ការ​ធ្វើ​បដិវត្តន៍​ភាព​ខុសគ្នា​នៃ​អាជីវកម្ម និង​វិស័យ​ជាច្រើន​៕LA