ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) អាច​នឹង​បញ្ចេញ​ឥណទាន​ពិសេស​ចំនួន ២០ ​លាន​ដុល្លារ​ជា​លើកដំបូង ចាប់តាំងពី​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​នេះ​បានប្រកាស​បញ្ចេញ​មូលនិធិ​ ៥០ ​លាន​ដុល្លារ​ សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ក្នុង​វិស័យ​កសិឧស្សាហកម្ម​។

លោក កៅ ថាច អគ្គនាយក ARDB បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ARDB ទទួលបាន​ពាក្យស្នើសុំ​កម្ចី​ពី​សហគ្រាស​ខ្នាតតូច និង​មធ្យម​ចំនួន​ ១៥៣ ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ ២០ ​លាន​ដុល្លារ ដែល​ក្នុង​ចំណោម​នោះ ARDB បានអនុម័ត​រួចរាល់​ប្រមាណ ៥០ ​ម៉ឺន​ដុល្លារ ហើយ​សល់​ពី​នោះ​អនុម័ត​ជា​បន្តទៀត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ឥណទាន​នេះ​នឹង​ជួយ​បាន​ច្រើន​ដល់​វិស័យ​កសិកម្ម និង​បងប្អូន​ប្រជាកសិករ​។ យើង​នឹង​បន្ត​ចុះ​ផ្សព្វផ្សាយ​នៅតាម​មូលដ្ឋាន​បន្ថែមទៀត​ដើម្បី​ឲ្យ​គាត់​ដឹង និង​ទទួល​បាន​ឥណទាន​នេះ​»​។

ARDB បាន​បញ្ចេញ​មូលនិធិ​ ៥០ ​លាន​ដុល្លារ​ជា​ផ្លូវការ​កាលពី​ខែ​មីនា សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​នៅក្នុង​វិស័យ​កសិឧស្សាហកម្ម​ក្នុង​អត្រា​ការប្រាក់​ទាប​ដែល​សហគ្រិន​អាច​ខ្ចីប្រាក់​ចាប់ពី​ ១ ​ម៉ឺន​ដុល្លារ​ទៅ​ ៣០ ​ម៉ឺន​ដុល្លារ​ដើម្បី​យក​ទៅ​ពង្រីក​អាជីវកម្ម​។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើការ​បញ្ចុះ​អត្រា​ការប្រាក់​ពី​ ៦ ​ភាគរយ​មក​ត្រឹម​ ៥ ​ភាគរយ​ ក្នុង​ ១ ​ឆ្នាំ​សម្រាប់​ទុន​បង្វិល និង​ពី​ ៦,៥ ​ភាគរយ មក ៥,៥ ​ភាគរយ​ សម្រាប់​ទុនវិនិយោគ ដោយ​មិន​គិត​កម្រៃ​សេវា​ផ្សេងៗ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា រដ្ឋាភិបាល​ក៏​សម្រេច​កែសម្រួល​រយៈពេល​ឥណទាន​អតិបរមា​ពី ៥ ​ឆ្នាំ​ទៅ ៧ ​ឆ្នាំ​សម្រាប់​ទុនវិនិយោគ ខណៈ​រក្សាទុក​រយៈពេល​ខ្លី​អតិបរមា ២ ​ឆ្នាំ​សម្រាប់​ទុន​បង្វិល​។ ទន្ទឹមនឹង​នេះ​រដ្ឋ​ក៏​សម្រេច​បន្ត​មិន​អនុញ្ញាត​ឲ្យ​អតិថិជន​ដែល​​ទទួល​បាន​កម្ចី​ពី​កម្មវិធី​មូលនិធិ​ពិសេស យក​កម្ចី​ទៅ​ប្រើប្រាស់​ធ្វើ​បុនហិរញ្ញប្បទាន​ (Refinancing)​។

ជាមួយ​គ្នា​នេះ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែល​មិនទាន់​ចុះបញ្ជី​ផ្លូវការ​ក៏​អាចដាក់​ពាក្យស្នើសុំ​ឥណទាន​បានដែរ ដោយ​តម្រូវ​ឲ្យ​បំពេញ​លក្ខខណ្ឌ​ចុះបញ្ជី​តាម​ក្រោយ​ក្នុង​រយៈពេល​ ១ ​ខែ​បន្ទាប់ពី​ទទួល​បាន​ឥណទាន ខណៈ​រដ្ឋាភិបាល​បាន​ពង្រីក​វិសាលភាព​នៃ​ការផ្តល់​ឥណទាន​ដល់​បណ្តុំ​សហគ្រាស​ខ្នាតតូច និង​មធ្យម (SME Cluster) ដោយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រើប្រាស់​សេវា​បច្ចេកទេស​របស់​មជ្ឈមណ្ឌល​សហគ្រិន​ខ្មែរ (Khmer Entrepreneur) ​ដើម្បី​សម្រួល​ដល់​ការទទួល​បាន​ឥណទាន​នេះ​។

របាយការណ៍​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC) ​ដែល​ចេញផ្សាយ​កាលពី​ខែសីហា​ឆ្នាំមុន​បាន​ឲ្យ​ដឹងថា សហគ្រិន​ស្ដ្រី​នៅ​កម្ពុជា​បន្ត​ជួប​ការពិបាក​ដោយសារ​តែ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត​សម្រាប់​ការពង្រីក​អាជីវកម្ម​។ មានតែ​ ៣ ​ភាគរយ​ប៉ុណ្ណោះ​មាន​លទ្ធភាព​ទទួលបាន​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។

ការអង្កេត​មួយ​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុង​ចំណោម​សហគ្រាស ៧១ នៅ​កម្ពុជា​បាន​រកឃើញ​ថា ពួកគេ​ត្រូវការ​ជំនួយ​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ ការអភិវឌ្ឍ​សេវា ការវេចខ្ចប់ ការទទួល​យក​បច្ចេក​វិទ្យា ធនធានមនុស្ស ការទទួល​បាន​កម្លាំង​ពលកម្ម ការទទួល​បាន​ហិរញ្ញវត្ថុ ការចុះបញ្ជី​អាជីវកម្ម ការបង់ពន្ធ និង​កែលម្អ​ស្ដង់ដា​អនាម័យ​៕ LA