ភ្នំពេញ: ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នឹង​បញ្ចេញ​ឥណទាន​ចំនួន​ ៣០ ​លាន​ដុល្លារ​បន្ថែមទៀត​ សម្រាប់​អាជីវកម្ម​ស្រូវ​អង្ករ​នៅ​កម្ពុជា​ចាប់ពី​ខែក្រោយ​នេះ ដើម្បី​ជាដើម​ទុន​ប្រមូល​ទិញស្រូវ​បង្កើន​សន្និធិ ដែល​ធ្វើ​ឱ្យ​ទុន​ក្នុង​វិស័យ​ស្រូវ​អង្ករ​ឡើងដល់​ជាង​ ២០០ ​លាន​ដុល្លារ​។

លោក កៅ ថាច អគ្គនាយក​ ARDB បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃអាទិត្យ​ថា ការបញ្ចេញ​ថវិកា​បន្ថែម​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទុន​របស់​ម្ចាស់​សហគ្រាស​រោង​ម៉ាស៊ីន​កិនស្រូវ​នៅក្នុង​រដូវ​ប្រមូលផល​សម្រាប់​ខែវិច្ឆិកា​ និង​ធ្នូ​ខាងមុខនេះ​។

លោក​ថ្លែងថា​៖ «​តាម​ផែនការ​យើង​នឹង​បញ្ចេញ​ឥណទាន​នេះ​ក្នុង​ខែវិច្ឆិកា ព្រោះ​ជា​រដូវ​ប្រមូលផល​ស្រូវ​សែន​ក្រអូប និង​ផ្ការំដួល យើង​សង្ឃឹម​ថា មូលនិធិ​នេះ​នឹង​ជួយ​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ទិញស្រូវ​បាន​ច្រើន​ពី​កសិករ​»​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ដែល​ផ្តល់​ឥណទាន​បន្ថែមទៀត​តាម​ការស្នើសុំ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទុន​នា​រដូវ​ប្រមូលផល​ខាងមុខនេះ​។ ឥណទាន​នេះ​នឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​ដែល​ជួប​បញ្ហា​កង្វះ​ទុន​បង្វិល​ពេល​ប្រមូលផល​ស្រូវ​។

លោក​ថ្លែងថា​៖ «​យើង​អបអរសាទរ​ដែល​រដ្ឋាភិបាល​នឹង​បញ្ចេញ​ឥណទាន​បន្ថែមទៀត​ដែល​វា​នឹង​ជួយផ្តល់​លទ្ធភាព​ឱ្យ​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​ទិញស្រូវ​បន្ថែមទៀត​។ សមាជិក​របស់​យើង​ជួប​បញ្ហា​កង្វះ​ទុន​ស្ទើរតែ​គ្រប់គ្នា ហើយ យើង​គ្រាន់តែ​ស្នើ​ខ្ចី​ទុន​បន្ថែម​ដោយ​ផ្អែក​ទៅតាម​ស្ថានភាព​ទីផ្សារ​នាំចេញ​អង្ករ​ប៉ុណ្ណោះ​។ ប្រសិន​បើ​ទីផ្សារ​អង្ករ​មិនសូវ​ល្អ​យើង​ក៏​មិន​ហ៊ាន​ស្នើសុំ​កម្ចី​ច្រើន​បន្ថែមទៀត​ដែរ​»​។

លោក ឃី ឆៃវ៉ាត់ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​រោង​ម៉ាស៊ីនកិនស្រូវ​អេមរុរ៉ាយស៍ ប្រចាំខេត្ត​បាត់ដំបង​សង្ឃឹមថា ការបញ្ចេញ​ថវិកា​នេះ​នឹង​ចំ​ពេល​ដែល​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ភាគច្រើន​ត្រូវការ​ទុន​សម្រាប់​ទិញស្រូវ​នៅក្នុង​រដូវ​ប្រមូលផល​ខាងមុខនេះ​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​យល់ថា​រាល់​ការបញ្ចេញ​ថវិកា​នេះ​វា​ចំ​ទិសដៅ​របស់​រោង​ម៉ាស៊ីន​កិនស្រូវ​ដែល​ត្រូវការ​ទុន​នៅពេល​នេះ​គ្រាន់តែ​ថា​តើ​ថវិកា​នេះ​ប្រើប្រាស់​ចំ​គោលដៅ​ ឬ​ក៏​អត់​ទេ​អ៊ីចឹង​យើង​ត្រូវ​ការធ្វើ​សវនកម្ម​ឱ្យបាន​ពិតប្រាកដ​»​។

លោក​បាន​បន្ថែមថា គ្រោះទឹកជំនន់​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការប្រមូលផល និង​ទិន្នផល​ស្រូវ​យ៉ាងខ្លាំង​នៅតាម​ខេត្តពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​ដែល​បាន​រងផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំនន់​ទឹកភ្លៀង​។

លោក​បញ្ជាក់​៖ «​រោង​ម៉ាស៊ីនកិនស្រូវ​មួយចំនួន​ប្រឈម​នឹង​ជន់លិច​នៅ​ខេត្តបន្ទាយមានជ័យ ហើយ​ប្រសិន​បើ​ស្រូវ​ខូចខាត​ទៀត​វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម​»​។

បើ​តាម​លោក កៅ ថាច គិត​មកដល់​ពេល​នេះ​រដ្ឋាភិបាល​បាន​បញ្ចេញ​ឥណទាន​ជិត ២០០ លាន​ដុល្លារ​ ហើយ​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ទុន​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​។

របាយការណ៍​ CRF ​បង្ហាញថា រយៈពេល​ ៩ ​ខែ​ កម្ពុជា​ទទួល​បាន​ចំណូល​ពី​ការនាំចេញ​អង្ករ​ចំនួន​ជាង​ ៣២៨ ​លាន​ដុល្លារ​កើន​ ១០,៤៣ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​មាន​ ២៩៧ ​លាន​ដុល្លារ​៕ LA