
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ហុង មិនា
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រំពឹងនឹងទទួលបានឥណទានពិសេស ៣០ លានដុល្លារ បន្ថែមពីរដ្ឋាភិបាលសម្រាប់បន្តផ្តល់កម្ចីឱ្យដល់សហគ្រាសខ្នាតតូច និងមធ្យមដើម្បីធ្វើឱ្យប្រសើរនូវសកម្មភាពអាជីវកម្មក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩។
ការរំពឹងនេះកើតឡើងបន្ទាប់ពី ARDB បានដាក់សំណើទៅរដ្ឋាភិបាលស្នើសុំទម្លាក់ឥណទានពិសេស ៣០ លានដុល្លារ បន្ថែមទៀតកាលពីថ្មីៗនេះ។ ការស្នើសុំនេះត្រូវបានធ្វើឡើងបន្ទាប់ពី ARDB បញ្ចេញឥណទានពិសេសចំនួន ៥០ លានដុល្លារកាលពីដើមឆ្នាំនេះ។
លោក កៅ ថាច អគ្គនាយក ARDB ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា បន្ទាប់ពីឥណទានពិសេស ៥០ លានដុល្លារត្រូវបានបញ្ចេញអស់ ARDB សង្កេតឃើញថា អ្នកក្នុងវិស័យទាំងនេះនៅតែបន្តដាក់ពាក្យស្នើសុំកម្ចីជាបន្តបន្ទាប់ ដើម្បីបង្កើនការដាំដុះ និងពង្រីកអាជីវកម្មរបស់ពួកគេ។ លោកបន្ថែមថា អ្នកចិញ្ចឹមសត្វ អ្នកដាំបន្លែ ផ្លែឈើ និងវារីវប្បកម្ម ទទួលបានកម្ចីភាគច្រើននៃឥណទានពិសេស ៥០ លានដុល្លារ។
លោកបញ្ជាក់ថា៖ «យើងបានស្នើសុំថវិកា ៣០ លានដុល្លារបន្ថែម ព្រោះមានតម្រូវការកាន់តែច្រើន។ យើងបន្តលើកទឹកចិត្តដល់កសិករដែលត្រូវការដើមទុនឱ្យទាក់ទងមក ARDB ដើម្បីទទួលបានឥណទាននេះ»។
លោកអគ្គនាយកបានបន្ថែមថា នេះជាការចូលរួមចំណែករបស់ ARDB ជាមួយគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញលើកទឹកចិត្តឱ្យបង្កើនការផលិតកសិផលក្នុងស្រុកដែលធានាដល់សន្តិសុខស្បៀង ជាពិសេសបង្កើនសមត្ថភាពសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។
លោក លីម សុខហេង ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឱ្យដឹងថា លោកក៏ចាប់អារម្មណ៍ដាក់ពាក្យស្នើសុំកម្ចីពីធនាគារនេះដែរ ព្រោះមានអត្រាការប្រាក់ទាបបើធៀបនឹងធនាគារឯកជនផ្សេងៗទៀត។ លោកបន្តថា បើ រដ្ឋាភិបាលទម្លាក់ថវិកា ៣០ លានដុល្លារបន្ថែមទៀត វានឹងបន្តផ្តល់លទ្ធភាពដល់អ្នកចិញ្ចឹមត្រីក្នុងការទទួលបានកម្ចីសម្រាប់ពង្រីកអាជីវកម្មក្នុងអំឡុងពេលរងផលប៉ះពាល់ពីកូវីដ១៩។
លោកនិយាយថា៖ «ការស្នើសុំលុយនេះផ្តល់ឱកាសច្រើនដល់អ្នកត្រូវការដើមទុនសម្រាប់បន្តអាជីវកម្ម»។
យោងតាម ARDB មូលនិធិនេះមានបំណងបង្កើនចង្វាក់ផលិត និងដើម្បីរក្សាភាពប្រកួតប្រជែងនៅក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យមស្របពេលការរីករាលដាលជំងឺកូវីដ១៩ និងការបាត់បង់ផ្នែកខ្លះពី EBA។
ARDB បានឱ្យដឹងថា SME អាចខ្ចីប្រាក់បានរហូតដល់ ៣០ ម៉ឺនដុល្លារ ជាមួយនឹងអត្រាការប្រាក់ទាប។
រដ្ឋាភិបាលបានសម្រេចបញ្ចុះអត្រាការប្រាក់ពី ៦ ភាគរយមកនៅត្រឹម ៥ ភាគរយក្នុង ១ ឆ្នាំសម្រាប់ទុនបង្វិល និងពី ៦,៥ មក ៥,៥ ភាគរយសម្រាប់ទុនវិនិយោគដោយមិនគិតកម្រៃសេវាផ្សេងៗ។ ជាមួយគ្នានេះ រដ្ឋក៏បានកែសម្រួលរយៈពេលឥណទានអតិបរមាពី ៥ ទៅ ៧ ឆ្នាំសម្រាប់ទុនវិនិយោគ ខណៈរក្សាទុករយៈពេលខ្លីអតិបរមា ២ ឆ្នាំសម្រាប់ទុនបង្វិល៕ LA