ភ្នំពេញៈ ភាគ​ហ៊ុន​ធនា​គារ​អេ​ស៊ី​លី​ដា​ ២៥​ ភាគ​រយ ​ដែល​កាន់​កាប់​ដោយ ASA អាច​នឹង​ត្រូវ​ចុះ​បញ្ជី​ជួញ​ដូរ​ជា​ផ្លូវ​ការ​នៅ​ផ្សារ​ភាគ​ហ៊ុន​​​កម្ពុជា​​នៅ​​ខែ​ក្រោយ​ ខណៈ​តំ​ណាង​ក្រុម​ហ៊ុន ​ASA ​​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ច​ន្ទ​​ថា ខ្លួន​​​បាន​បំ​ពេញ​លក្ខ​ខណ្ឌ​ស្ទើរ​​ទាំង​ស្រុង​​គិត​មក​ទល់​ពេ​ល​នេះ​​ដើ​ម្បី​បាន​ការ​អនុ​ញ្ញាត​ចុះ​បញ្ជី​ជួញ​ដូរ​ជា​ផ្លូវ​ការ។

លោក​ នេត​ ពិ​សិដ្ឋ​ ប្រ​ធាន​​ក្រុម​ប្រឹ​ក្សា​ភិ​បាល​ ASA ​​​ឲ្យ​ដឹង​​​ថា ASA បាន​បញ្ចប់​នី​តិ​វិ​ធី​​បោះ​ផ្សាយ​មូល​បត្រ​ជា​សា​ធារ​ណៈ​លើក​ដំ​បូង​ប្រ​ហែ​ល​ ៩៦ ​​ភាគ​រយ​​ហើយ​ និង​មាន​ទំនុ​ក​ចិត្ត​ថា ភាគ​ហ៊ុន​នេះ​នឹង​អាច​​ជួ​ញដូរ​ក្នុង​ផ្សារ​មូល​បត្រ​នៅ​ខែ​វិ​ច្ឆិ​កា​។​

លោក​បន្ត​ថា ការ​ងារ​ដែល​នៅ​​សល់​គឺ​គ្រាន់​តែ​អំ​ពី​ការ​កំ​ណត់​​តម្លៃ​ភាគ​ហ៊ុន ត្រូវ​ចុះ​បញ្ជី​នៅ​ CSX មុន​ពេល​ដាក់​​បញ្ចូល​ការ​សម្រេច​ចិត្ត​ទៅ​ក្នុង​ឯក​សារ​បង្ហាញ​ ដើ​ម្បី​ស្វែង​រក​ការ​យល់​ព្រម​ពី​គណៈ​កម្ម​កា​រ​មូល​បត្រ​កម្ពុជា (SECC) តែ​ប៉ុ​ណ្ណោះ​​។​

លោក​ថ្លែង​ថា​៖ ​«​ការ​ដាក់​​លក់​ភាគ​ហ៊ុន​របស់​ ASA គឺ​​ជា​​ការ​ទន្ទឹង​របស់​សា​ធា​រណ​ជន​ដែល​​​ចង់​មាន​​​ឱ​កាស ​រក​ស៊ី​ជា​មួយ​ធ​នា​គារ​អេស៊ី​លី​ដា​។ ឆាប់​ៗ​​ខាង​មុខ​ ​ពួក​​គាត់​អាច​​​​ដាក់​ទុន​វិ​និ​យោគ​ក្នុង​រូប​ភាព​​ [ទិញ​លក់​ភាគ​ហ៊ុន​] នេះ​វិញ​ បើ​​សិ​ន​​​គាត់​មិន​ចង់​បាន​វិនិ​យោគ​តាម​ការ​ដាក់​ប្រាក់​បញ្ញើ​»​​។

លោក​ ពិ​សិដ្ឋ ​បាន​បញ្ជាក់​ថា​ ASA នឹង​ចុះ​បញ្ជី​ភាគ​ហ៊ុន​ទាំង​អស់​របស់​ខ្លួន​នៅ​ CSX ប៉ុ​ន្តែ​​បាន​​ថ្លែង​ថា ​លោក​មិន​អាច​បង្ហាញ​ព័ត៌​មាន​លម្អិត​អំ​ពី​តម្លៃ​ភាគ​ហ៊ុន​នៅ​ឡើយ​ទេ ​ដោយ​សារ​តែ​វា​កំ​ពុង​ស្ថិត​ក្រោម​ការ​ពិ​ភា​ក្សា​ជា​មួយ​​ក្រុម​អ្នក​ជំ​នាញ​ រួម​មាន​ក្រុម​ហ៊ុន​ធា​នា​ទិញ​មូល​បត្រ​ ASA ​ខ្លួន​ឯង​ និង​ក្រុម​ការ​ងារ​របស់​ CSX។​

ក្រុម​ហ៊ុន ASA Plc ត្រូវ​បាន​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ ​២​០០០ ដោយ​គ្រប់​គ្រង​ភាគ​ហ៊ុន​​ជាង​ ២៥ ​ភាគ​រយ នៅ​ក្នុង​ធនា​គារ​អេ​ស៊ី​លី​ដា ​ជាមួយ​នឹង​​ភាគ​ទុ​និក​ជាង ១០ ​០០០ ​នាក់ ភាគ​ច្រើន​ជា​បុគ្គ​លិក​របស់​អេ​ស៊ី​លី​ដា​។​

រាល់​គ្រឹះ​ស្ថាន​ហិ​រញ្ញ​វត្ថុ​ដែល​ចង់​បោះ​ផ្សាយ​មូល​បត្រ​លក់​ក្នុង​ផ្សារ​ហ៊ុន​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ធ​នា​គា​រ​ជាតិ​នៃ​កម្ពុជា ​ដែល​តម្រូវ​ឲ្យ​បោះ​ផ្សាយ​ភាគ​ហ៊ុន​ ២០ ​ភាគ​រយ​នៃ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ និង​មូល​បត្រ​បំ​ណុល​មិន​ឲ្យ​លើស​ពី​​ ២០ ​ភាគ​រយ​នៃ​ទ្រ​ព្យ​ស​កម្ម​សរុប។

លោក​ នេត ​ពិ​សិដ្ឋ​ ​ឲ្យ​ដឹង​​​ថា ASA ​មិន​​​​មែន​ជា​​គ្រឹះ​ស្ថាន​​ហិរ​ញ្ញវត្ថុ​​​ទេ​ ប៉ុន្តែ​​ជា​​ក្រុម​ហ៊ុន​​ភា​គ​ទុ​និក​របស់​​​អេ​ស៊ី​លី​ដា​ ដូ​ច្នេះ​​​​ក្រុម​ហ៊ុន​នេះ​គ្រាន់​តែ​ជូន​ដំ​ណឹង​​ទៅ​​ NB​C​ ដែល​កិច្ច​ការ​នេះ​​​ក្រុម​ហ៊ុន​​​​បាន​ធ្វើ​​រួច​ហើយ​។​

លោក ​ល្មុន​សូ​ឡី ​ប្រ​ធាន​នា​យក​ដ្ឋាន​ចុះ​បញ្ជី និង​ផ្ដល់​ព័ត៌​​មាន​នៃ​ផ្សារ​មូល​បត្រ​កម្ពុជា ​បាន​​ឲ្យ​ដឹង​​​ថា ​ការ​កំ​ណត់​តម្លៃ​ភាគ​ហ៊ុន​របស់​ ASA ត្រូវ​បាន​ពិ​ភា​ក្សា​យ៉ាង​​សំ​ខាន់​ខណៈ​ CS​X ចង់​ធា​នា​ឲ្យ​ប្រាក​ដ​ថា​ ការ​កំ​ណត់​តម្លៃ​គឺ​សម​ហេតុ​ផល​សម្រាប់​​សា​ធារ​ណ​ជន​។

លោក​ថ្លែង​ថា​៖​ «​មាន​ការ​បា​រម្ភ​ខ្លះ​ដែរ​​ថា​ តម្លៃ​ភាគ​ហ៊ុន​អាច​ធ្លាក់​ចុះ​ដោយ​សារ​ថា​អ្នក​ដែល​កំ​ពុង​កាន់​កាប់​ភាគ​ហ៊ុន​ស្រាប់​ [របស់​ ASA] អាច​នឹង​ប្រ​ញាប់​ប្រ​ញាល់​ក្នុង​ការ​លក់​ភាគ​ហ៊ុន​ដើ​ម្បី​បាន​ប្រាក់​ចំ​ណេ​​ញ​ពី​ការ​ឡើង​ថ្លៃ​ហ៊ុន​ធៀប​នឹង​ពេល​ទិញ​»។

តែ​លោក​បន្ថែម​ថា​៖​ «​យ៉ាង​ណា​ ភាព​ជាក់​ស្តែ​ង​សម្រាប់​រយៈ​ពេល​វែង ​ពួក​​គេ​អាច​​ទទួល​បាន​តម្លៃ​កាន់​តែ​ខ្ពស់​​ ​និង​ប្រាក់​ចំ​ណេញ​កាន់​តែ​ច្រើន​​​​ដោយ​សារ​ថា​​ អេ​ស៊ី​លី​ដា​ នឹង​​បន្ត​រីក​ចម្រើន​នា​ពេល​អនា​គត​​»៕ LA ​