ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បាន​បញ្ចេញ​មូលនិធិ​ ៥០ ​លាន​ដុល្លារ​ ជា​ផ្លូវការ​សម្រាប់​ការផ្ដល់​កម្ចី​ដល់​សហគ្រាស​ធុនតូច និង​មធ្យម (SME) នៅក្នុង​វិស័យ​កសិឧស្សាហកម្ម​។

ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​សមាគម​សហគ្រិន​ស្ដ្រី​កម្ពុជា (CWEA) សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) និង​សមាគម​អ្នកវិនិយោគ​កម្ពុជា (CIC) កាលពី​ថ្ងៃ​ចន្ទ លោក កៅ ថាច អគ្គនាយក RDB បាន​ឲ្យ​ដឹងថា SME អាច​ខ្ចីប្រាក់​បាន​រហូត​ដល់​ ៣០០ ០០០ ​ដុល្លារ​ ជាមួយ​នឹង​អត្រា​ការប្រាក់​ ៦ ​ភាគរយ​សម្រាប់​ទុន​បង្វិល និង​ ៦,៥ ​ភាគរយ​សម្រាប់​ទុនវិនិយោគ​ក្នុង​ ១ ​ឆ្នាំ​។

លោក កៅ ថាច បាន​ឲ្យ​ដឹងថា SME ជាង​ ៥០០ ០០០ នៅ​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​មូលនិធិ​នេះ ហើយ SME អាច​ស្នើសុំ​មូលនិធិ​នេះ​ចាប់ពីពេលនេះ​តទៅ​។ លោក​ថ្លែងថា​៖ «​មូលនិធិ​នេះ​មាន​បំណង​ក្នុង​ការបង្កើន​ចង្វាក់​ផលិត និង​ដើម្បី​រក្សា​សមត្ថភាព​ប្រកួតប្រជែង​នៅក្នុង​វិស័យ SME​។ RDB នឹង​ផ្ដល់​កម្ចី​មាន​អត្រា​ការប្រាក់​ទាប និង​ហានិភ័យ​ទាប​ពេល​សង​ត្រឡប់​»​។

លោកស្រី អេង លីគង់ ប្រធាន​សមាគម​សហគ្រិន​ស្ដ្រី​កម្ពុជា (CWEA) បាន​ឲ្យ​ដឹងថា ខណៈ​លទ្ធភាព​ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន​របស់ SME នៅមានកម្រិត [​មូលនិធិ​នេះ​] នឹងធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​សម្រាប់ SME ក្នុងការ​ទទួល​បាន​ហិរញ្ញប្បទាន​។ លោកស្រី​បន្តថា​៖ «​ខ្ញុំ​គិតថា​ប្រាក់​ ៣០០ ០០០ ​ដុល្លារ​ នឹង​ជួយ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​»​។

របាយការណ៍​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​បានចេញ​ផ្សាយ​កាលពី​ខែសីហា​បាន​ឲ្យ​ដឹងថា សហគ្រិន​ស្ដ្រី​របស់​ប្រទេស​កម្ពុជា​បន្ត​ជួប​ការពិបាក​ដោយសារ​តែ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ​នៅមាន​កម្រិត​សម្រាប់​ការពង្រីក​អាជីវកម្ម​។ មានតែ​ ៣ ​ភាគរយ​ប៉ុណ្ណោះ​មានលទ្ធភាព​ទទួលបាន​ឥណទាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​។

របាយការណ៍​នេះ​ប៉ាន់ប្រមាណ​ថា តម្រូវការ​ឥណទាន​ពី​សហគ្រិន​ស្ដ្រី​បច្ចុប្បន្ន​មាន​ចំនួន​ ៤,២ ​ពាន់​លាន​ដុល្លារ​ ស្មើនឹង​ជិត​ ៦៣ ​ភាគរយ​ នៃ​ថវិកាជាតិ​សម្រាប់​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៦,៧ ​ពាន់​លាន​ដុល្លារ​ របស់​ប្រទេស​ កម្ពុជា​។

ការអង្កេត​មួយ​ដោយ​ក្រសួង​ឧស្សាហកម្ម​ក្នុង​ចំណោម​​សហគ្រាស​ ៧១ នៅ​កម្ពុជា​បាន​រកឃើញថា ពួកគេ​ត្រូវការ​ជំនួយ​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ ការអភិវឌ្ឍ​សេវា ការវេចខ្ចប់ ការទទួលយក​បច្ចេក​វិទ្យា ធនធាន​មនុស្ស ការទទួលបាន​កម្លាំង​ពលកម្ម ការទទួលបាន​ហិរញ្ញវត្ថុ ការចុះបញ្ជី​អាជីវកម្ម ការបង់ពន្ធ និង​ការកែលម្អ​ស្ដង់ដា​អនាម័យ​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា ជា ធនាគារ SME ដែល​មាន​ដើមទុន​ដំបូង​ ១០០ ​លាន​ដុល្លារ​ត្រូវ​បាន​រំពឹងថា​នឹង​ចាប់ផ្ដើម​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ លោក​ថ្លែងថា​៖ «​យើង​កំពុង​រង់ចាំ​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​យើង​នឹង​ចាប់ផ្ដើម​ដំណើរការ​ក្នុងពេល​ឆាប់ៗ​។ ធនាគារ​នេះ​មាន​គោលបំណង​ក្នុងការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់ SME ក្នុងស្រុក​ជាមួយ​នឹង​អត្រា​ការប្រាក់​ទាប​»៕LA