ភ្នំពេញៈ ​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB ) ដែល​ជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​កំពុង​ពិចារណា​ពី​ការទម្លាក់​អត្រា​ការប្រាក់​ពី ៦ ​ភាគរយ​មក​ត្រឹម ៥ ​ភាគរយ ដើម្បី​គាំទ្រ​សហគ្រិន​ខ្នាតតូច​ឲ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត ក្នុង​ការចូលរួម​អនុវត្ត​កម្មវិធី​ឥណទាន​ពិសេស​របស់​រដ្ឋាភិបាល​ដែល​មាន​ទំហំ​ទឹកប្រាក់ ៥០ ​លាន​ដុល្លារ​។

លោក កៅ ថាច អគ្គនាយក ARDB បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ឥណទាន​ដល់​កសិករ​ចិញ្ចឹម​ត្រី មាន់ ទា និង​កសិករ​ដាំ​បន្លែ​ប្រមាណ ២៥០ ​នាក់​ក្នុង​ខេត្ត​កណ្តាល​កាលពី​សប្តាហ៍​មុន​ថា ARDB កំពុង​ពិចារណា​ទម្លាក់​អត្រា​ការប្រាក់​មក​នៅត្រឹម ៥ ​ភាគរយ​ដើម្បី​គាំទ្រ​ដល់​ប្រជាកសិករ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ការកំណត់​អត្រា​ការប្រាក់​ខាងលើ​នេះ​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​កំពុង​ពិចារណា​ទម្លាក់​មក​ត្រឹម ៥ ​ភាគរយ​ប្រចាំ​ឆ្នាំ​វិញ ប្រសិនបើ​មាន​ការចង្អុលបង្ហាញ និង​ណែនាំ​ពី​ថ្នាក់ដឹកនាំ​»​។

ARDB បាន​បញ្ចេញ​មូលនិធិ​ ៥០ ​លាន​ដុល្លារ​ជា​ផ្លូវការ​កាលពី​ខែមីនា សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ក្នុង​អត្រា​ការប្រាក់​ទាប​។ បច្ចុប្បន្ន ARDB បាន​ផ្តល់​កម្ចី​ចាប់ពី ១០ ០០០-៣០០ ០០០ ​ដុល្លារ​ ជាមួយ​នឹង​អត្រា​ការប្រាក់ ៦ ​ភាគរយ​សម្រាប់​ទុន​បង្វិល និង ៦,៥ ​ភាគរយ​ សម្រាប់​ទុនវិនិយោគ​ក្នុង​រយៈពេល ១ ​ឆ្នាំ​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ទ្រព្យធានា​ឥណទាន​ក្រោម​កម្មវិធី​ហិរញ្ញ​ប្បទាន​ពិសេស​នេះ ARDB អាច​ផ្តល់​ជូន​រហូតដល់ ៨០ ​ភាគរយ​ នៃ​តម្លៃ​ទ្រព្យ​ធានា​បំណុល​។ លោក​បញ្ជាក់ថា​៖ «​ការទទួល​យក​ទ្រព្យ​ធានា​បំណុល​នឹង​មាន​ភាពបត់បែន​ដោយ​យើង​នឹង​ទទួល​ទ្រព្យ​ធានា​ឥណទាន រួមមាន ឧបករណ៍ និង​គ្រឿង​ម៉ាស៊ីន សន្និធិ លិខិតធានា​សងបំណុល​ពី​ភាគី​ទិញ ឬ​លិខិត​ធានា​ផ្សេងៗ វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ​ក្រៅពី​អចលនទ្រព្យ​»​។

នៅក្នុង​សិក្ខាសាលា​នោះ​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ស្នើសុំ​ឲ្យ ARDB ធ្វើការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​អនុគ្រោះ​មួយ​ចំនួន​ក្នុង​ការផ្តល់​ឥណទាន​ដល់​ប្រជាកសិករ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ពួកគេ​ធ្វើការ​ពង្រីក​អាជីវកម្ម​បន្ថែម​ក្នុង​អំឡុង​ពេលនេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្នើ​ឲ្យ​មាន​ការបន្ថយ​អត្រា​ការប្រាក់​ដល់​កសិករ​ដែល​ទទួល​បាន​ឥណទាន​សម្រាប់​យក​ទៅ​ប្រក​បរបរ ហើយ​សូម​ស្នើ​ឲ្យ​មាន​ការយោគយល់​ក្នុង​ការបង់ប្រាក់​ស្ថិតក្នុង​ស្ថានភាព​មានការ​ឆ្លង​ជំងឺ​កូវីដ​១៩ ស្រប​តាម​គោលការណ៍​ប្រមុខ​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា​»​។

បើតាម​លោក កៅ ថាច គិត​មកដល់​ពេល​នេះ ARDB កំពុង​ធ្វើការ​ពិនិត្យមើល​លើ​ពាក្យស្នើសុំ​កម្ចី​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន​ ៧ ចាប់​តាំងពី​ធនាគារ​នេះ​បញ្ចេញ​មូលនិធិ ៥០ ​លាន​ដុល្លារ​ជា​ផ្លូវការ​សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​នៅក្នុង​វិស័យ​កសិឧស្សាហកម្ម​។ លោក​បន្តថា សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងនោះ​បាន​ដាក់​ពាក្យស្នើសុំ​កម្ចី​ក្នុង​ទំហំ ២០០ ០០០ ដុល្លារ​ដូចៗ​គ្នា​។

ជាមួយ​គ្នា​នេះ​រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (SME Bank) ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មាន​ជាង​ ៥០០ ០០០ ដោយ​រដ្ឋាភិបាល​បាន​បញ្ចេញ​សហហិរញ្ញប្បទាន ១០០ ​លាន​ដុល្លារ និង​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ដើម​ខែ​មេសា​នេះ​។

បច្ចុប្បន្ន SME Bank បាន​ពង្រីក​ទុន​របស់​ខ្លួន​រហូត​ដល់​ជិត ១៥០ ​​លានដុល្លារ ដោយសារ​មាន​ការបន្ថែម​ដើមទុន​ថ្មី​ពី​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង ៣៣ ដែល​បាន​កើន​ដល់​ប្រមាណ ៩៧,៥ ​លាន​ដុល្លារ​។

យោងតាម​ការស្ទង់មតិ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍​ទៅលើ​ម្ចាស់​អាជីវកម្ម ៧១ ដោយ​រកឃើញ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវការ​ជំនួយ​សម្រាប់​ការស្រាវជ្រាវ ការអភិវឌ្ឍ​សេវា ការវេចខ្ចប់ បច្ចេកវិទ្យា ធនធាន​មនុស្ស ហិរញ្ញវត្ថុ ការចុះបញ្ជី​អាជីវកម្ម​ពន្ធដារ និង​ការលម្អ​ស្តង់ដា​អនាម័យ​៕ LA