ភ្នំពេញៈ ធនាគារ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ (ARDB) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នឹងសិក្សា​សំណើ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ក្នុងការ​បង្កើន​ទុន​កម្ចី​ពិសេស​ពី​រដ្ឋាភិបាល ដើម្បី​ប្រមូល​ទិញស្រូវ​នៅ​រដូវ​ប្រមូលផល​ខាងមុខនេះ ដែលជា​វិធានការ​មួយ​ដើម្បី​សម្រេចបាន​តាម​ទិសដៅ​នាំចេញ​ប្រមាណ​ ៨០០ ០០០ ​តោន​នៅ​ឆ្នាំនេះ​។

លោក សុង សារ៉ន ប្រធាន CRF បាន​ចូលរួម​ប្រជុំ​ជាមួយ​ប្រធាន​ធនាគារ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ (ARDB) កាលពី​ថ្ងៃ​ពុធ ពិភាក្សា​អំពី​ស្ថានការ​បច្ចុប្បន្ន​នៃ​ទីផ្សារ​ស្រូវ​អង្ករ និង​ការប្រមូល​ផល ដើម្បី​សិក្សា​ពី​លទ្ធភាព​នៃ​ការផ្ដល់​ទុនកម្ចី​ពី​រដ្ឋាភិបាល​ក្នុង​រដូវកាល​ប្រមូលផល​ស្រូវ​ខាង​មុខ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ដោយសារ​តែ​រដូវ​ប្រមូលផល​នឹង​មកដល់​នៅពេល​ខ្លី​ខាងមុខនេះ ទាមទារ​ឲ្យ​មានការ​បង្កើន​កម្ចី​បន្ថែមទៀត​ដល់​វិស័យ​ស្រូវ​អង្ករ ដើម្បី​ផ្តល់​លទ្ធភាព​មាន​មូលនិធិ​គ្រប់គ្រាន់​ដើម្បី​ទិញស្រូវ​ពី​កសិករ​។

លោក​លើកឡើង​ថា​៖ «​យើង​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​ដែល​បន្ត​បញ្ចេញ​កម្ចី​ពិសេស​សម្រាប់​វិស័យ​ស្រូវ​អង្ករ ដើម្បី​ប្រមូលស្រូវ​ពី​កសិករ ដើម្បី​ធ្វើឲ្យ​មាន​ស្ថិរភាព​ដល់​តម្លៃ​ស្រូវ​។ ដូច្នេះ​សម្រាប់​រដូវ​ប្រមូលផល​នឹង​ចូល​មកដល់​ក្នុងពេល​ឆាប់ៗ យើង​បាន​ស្នើ​ទៅ​ធនាគារ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​ឲ្យ​លើកយក​សំណើ​របស់​យើង​នៃ​ការបង្កើន​ទំហំ​កម្ចី​ពិសេស​ទៅ​រដ្ឋាភិបាល ដោយសារ​តែ​នៅ​ឆ្នាំនេះ យើង​គ្រោង​នឹង​នាំចេញ​ប្រហែល ៨០០ ០០០ ​តោន ដូច្នេះ​វា​ទាមទារ​ឲ្យ​យើង​ត្រូវមាន​ប្រាក់​ចន្លោះ​ពី​ ៨០ ​ទៅ​ ១០០ ​លាន​ដុល្លារ ដើម្បី​សម្រេចបាន​តាម​ទិសដៅ​នាំចេញ​»​។

ជាមួយ​គ្នា​នេះ​ដែរ CRF ក៏បាន​ស្នើ​ទៅ ARDB ចំពោះ​ការស្នើសុំ​លើ​ការពន្យារពេល​ការកំណត់​ពេលវេលា​នៃ​ការសង​កម្ចី យ៉ាង​ហោចណាស់​ ១២ ​ខែ ដើម្បី​អាច​ឲ្យ​ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការទិញស្រូវ​ពី​កសិករ និង​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការសង​ប្រាក់កម្ចី​។

លោក កៅ ថាច ប្រធាន ARDB បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លោក​នឹងសិក្សា​លើ​សំណើ​នេះ ជាពិសេស​លោក​នឹងសិក្សា​អំពី​ទិន្នផល​នៅក្នុង​រដូវ​ប្រមូលផល​ខាងមុខនេះ​។

លោក​បញ្ជាក់ថា​៖ «​យើង​ចាំបាច់​ត្រូវ​សិក្សា​អំពី​ទិន្នផល​នៃ​ការប្រមូលផល​សម្រាប់​រដូវ​ប្រមូលផល​ខាងមុខនេះ​សិន មុន​នឹង​យើង​ដាក់សំណើ​ទៅ​រដ្ឋាភិបាល​សម្រាប់​ការបង្កើន​ទំហំ​កម្ចី​»​។

លោក​ថ្លែងថា​៖ «​យើង​ចាំបាច់​ត្រូវ​យល់ដឹង​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​ទិន្នផល​ប្រមូលផល​នៅពេល​ខាងមុខ​តម្រូវ​ឲ្យ​យើង​បង្កើន​កម្ចី​បន្ថែមទៀត​សម្រាប់​វិស័យ​ស្រូវ​អង្ករ​ឬ​អត់​?»​។

លោក​បន្ថែមថា នៅពេល​ការសិក្សា​បញ្ចប់ លោក​នឹង​ដាក់សំណើ​ទៅ​រដ្ឋាភិបាល ទាំង​ការបង្កើន​ទំហំ​កម្ចី និង​ពេលវេលា​សម្រាប់​ការសង​។

កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង​ ៤២៦ ០៧៣ តោន​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​រយៈពេល​ ៧ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ ដោយ​កើនឡើង​ជាង​ ៣៨ ​ភាគរយ ធៀប​នឹង​ ៣០៨ ០១៣ តោន​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ប្រទេស​ចិន​នៅតែ​ជា​ទីផ្សារ​ធំជាងគេ​សម្រាប់​អង្ករ​កម្ពុជា​ដោយ​នាំចូល​ ១៥៥ ៣២៧ ​តោន​ ស្មើនឹង​ ៣៦,៤៦ ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុជា ខណៈ​ដែល​ទីផ្សារ​អឺរ៉ុប​បាន​នាំចូល​ ១៤៤ ២៤៧ តោន​ (៣៣,៨៥ ​ភាគរយ​) តំបន់​អាស៊ាន​បាន​នាំចូល​ ៥៧ ០៦៤ តោន (១៣,៣៩ ​ភាគរយ​) និង​ទិសដៅ​ផ្សេងទៀត​មាន​ចំនួន ៦៩ ៤៣៥ ​តោន (១៦,៣ ​ភាគរយ​)​។

ទិន្នន័យ​បង្ហាញ​ដែរ​ថា កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ ៦២០ ១០៦ ​តោន ធ្លាក់ចុះ​ ០,៩៧ ​ភាគរយ​ធៀប​នឹង​ ៦២៦ ២២៥ ​តោន​កាលពី​ឆ្នាំ​ ២០១៨៕ LA